អន្តរជាតិ
ស្ត្រីអារ៉ាប៊ីសាអូឌីតមានសិទ្ធិបើកបរបានហើយ
× មហាក្សត្រអារ៉ាប៊ីសាអូឌីត Salman bin Abdulaziz Al Saud នៅថ្ងៃទី២៦ ខែកញ្ញា បានចេញបញ្ជាផ្ដល់សិទ្ធិឲ្យស្ត្រីទាំងអស់នៅក្នុងប្រទេសបើកបររថយន្តដោយខ្លួនឯងបាន។ យ៉ាងណាក្ដី គេត្រូវរង់ចាំដល់ពាក់កណ្ដាលឆ្នាំក្រោយឯណោះ ទើបបញ្ជានេះចូលជាធរមាន។ ការផ្ដល់សិទ្ធិបើកបរនេះ ត្រូវគេមើលឃើញថាជាផ្នែកមួយនៃទស្សនវិស័យឆ្នាំ២០៣០ សំដៅកែទម្រង់សង្គម និងសេដ្ឋកិច្ច ខណៈដែលអារ៉ាប៊ីសាអូឌីតរងការិះគន់យ៉ាងខ្លាំងលើការបិទសិទ្ធិស្ត្រីភេទ។
អារ៉ាប៊ីសាអូឌីត គឺជាប្រទេសចុងក្រោយលើពិភពលោកដែលអនុញ្ញាតឲ្យស្ត្រីបើកបររថយន្តបាន។ ព្រះចៅ Salman bin Abdulaziz Al Saud បានចេញរាជក្រឹត្យថ្ងៃទី២៦ ខែកញ្ញា ដោយផ្ដល់សិទ្ធិឲ្យស្ត្រីក្នុងរាជាណាចក្រឥស្លាមមួយនេះអាចបើកបរបាន។ នេះ គឺជាការបញ្ចប់ប្រពៃណីអភិរក្សតឹងរ៉ឹងមួយនៅក្នុងប្រទេសដែលអនុវត្តតាមច្បាប់ឥស្លាម Sharia ដែលធ្លាប់រងការរិះគន់ថាបានបិទសិទ្ធិស្ត្រីធ្ងន់ធ្ងរ។
បើតាមសារព័ត៌មាន Al Jazeera ព្រះចៅ Salman បានបញ្ជាឲ្យអនុវត្តរាជក្រឹត្យនេះភ្លាមៗ និងបង្កើតគណៈកម្មាធិការមួយដើម្បីផ្ដល់យោបល់លើបទបញ្ជានេះក្នុងរយៈពេល៣០ថ្ងៃ។ ប៉ុន្តែការអនុវត្តជាក់ស្ដែងនឹងចាប់ផ្ដើមនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ។ រាជក្រឹត្យដដែលនេះ ក៏បង្គាប់ឲ្យបទបញ្ជាថ្មីនេះត្រូវអនុវត្តឲ្យខ្ជាប់ខ្ជួន និងស្របតាមច្បាប់ឥស្លាម។
នៅអារ៉ាប៊ីសាអូឌីត ដែលជាសម្ព័ន្ធមិត្តដ៏ធំរបស់អាមេរិក ស្ត្រីត្រូវស្ថិតក្រោមអាណាព្យាបាលរបស់បុរសជាប្ដី។ ស្ត្រីអារ៉ាប៊ីសាអូឌីតត្រូវសុំការអនុញ្ញាតពីបុរសក្នុងការបំពេញការងារចាំបាច់របស់ខ្លួនដូចជា ការអប់រំ ការរៀបអាពាហ៍ពិពាហ៍ ការធ្វើដំណើរ និងសូម្បីតែការព្យាបាលជំងឺជាដើម។ ក្រោមច្បាប់ឥស្លាមដ៏តឹងរ៉ឺង ស្ត្រីអារ៉ាប៊ីសាអូឌីតក៏ត្រូវស្លៀកសម្លៀកបំពាក់បិទជិតតាំងពីក្បាលដល់ចុងជើង ហើយការបំពានច្បាប់នេះនឹងត្រូវរងការពិន័យធ្ងន់ធ្ងរមិនខាន។
តាមពិតទៅ សិទ្ធិរបស់ស្ត្រីអារ៉ាប៊ីសាអូឌីតត្រូវបានពង្រីកយ៉ាងខ្លាំងនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនៅក្រោមការដឹកនាំរបស់អតីតមហាក្សត្រ Abdullah bin Abdulaziz ដោយក្នុងឆ្នាំ២០១៣ ព្រះអង្គបានតែងតាំងស្ត្រីច្រើននាក់ក្នុងក្រុមប្រឹក្សាផ្ដល់យោបល់ឲ្យគណៈរដ្ឋមន្ត្រី។ មកដល់ រជ្ជកាលព្រះចៅ Salman សិទ្ធិស្ត្រីអារ៉ាប៊ីសាអូឌីតក៏ត្រូវបានបន្ធូរបន្ថយថែមទៀត ក្រោមក្របខណ្ឌកែទម្រង់សេដ្ឋកិច្ច និងទស្សនវិស័យឆ្នាំ២០៣០ ។
ទស្សនវិស័យឆ្នាំ២០៣០ គឺជានយោបាយដាក់ចេញដោយរជ្ជទាយាទបច្ចុប្បន្នក្នុងការអភិវឌ្ឍប្រទេសក្រោយការអស់ប្រេង ដែលសព្វថ្ងៃជាប្រភពចំណូលជាតិដ៏ធំ។ ការផ្ដល់សិទ្ធិឲ្យស្រី្តបើកបរ ក៏ជាយុទ្ធសាស្ត្រជំរុញកម្លាំងពលកម្មក្នុងស្រុកផងដែរ ទោះជាមានការជំទាស់ពីក្រុមអភិរក្សជ្រុលខ្លះក្ដី។ យ៉ាងណាមិញ ការអនុវត្តច្បាប់ឥស្លាមយ៉ាងតឹងរ៉ឺង នឹងនៅតែជាឧបសគ្គសម្រាប់ការអនុវត្តសិទ្ធិរបស់ស្រី្តភេទដែលរងការរឹតត្បិតច្រើនឆ្នាំមកហើយនោះ៕
Tag:
អារ៉ាប៊ីសាអូឌីត
មជ្ឈិមបូព៌ា
© រក្សាសិទ្ធិដោយ thmeythmey.com