ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជំងឺ​ទឹកនោមផ្អែម​៖ អ្នក​ធាត់​រស់​យូរ​ជាង​អ្នក​ស្គម​! ពិត​ទេ​?
27, Sep 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​មួយ​ពី Mail Online បាន​ឲ្យ​ដឹងថា អ្នកជំងឺ​ទឹកនោមផ្អែម​ដែល​ធាត់​ទំនងជា​មិន​ងាយ​ឆាប់​ស្លាប់​ជាង​អ្នកជំងឺ​ដែលមាន​ទម្ងន់​ធម្មតា ឬ​ស្គមៗ​ទេ​។​



​តាម​ការសិក្សា​ថ្មី​មួយ​ដែល​ធ្វើ​ទៅលើ​មនុស្ស​ចាស់​ដែលមាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​ចំនួន ១០០០០​នាក់​ជា​ជនជាតិ​អង់គ្លេស រយៈពេល​១០​ឆ្នាំ ដោយ​គេ​បាន​វាយ​ពិនិត្យ​ទៅលើ​BMI និង​ការប្រឈមមុខ​នឹង​ជំងឺ​បេះដូង​សរសៃឈាម ដូចជា ជំងឺ​គាំងបេះដូង ដាច់​សរសៃឈាម​ខួរក្បាល បាន​រកឃើញថា អ្នក​ដែល​ធាត់​មានការ​ថយចុះ​នូវ​ការស្លាប់​ច្រើនជាង​អ្នក​ដែលមាន BMI ធម្មតា​រហូតដល់ ១៣​ភាគរយ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ គេ​បាន​រកឃើញ​ទៀតថា អ្នក​ដែល​ធាត់ ឬ​ធាត់​ជ្រុល​មានការ​ប្រឈម​ខ្ពស់​នឹង​ជំងឺ​បេះដូង​សរសៃឈាម ហើយក៏​ត្រូវការ​សម្រាក​ក្នុង​មន្ទីរពេទ្យ​ច្រើន​ដែរ​។​

​ការយកចិត្តទុកដាក់​ដ៏​ល្អ​មួយ​ត្រូវតែ​ធ្វើ​មុនពេល​ឈានដល់​ការធ្វើ​សេចក្តី​សន្និដ្ឋានថា ការ​ធាត់​អាចជា​រឿង​ល្អ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​។ ដូច​បានឃើញ​ក្នុងការ​សិក្សា​នេះ​ស្រាប់​ថា ការដែល​ធាត់ ឬ​ធាត់​ជ្រុល​អាច​បង្កើន​ការ​ប្រឈម​នឹង​ផលវិបាក​ជំងឺ​ទឹកនោមផ្អែម​ច្រើន ដែល​អាច​ប៉ះពាល់​ដល់​គុណភាព​នៃ​ជិវិត​រស់នៅ​ទោះបីជា​វា​មិន​ស្លាប់​ក៏ដោយ​។​

​ការស្រាវជ្រាវ​ក៏​អាចមាន​ឥទ្ធិពល​ពី​កត្តា​ផ្សេងៗ​ទៀត​ជាច្រើន​ដែរ ជាពិសេស​ភាពល្អ​នៃ​ការគ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​តែម្តង​។ ដូច្នេះ​រឿងនេះ​ទាល់តែ​មានការ​សិក្សា​ស្វែងយល់​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត​ចំពោះ​យន្ត​ការណ៍​ជីវសាស្ត្រ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com