កីឡាអន្តរជាតិ
អន្តរជាតិ
Pochettino ថា​ស្រលាញ់ Kane ពេក​ដល់​ថ្នាក់​ប្រពន្ធ​ប្រចណ្ឌ​
27, Sep 2017 , 2:42 pm        
រូបភាព
 Mauricio Pochettino អ្នកចាត់ការ​ទូទៅ​ក្រុម Tottenham Hotspur បាន​សារភាពថា​លោក​ស្រឡាញ់ Harry Kane ខ្លាំងពេក​ដល់​ថ្នាក់​ប្រពន្ធ​ច្រណែន និង​ប្រចណ្ឌ​ទៀតផង ដោយសារតែ​ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​នេះ​អាច​ស៊ុត​បញ្ចូល​ទី​៣​គ្រាប់ (Hat-trick) ជួយ​ក្រុម​យកជ័យ​ជម្នះ​លើ Apoel Nicosia ៣-០ ពាន UEFA Champions League​។



«​ពេលនេះ​ប្រពន្ធ​ខ្ញុំ​កំពុង​ប្រចណ្ឌ​ខ្លាំងណាស់ ហើយ​ប្រពន្ធ​របស់ Kane ក៏​អ៊ីចឹង​ដែរ​។ ទេ​ខ្ញុំ​គិតថា​វា​មិនគួរ​ឲ្យ​ជឿ​។ អ្នកដឹង​ទេ​ថា​នោះ​គឺ​មកពី Harry Kane»​។ នេះ​ជាស​ម្តី​របស់ Pochettino ដែល​បាន​និយាយ​ដោយ​ស្នាមញញឹម ហើយ​បន្ថែមថា​៖« Kane មាន​ជំនាញ​មិនគួរ​ឲ្យ​ជឿ​នៅពេល​គាត់​នៅ​ពីមុខ​បង្គោល​ទី​ដើម្បី​សម្រេច​គ្រាប់​បាល់​។ គាត់​មាន​អ្វី​ពិសេស​។ នោះ​ហើយ​ជា​មូល​ហេតុដែល​គាត់​គឺជា​ខ្សែប្រយុទ្ធ​ម្នាក់​ល្អ​បំផុត​»​។​



​បើតាម​ការចុះផ្សាយ​រប​ស់ DailyMail អ្នកចាត់ការ​សញ្ជាតិ​អា​ហ្ស​ង់​ទីន វ័យ​៤៥​ឆ្នាំ សារភាពថា​លោក​ពិតជា​ស្រឡាញ់ Kane ខ្លាំងណាស់​បន្ទាប់ពី​រូបគេ​អាច​ស៊ុត​បាល់​បញ្ចូល​ទី​ជាច្រើន​គ្រាប់​ក្នុង​រយៈពេល​ចុងក្រោយ ពោលគឺ​តាំងពី​រកបាន​២​គ្រាប់​នា​ជំនួប​ក្នុង​លី​ក​ជាមួយ West Ham និង​ធ្វើបាន​ហ៊េ​ត​ទ្រី​ក​លើក​នេះ​ទៀត​។

៣​គ្រាប់​ដ៏​អស្ចារ្យ​របស់ Kane ទល់នឹង​ក្រុម Apoel ធ្វើបាន​ដោយ​ជើងឆ្វេង ស្តាំ និង​ក្បាល​របស់គេ​គឺ​បាន​ក្លាយជា​កីឡាករ​ដំបូង​បំផុត​របស់ Spurs ដែល​អាច​ធ្វើបាន​នៅក្នុង​ក្របខណ្ឌ  Champions League​។​



​សូមបញ្ជាក់ថា ខ្សែប្រយុទ្ធ​អន្តរជាតិ​អង់គ្លេស វ័យ​២៤​ឆ្នាំនេះ​អាច​រកបាន​១១​គ្រាប់​ហើយ ក្នុងការ​ប្រកួត​៧​លើកចុងក្រោយ​សម្រាប់​ក្រុម និង​ជម្រើសជាតិ​នៅ​ឆ្នាំ​២០១៧​នេះ​។ លើសពីនេះ​ទៀត ម្ចាស់​ស្បែកជើង​មាស​នៅ Premier League រដូវ​កាល​មុន ក៏បាន​ក្លាយជា​កីឡាករ​របស់​អង់គ្លេស​ទី ៧ ផងដែរ​ដែល​អាច​ធ្វើបាន Hat-trick ក្នុង​ពានរង្វាន់ Champions League បន្ទាប់ពី Andy Cole, Mike Newell, Michael Owen, Wayne Rooney, Alan Shearer និង Danny Welbeck ធ្វើបាន​រួចមកហើយ​៕


Tag:
 បាល់ទាត់​
  Mauricio Pochettino
  Harry Kane
  Tottenham
© រក្សាសិទ្ធិដោយ thmeythmey.com