ជាតិ
ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម ២ ដែល​ចំណាយ​ប្រាក់​ជិត ៨០០ លាន​ដុល្លារ ដាក់​ឲ្យដំណើរការ​ជា​ផ្លូវការ​
25, Sep 2017 , 11:56 am        
រូបភាព
រូបថត៖ហ្វេសប៊ុកក្រសួងរ៉ែ និងថាមពល
រូបថត៖ហ្វេសប៊ុកក្រសួងរ៉ែ និងថាមពល
ដោយ:
​ភ្នំពេញ​៖ ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ដែល​ធំជាងគេ​នៅ​កម្ពុជា​ដោយ​ផ្តល់​ថាមពល​៤០០​មេកា​វ៉ា​ត់ បានដាក់ឲ្យ​ដំណើរការ​ជា​ផ្លូវការ បន្ទាប់ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុច​បិទទ្វារ​ទឹក​ទំនប់​នៅ​ថ្ងៃទី​២៥ ខែកញ្ញា​នេះ​។

 


​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ដែល​ធំជាងគេ​បង្អស់​នៅ​កម្ពុជា នឹង​ផ្តល់​ថាមពល​៤០០​មេកា​វ៉ា​ត់​។ ទំនប់​ដែលមាន​តម្លៃ​សាង់សង់​៧៨១.៥២​លាន​ដុល្លារ​មួយ​នេះ មាន​ទីតាំង​ស្ថិតនៅ​ឃុំ​ភ្លុក ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​។  ទំនប់​វា​រី​អគ្គិសនី គឺជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន Hydro Power Lower  Sesan2.Co.,Ldt ដែលមាន​ភាគហ៊ុន​ចម្រុះ ដូចជា ក្រុមហ៊ុន Hydrolancang International Energy មាន​ភាគហ៊ុន ៥១​ភាគរយ ក្រុមហ៊ុន Royal Group របស់​អ្នកឧកញ៉ា​គិត ម៉េង មាន​ភាគហ៊ុន ៣៩​ភាគរយ និង​ក្រុមហ៊ុន EVN មកពី​ប្រទេស​វៀតណាម មាន​ភាគហ៊ុន ១០​ភាគរយ​។



​ក្នុង​ពិធី​បិទទ្វារ​ទឹក​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា     ដំណាក់កាល​ដុត​ចន្លុះ ដុត​ខ្លាញ់ត្រី ដុត​ប្រេងកាត ដុត​ទៀន គឺ​បាន​រសាត់​ផុតពី​កម្ពុជា​ហើយ ដោយ​កម្ពុជា​សព្វថ្ងៃ​កំពុង​ប្រើប្រាស់​អគ្គីសនី​ជាង​២,០០០​មេ​ហ្កា​វ៉ា​ត់​នៅ​ទូទាំងប្រទេស​។ សម្តេច បាន​បន្តថា ពីមុន​ការផ្គត់ផ្គង់​អគ្គិសនី មាន​លក្ខណៈ​បណ្តោះអាសន្ន ព្រោះ​កម្ពុជា​ត្រូវ​ទិញ​អគ្គិសនី​ពី​ប្រទេសជិតខាង​។ ប៉ុន្តែ​ចាប់ពី​ពេល​ដំណើរការ​វា​រី​អគ្គីសនី​ពី​ទីនេះ​ទៅ កម្ពុ​ជាមាន​បណ្តាញ​ផ្គត់ផ្គង់​ខ្លួនឯង​ប្រកបដោយ​ស្ថិរភាព​និង​ឯករាជ្យភាព​។ 

​សម្តេច​បាន​អត្ថាធិប្បាយ​យ៉ាង​ដូច្នេះ​ថា  ៖«​ស្ទើរតែ​គ្រប់​វិស័យ គឺ​ត្រូវការ​វិស័យ​ថាមពលអគ្គីសនី​ឲ្យ​ដើរ​ទៅមុខ​មុនគេ ដូចជា វិស័យ​ទេសចរណ៍​សព្វថ្ងៃ គឺ​ត្រូវការ​អគ្គិសនី​ចាំបាច់​បំផុត​។ ច្បាស់​ណាស់​រាល់​នូវ​ការអភិវឌ្ឍ គឺ​តែងតែ​ប៉ះពាល់​ដល់​បរិស្ថាន និង​បងប្អូន​អ្នកភូមិ ទោះបី​តិច​ឬ​ច្រើនក្តី ដូចជា​នៅ​ភូមិ​ស្រែ​ស្រណុក និង​ឃុំ​ក្បាល​រមាស គឺ​រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន​បាន​រួមគ្នា​ដោះស្រាយ​ជូន​បងប្អូន​ដោយបាន​រៀបចំ​កសាង​ធ្វើ​ផ្ទះ​ជូន​បងប្អូន ហើយ​បាន​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន​ឲ្យ​មាន​កម្រិត​ទាប​បំផុត​»​។​



​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សម្តេច ហ៊ុន សែន ការផលិត​អគ្គីសនី​នេះ គឺ​ទាមទារ​កា​រត​បណ្តាញ​ពី​ស្ទឹងត្រែង​ទៅ​ក្រចេះ ពី​ក្រចេះ​ទៅ​កំពង់ចាម និង​ពី​កំពង់ចាម​ទៅ​ភ្នំពេញ ដើម្បី​ត​ភ្ជាប់​បណ្តាញ​មេ​ទាំងអស់ ដែល​នឹងធ្វើ​ឲ្យ​តម្លៃ​អគ្គិសនី​ធ្លាក់​ចុះថោក ។ ប្រមុខ​រដ្ឋាភិបាល បន្ថែមថា សម្រាប់​ពលរដ្ឋ​ក្រីក្រ​ដែល​ប្រើ​ក្រោម​១០​គីឡូវ៉ាត់ម៉ោង​គឺ​បង់ប្រាក់​តែ ៤៨០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង ឯ​អ្នក​ប្រើ​អស់ពី​១១​ដល់​៥០​គីឡូវ៉ាត់ម៉ោង គឺ​បង់ប្រាក់​តែ​៦១០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង ខណៈ​ខេត្តរតនគិរី គឺ​បង់ប្រាក់​តែ​៦៧០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង ព្រោះ​ខេត្ត​នេះ មាន​វា​រី​អគ្គិសនី​ប្រើ​រួចជាស្រេច​។

​ជាមួយគ្នានេះ​រដ្ឋាភិបាល រំពឹងថា​នឹង​ទទួលបាន​ចំណូល​ពន្ធ សរុប​ជា​មធ្យម​ប្រមាណ ២៩,៥៩ លាន​ដុល្លារ​អាមេរិក ក្នុង ១​ឆ្នាំ​។ នេះ​មិនទាន់​គិតដល់​ពន្ធ​ដទៃទៀត ដែល​អគ្គិសនី​កម្ពុជា និង​អ្នក​ចែកចាយ​អគ្គិសនី​ដទៃទៀត ត្រូវ​បង់​ជូន​រដ្ឋ ក្នុងការ​ចែកចាយ​លក់​បន្ត ឲ្យ​អ្នកប្រើប្រាស់​ឡើយ​។  សូមបញ្ជាក់ថា បច្ចុប្បន្ននេះ មាន​ប្រជាពលរដ្ឋ​ជាង​៣​លាន​ខ្នង​ផ្ទះ​ដែល​ទទួលបាន​អគ្គីសនី​ប្រើប្រាស់​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សម្តេច ហ៊ុន សែន​៕ 








Tag:
 សេ​សាន​ក្រោម​២
 ​ វា​រី​អគ្គិសនី​
© រក្សាសិទ្ធិដោយ thmeythmey.com