ជាតិ
រយៈពេល ៣​ថ្ងៃ មន្ទីរពេទ្យ​គន្ធបុប្ផា​ពិនិត្យ​ព្យាបាល​កុមារ និង​ស្ត្រី​ជាង ៤​ពាន់​នាក់ ​
22, Sep 2017 , 6:00 pm        
រូបភាព
​ភ្នំពេញ​៖ រយៈពេល​៣​ថ្ងៃ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ  ចាប់ពី​ថ្ងៃទី ១៩-២១ កញ្ញា​នេះ មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ និង​ខេត្តសៀមរាប បានទទួល​កុមារ និង​ស្ត្រី​ជាង ៤០០០​នាក់ សម្រាប់​ការពិនិត្យ និង​សម្រាក​ព្យាបាល​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក បេ​អាត រិច​ឆ្នឺ​រ​។​



របាយការណ៍​មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ និង​ខេត្តសៀមរាប បាន​បង្ហាញថា កុមារ និង​ស្ត្រី ចំនួន ៤,៧៣៦​នាក់ មក​ទទួល​ការពិនិត្យ និង​សម្រាក​ព្យាបាល ។ បើតាម​ហ្វេ​ស​ប៊ុ​កលោក បេ​អាត រិច​ឆ្នឺ  ក្នុងចំណោម​កុមារ​ទាំងនោះ មាន​ចំនួន ៣,២៧៧​នាក់ ត្រូវបាន​ពិនិត្យ​ព្យាបាល​នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា​។ ចំណែក​កុមារ​មាន​ជំងឺ​ធ្ងន់ៗ ចំនួន ១០១៧​នាក់ ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ និង​បាន​វះកាត់​បន្ទាន់​ដល់​កុមារ ចំនួន ៣០​ករណី​ផងដែរ​។​

បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់លោក បេ​អាត រិច​ឆ្នឺ​រ ដដែល ក្រៅពី​ពិនិត្យ​ព្យាបាល​កុមារ​នោះ មន្ទីរពេទ្យ​គន្ធបុប្ផា​ក៏បាន​ពិនិត្យ និង​ព្យាបាល​ជូន​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន ២១៤​នាក់ នៅ​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​នៃ​មន្ទីរសម្ភព​។ ម្យ៉ាងទៀត រយៈពេល ៣​ថ្ងៃនេះ ក៏​មានការ​សម្រាលកូន​បាន​ចំនួន ១៩៨​នាក់​ទៀតផង​៕

© រក្សាសិទ្ធិដោយ thmeythmey.com