ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោកតា វណ្ណ ម៉ូលី​វណ្ណ និយាយ​រម្លឹក​ពី​ការកសាង​រាជធានី​ភ្នំពេញ​ពី​អតីតកាល (​ភាគ​ទី​១)
28, Sep 2017 , 1:48 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក​ស្ថាបត្យករ វណ្ណ ម៉ូលីវណ្ណ កើត​នៅ​ឆ្នាំ​១៩២៦ នៅក្នុង​ខេត្តកំពត ហើយ​នៅ​ឆ្នាំ​២០១៥​នេះ លោក​មាន​អាយុ​៨៩​ឆ្នាំ​។ លោក វណ្ណ ម៉ូលីវណ្ណ គឺជា​សិស្ស​ទី​១​ដែល​បាន​ប្រឡង​ជាប់​បាក់​ឌុប​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ​នៅ​ឆ្នាំ​១៩៤៤ ។ នៅ​ឆ្នាំ​១៩៤៧-១៩៥៦ លោក​បាន​ទៅ​សិក្សា​ផ្នែក​ស្ថាបត្យកម្ម​នៅ​ទីក្រុង​បារី​ស ប្រទេស​បារាំង​។ នៅ​ជំនាន់​នោះ កម្ពុជា​គ្មាន​ស្ថាបត្យករ​ច្រើន​ទេ ហើយ​ប្រជាជន​ទូទៅ​ក៏​មិនសូវ​ស្គាល់​អាជីព​នេះដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ កាលពី​ជំនាន់​នោះ ស្ថាបត្យករ ពិបាក​រកប្រពន្ធ​ជាង​វិស្វករ​សំណង់​។ ខាងក្រោម​នេះ គឺជា​បទសម្ភាស​ដែល​លោកតា វណ្ណ ម៉ូលីវណ្ណ បានធ្វើ​ឡើងជា​មួយ​វិទ្យាស្ថាន​សិល្បៈ និង​វប្បធម៌​រៃ​យំ​កាលពី​ឆ្នាំ​២០០១ ។ នៅក្នុង​បទ​សម្ភា​សនេះ លោកតា វណ្ណ លើកឡើង​ពី​ប្រវត្តិ​នៃ​ការកសាង​ទីក្រុង​ភ្នំពេញ និង​ស្នាដៃ​របស់លោក​កាលពី​ជំនាន់​មុន​៕



(​បទសម្ភាស​ទាំងស្រុង​ដកស្រង់​ចេញពី​វិទ្យាស្ថាន​សិល្បៈ និង​វប្បធម៌ REYUM)


​រៃ​យំ​៖ លោកតា គំនិត​សាងសង់​បែបនេះ​លោកតា​បានគិត​មុនគេ​ឬ​?
វ​.​ម​៖ អត់​ទេ​ក្មួយ​! ទ្រឹស្តី និង​គំនិត​ប្រើ​ខ្យល់​ធម្មជាតិ ពន្លឺ​អីហ្នឹង​ជា​គំនិត (model) ដែល​គេ​ធ្លាប់ប្រើ​នៅ​ស្រុក​គេ​ដទៃទៀត​រួចមកហើយ​។

រៃ​យំ​៖ កាល​ហ្នឹង ដើម្បី​សាងសង់​គម្រោង Le Front du Bassac បាន​ថវិកា​មកពីណា​?
​វ​.​ម​៖ គំនិត​របស់​រដ្ឋ គឺថា​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មានលទ្ធភាព​រស់នៅក្នុង​ផ្ទះ​ណាមួយ​ដោយ​ខ្លួនឯង​ជា​ម្ចាស់ ទោះបីជា​អ្នកក្រីក្រ​ក៏ដោយ​។ ម្ល៉ោះហើយ​រដ្ឋ​មិន​ចង់​សង់ផ្ទះ​ច្រើន​ដោយ​ខ្លួនឯង ហើយ​ជួល​ឲ្យ​គេ​នៅ​រហូត​។ បើ​ធ្វើ​ដូច​អញ្ចឹង រដ្ឋ​ជា​ម្ចាស់ផ្ទះ អ្នក​ជួល​គេ​មិន​រវល់ គេ​អត់​ថែទាំ​ផ្ទះ វា​ឆាប់​ខូច​និង​ហិនហោច​។ ដូច្នោះ​ពេលនោះ​រដ្ឋ​យើង​មានគំនិត​សាងសង់​ផ្ទះមួយ​ចំនួន​ស​ម្រា​ប់​អ្នកក្រ​ល្មមៗ​អាច​ជួល​ក្នុង​ម្លៃ​ថោក​ល្មម តែ​នៅពេល​គេ​រស់នៅ​និង​បង់ថ្លៃ​ផ្ទះ​នោះ​យូរៗ​ទៅ ឧទាហរណ៍ ក្នុង​រយៈពេល​ម្ភៃ​ឆ្នាំ ផ្ទះ​នោះ​នឹង​ក្លាយទៅជា​របស់​អ្នក​ជួល​នោះ​តែម្តង មានន័យថា​គេ​ក្លាយទៅជា​ម្ចាស់ផ្ទះ​។ ដល់​អញ្ចឹង​គេ​មានចិត្ត​ចង់​ថែទាំ និង​កែច្នៃ​រៀបចំផ្ទះ​ឲ្យ​បានល្អ​។ ម្ល៉ោះហើយ សម័យ​នោះ​មាន​លុយកាក់​មួយ​ប្រភេទ​ដែល​គេ​ហៅថា caisse de pension de retraite មានន័យថា​លុយ​សន្សំ​សម្រាប់​ពេល​រ៉ឺ​ត្រែ​ត (retraite) ។ លុយ​នេះ​តម្កល់​នៅក្នុង​ធនាគារជាតិ ហើយ​មាន​ប្រាក់​ការ​។ ដូច្នោះ​រដ្ឋ​បាន​ខ្ចីប្រាក់​ការ​លុយ​ប៉ង់​ស្យុ​ង (pension) នោះមក​សាងសង់ ហើយ​ថ្លៃ​ឈ្នូ​ល​ផ្ទះ​នោះ​សង​បណ្តើរៗ​ទៅ​ឲ្យ​គេ​វិញ​។ នៅ​សម័យ​នោះ​មានស្រុក​ដូចជា​សឹង្ហ​បុរី ដែល​គេ​ធ្វើ​អញ្ចឹង​ដែរ សព្វថ្ងៃនេះ​បាន​ជោគជ័យ​ល្អ​ណាស់​។

​រៃ​យំ​៖ លោកតា​! មុនដំបូង​ផ្ទះ​នោះ​អ្នកណា​មក​នៅ ?
​វ​.​ម​៖ មុនដំបូង​គឺ​សង់​សម្រាប់​កីឡាករ​ដែល​មក​ចូលរួម​ក្នុង​ហ្កា​ណេ​ហ្វូ ហើយ​ក្រោយមក​មាន​គ្រូបង្រៀន និង​មន្ត្រីរាជការ​ខ្មែរ​បានចាប់ផ្តើម​ទិញ​ផ្ទះ​នោះ​ជា​ល្វែង (appartement) មួយៗ ហើយ​ល្វែង​ដែល​នៅសល់​គឺ​រដ្ឋ​យកមកប្រើ ដើម្បី​ទទួល​អ្នកឯកទេស​អន្តរជាតិ​ដែល​មក​ធ្វើការ​នៅ​ស្រុក​ខ្មែរ ដូចជា​អ្នកស្រី​ម៉ា​ឌឺ​លែ​ន ស៊ី​តូ (Maddeleine Giteau) ជាដើម​។ និយាយ​បញ្ជាក់​ម្តង​ទៀតថា គំនិត​នេះ​ក្នុង​រយៈពេល​យូរអង្វែង បន្តិច​ម្តងៗ​ខ្មែរ​នឹង​កាន់តែ​មានលទ្ធភាព​មក​នៅ​ទី​នោះបាន​កាន់តែ​ច្រើនឡើងៗ​។​
អត្ថបទទាក់ទង

​រៃ​យំ​៖ មុន​ប៊ូល​ឌិ​ញ នៅ​ស្រុក​ខ្មែរ​គ្មាន​សំណង់​ច្រើន​ជាន់​អញ្ចឹងទេ ?
​វ​.​ម​៖ ធ្លាប់​មានផ្ទះ​ច្រើន​ជាន់​និង​ជាប់​គ្នា​ហើយ គេ​ហៅ កំ​ប៉ា​ត់ទី​ម៉​ង់ ស៊ី​ន័​រ (compartiment chinois) គឺ​សព្វថ្ងៃ​គេ​ហៅ​ផ្ទះល្វែង​របៀប​ចិន ទទឹង​៤​ម៉ែត្រ​ត្រួតៗ​លើ​គ្នា ដូចនេះ​ផ្ទះ​នីមួយៗ​ច្រើន​តែមាន​ពីរ​ជាន់ ឬ​មាន​ឡៅតឿ នៅក្រោម​ផ្ទះ​ខាងមុខ​គេ​លក់​ឥ​វ៉ាន់ ខាងក្រោម​មានផ្ទះ​បាយ មាន​កន្លែងធ្វើការ បង្កបង្កើន​ឥ​វ៉ាន់​ដើម្បី​លក់ ហើយ​គេ​នៅ​ខាងលើ ឬ​នៅលើ​ឡៅតឿ​។ ផ្ទះ​របៀបនេះ​ហប់​ខ្យល់​បន្តិច តែ​កូនចៅ​ចិន​គេ​ធ្លាប់​នៅ គេ​អាច​នៅបាន​។​

​រៃ​យំ​៖ លោកតា មកដល់ពេលនេះ បាន​និយាយ​ខ្លះៗ​អំពី​ការរៀបចំ​ក្រុង ឥឡូវ​សុំ​និយាយ​អំពី​ស្នាដៃ​លោកតា​ខ្លះៗ​។​
​វ​.​ម​៖ បាទ​!

​រៃ​យំ​៖ គេ​ច្រើន​និយាយថា លោកតា​ជា​ស្ថាបត្យករ​ខ្មែរ​ទំនើប​មួយ​ដោយសារ​បាន​យក​លក្ខណៈ​ស្ថាបត្យកម្ម​ខែ្មរ​បុរាណ​មក​ច្នៃប្រឌិត​ឲ្យ​ក្លាយទៅជា​ស្ថាបត្យកម្ម​ខ្មែរ​ថ្មី លោកតា​ពន្យល់​បញ្ហា​បានទេ ?
​វ​.​ម​៖ តាមពិតទៅ​ពិបាក​ឆ្លើយ​ណាស់​ក្មួយ បញ្ហា​ស្ថាបត្យកម្ម​មាន​បែបបទ​ច្រើន មាន​បញ្ហា​រូបរាង (forme) មាន​បញ្ហា​សោភ័ណភាព (esthétique) មាន​បញ្ហា​ហ្វុ​ង​សូ​ណាស់​លី​តេ (fonctionnalité) ។​ល​។ មាន​កត្តា​ច្រើនណាស់ ត្រូវការ​ពេលវេលា​ច្រើន​ដើម្បី​វែកញែក​ឲ្យ​ច្បាស់​។ តែបើ​និយាយ​សរុប​ឲ្យ​ខ្លី ពិតមែន ក្នុងការ​សាងសង់​នីមួយៗ​របស់ខ្ញុំ គឺ​ខ្ញុំ​តែងតែ​ដកស្រង់​គំនិត​ពី​ស្ថាបត្យកម្ម​ខ្មែរ​ប្រពៃណី​។ ឧទាហរណ៍​ក្នុង​សំណង់​១០០​ខ្នង ខ្ញុំ​ដកស្រង់​គំនិត​ពី​ផ្ទះ​ខ្មែរ តែ​ខ្ញុំ​យកមក​ធ្វើ​ដោយមាន​ការពិចារណា កែច្នៃ​ចំណុច​ខ្លះ​ឲ្យ​វា​ប្រសើរឡើង ដូចជា​បង្អួច​ផ្ទះ​ខ្មែរ​មាន​រាង​តូច​បន្តិច ដូច្នេះ​ពេល​ខ្ញុំ​ធ្វើ​បង្អួច​ផ្ទះ​១០០​ខ្នង ខ្ញុំ​បា​នព​ង្រឹ​ក​ឲ្យ​វែង ដើម្បី​ខ្យល់​ចេញចូល​កាន់តែ​ល្អ​ឡើង ម្យ៉ាងទៀត​សសរផ្ទះ​ខ្មែរ​ច្រើនតែ​ធ្វើ​អំពី​ឈើ វា​ឆាប់​ពុក ម្ល៉ោះហើយ​ខ្ញុំ​បាន​យក​ស៊ីម៉ង់ត៍​មក​ប្រើ ដើម្បី​ឲ្យ​មាំ​បានយូរ ដូច្នេះ​មិនមែន​ចម្លង​ទាំងស្រុង​ទេ គឺ​ដកស្រង់​គំនិតល្អៗ​យកមកប្រើ​។ ម្យ៉ាងទៀត​តួនាទី​នៃ​សំណង់​ដែល​យើង​សាងសង់​ត្រូវមាន​ឲ្យ​ច្បាស់លាស់ គឺ​ឲ្យ​វា​ដំណើរការ​ស្រួល​ទៅតាម​បែបបទ​ទំនៀមទម្លាប់​វប្បធម៌​។ បើ​សង់​សម្រាប់​ខ្មែរ យើង​ត្រូវ​យល់ថា ខ្មែរ​គេ​រស់នៅ​យ៉ាងម៉េច ភូមិសាស្ត្រ​មាន​ពន្លឺ មាន​ខ្យល់​ឬ​អត់​។ ស្ថាបត្យករ​ត្រូវ​យល់ច្បាស់​អំពី​ភារកិច្ច​របស់ខ្លួន គឺ​មិនមែន​សង់​សម្រាប់​ខ្លួនឯង​ទេ គឺ​ធ្វើ​សម្រាប់​អ្នកដទៃ​ដែល​គេ​រស់នៅ​។ ម្ល៉ោះហើយ​ត្រូវ​យល់​ឲ្យ​ច្បាស់ ស្តាប់​គេ មើល​គេ​មុននឹង​សង់​។ និយាយ​ឲ្យ​ខ្លី​ទៅ គឺ​គិត​ឲ្យ​ច្បាស់លាស់​ទើប​សង់​។

​រៃ​យំ​៖ ពេល​លោកតា​រៀន​នៅ​ស្រុក​បារាំង លោកតា​បានឃើញ​សំណង់​ស្ថាបត្យកម្ម​របស់​បារាំង តើ​គំនិត​សំខាន់ៗ​មួយណា​ដែល​លោកតា​យកមកប្រើ​ក្នុងស្រុក​ខ្មែរ​។
​វ​.​ម​៖ អ្នក​ដែល​ជំនាញ​ធំជាងគេ​បង្អស់​ដែល​បង្រៀន​ខ្ញុំ​គឺ​លោក Le Corbusier ដែល​ខ្ញុំ​ទទួល​រហូតមកដល់​ឥឡូវ គឺ​ខ្ញុំ​ធ្វើតាម​ការបង្រៀន​របស់​គាត់​។ កូនសិស្ស​របស់គាត់ គេ​មើលទៅ​ដឹង​ភ្លាម មិន​ថា​ជប៉ុន បារាំង អាមេរិកកាំង ខ្មែរ​ដូច​ខ្ញុំ​។ គាត់​សង់ផ្ទះ​សម្បែង​ដូច​ធ្វើ​ចម្លាក់ គឺមាន​ជម្រៅ មាន​កន្លែង​ពន្លឺ មាន​កន្លែង​ស្រមោល ផ្ទះ​នីមួយៗ​ឲ្យ​ដូចជា​រូបចម្លាក់​មួយ​។​

​រៃ​យំ​៖ និយាយ​ពី​ស្ទីល គេ​ថា​ស្ទីល​សំណង់​លោកតា​គឺមាន​លក្ខណៈ​ខ្មែរ ទោះបី​វា​ជា​សំណង់​ទំនើប​ក៏ដោយ ?
​វ​.​ម​៖ បើ​និយាយ​ពី​សោភ័ណភាព​ហ្នឹង គឺថា​មិនមែន​គ្រាន់តែ​យក​ក្បាច់​ខ្មែរ​មក​បំពាក់​ពេញ​លើ​សំណាង់​នោះ ហើយ​ហៅថា​ខ្មែរ​ទេ​។ សព្វថ្ងៃ​គេ​ធ្វើ​អញ្ចឹង​ខ្ញុំ​មិន​យល់​សោះ គឺ​យើង​ត្រូវ​គិត​ន័យ​ទូលំទូលាយ​ជាង​ហ្នឹង​។ ឧបមា​ថា​សំណង់​ម្តុំ​តំបន់​បាសាក់ យើង​ត្រូវ​គិតពី​បរិយាកាស​ជុំវិញ គឺថា​ឲ្យ​វា​មាន​រូបរាង​ស្អាត​ផ្ទាល់ខ្លួន​វា​ផង និង​ឲ្យ​វា​ស៊ីគ្នា​ជាមួយ​ទេសភាព​ទូទៅ​ផង​។ ដូច​សាលចតុមុខ បើ​ក្មួយ​ឯង​មើល​ឲ្យ​ច្បាស់ គឺថា​បែរមុខ​ទៅ​ទន្លេ​ផង និង​បែរ​មុខមក​ខាង​ក្រុង​ផង គឺ​មានមុខ​ទាំងសងខាង​គ្មាន​មុខ​គ្មាន​ក្រោយ​ទេ​។ ធ្វើ​ដូច្នេះ​វា​សម​ភ្នែក មើល​ពី​ខាង​ទន្លេ​ទៅ​ក៏បាន មើល​ពី​ខាង​ក្រុង​ទៅ​ក៏បាន​។ បើ​និយាយ​ពី​ប៊ូល​ឌិ​ញ​វិញ បើ​មើល​ឲ្យ​ច្បា​ស់គឺ​ដូច​ម្រាមដៃ​អញ្ចឹង វា​មាន​ខ្ពស់​មាន​ទាប មិនមែន​ដូច​ប្រអប់​ទ្រវែង​ដូច​គេ​យកមក​កែ​សព្វថ្ងៃនេះ​ទេ​។ ខ្ញុំ​មិន​ពេញចិត្ត​សោះ​ដែល​គេ​យក​ប៊ូល​ឌិ​ញ​ហ្នឹង​មក​កែ​អញ្ចឹង​។ កាល​ខ្ញុំ​គិត​សាងសង់​គឺ​ដូច​នៅ​ក្រុង​ញូយ៉ក គេ​ធ្វើ​មាន​ខ្ពស់ មាន​ទាប​អញ្ចឹង​។

​រៃ​យ​៖ លោកតា​! ពេល​រៀន​ស្ថាបត្យកម្ម​នោះបាន​គំនិត​មកពីណា ?
​វ​.​ម​៖ ពិបាក​ឆ្លើយ ព្រោះ​អី​នៅ​ស្រុក​ខ្មែរ​ជំនាន់​នោះ​គ្មាន​អ្នកណា​ដឹងថា «​អាស៊ី​តិច​» (​ស្ថាបត្យករ​) ហ្នឹង​ស្អី​ទេ គេ​មិន​ស្គាល់​ទេ គេ​ហៅ​ពួក​អាស៊ី​តិច​ថា​ជាជាង​គំនូរ​។​

​រៃ​យ​៖ ដោយសារ​គេ​យល់ថា​ជា​អ្នក​គូរ​ប្លង់​តែប៉ុណ្ណោះ មែន​ទេ ?
​វ​.​ម​៖ ហ្នឹងហើយ​! ខ្ញុំ​មក​មុនដំបូង​គ្មាន​អ្នកណា​ស្គាល់​ទេ​។ ជាប់​ឌី​ប្លូ​ម​ពី​ស្រុក​បារាំង​គ្មាន​អ្នកណា​ហៅ​ធ្វើ​អី​ទេ គេ​មិនដឹងថា​អាស៊ី​តិច​ហ្នឹង​ស្អី​។ គេ​ស្រឡាញ់ គេ​និយម គេ​គោរព​តែ​ជាងសំណង់ គឺថា​អាំង​ស៊ី​ញ័រ (ingénieur) ។ ពេល​រកប្រពន្ធ អាស៊ី​តិច​ត្រូវ​រកប្រពន្ធ​ខ្លួនឯង ព្រោះ​គេ​មិន​ឲ្យ​កូន​គេ​ទេ គេ​ឲ្យ​ទៅ​ពួក​អាំង​ស៊ី​ញ័រ (ingénieur) ។​

​រៃ​យំ​៖ មុន​លោកតា​ទៅ​រៀន​នៅ​បារាំង មាន​អាស៊ី​តិច​នៅ​ស្រុក​ខ្មែរ ?
​វ​.​ម​៖ នៅ​ស្រុក​ខ្មែរ​មិន​ស្គាល់​ទេ អញ្ចឹង​បាន​ខ្ញុំ​ចង់បង្ហាញ​គេ​ឲ្យ​ឃើញថា​មិន​ត្រឹមតែ​ចេះ​គូរ​ទេ គឺ​ចេះ​សង់​ដែរ​។

​រៃ​យំ​៖ និយាយ​ពី​វិមានឯករាជ្យ ជា​សំណង់​ដែល​លោកតា​សង់​មុន​ប៊ូល​ឌិ​ញ និង​សាលចតុមុខ​មែន​ទេ ?
​វ​.​ម​៖ ហ្នឹងហើយ ប្រហែលជា​បានចាប់ផ្តើម​សាងសង់​ប្រហែល​ឆ្នាំ​១៩៥៧​។ នេះ​ជា​គំនិត​របស់​ព្រះករុណា លោក​ចង់​ឲ្យ​មាន​វិមាន​មួយ​សម្រាប់ធ្វើ​ពិធីបុណ្យ​ឯករាជ្យ ហើយ​វិមាន​ហ្នឹង​លោក​ចង់​ឲ្យ​ធ្វើ​យ៉ាងម៉េច​មាន​លក្ខណៈ​ដូច​បន្ទាយស្រី​។ ទើបបាន​ខ្ញុំ​នាំគ្នា​ទៅ​មើល​អង្គរ ហើយ​បាន​គូរ​ក្បាច់ក្បូរ​ដើម្បី​យកមក​សាងសង់​។ នៅពេល​សាងសង់​យើង​បាន​ដេញថ្លៃរ​កជាង​មក​ធ្វើ​។ ដល់​អញ្ចឹង​បាន​មាន​សហគ្រាស​ខ្មែរ​មួ​យមក​ជីកដី​ខាងក្រោម​កន្លែង​នោះ ដើម្បី​រៀបចំ​សាងសង់ ជីក​ទៅ​ក៏​ឃើញ​មាន​ស្ពាន​មួយ ខ្មែរ​ហៅ​ស្ពាន​កូនកាត់​។ ដូច្នោះ​ត្រូវ​វាយ​ស្ពាន​នោះ​ចោល​។

​រៃ​យ​៖ នៅក្រោម​វិមានឯករាជ្យ​មាន​ស្ពាន​មួយ ?
​វ​.​ម​៖ ត្រូវ​ហើយ នៅ​ខាងក្រោម​វិមានឯករាជ្យ​មាន​ស្ពាន​មួយ​។ លុះ​វាយ​ស្ពាន​នោះ​មិនកើត គេ​ចាក់គ្រឹះ​ក្រោម​ស្ពាន​នោះ ប៉ុន្តែ​ធ្វើ​អញ្ចឹង​វា​ប្រហោង​ទទេ មិន​មាំ​។ ដូច្នេះ​សហគ្រាស​ទី​១​គាត់​ធ្វើ​មិនកើត ខ្ញុំ​ក៏​ដេញ​ចោល​ទៅ​។ ខ្ញុំ​បាន​ដេញថ្លៃ​ម្តងទៀត រៀបចំ​ធ្វើ​សា​ថ្មី​។ ដី​ខាងក្រោម​នោះ គឺ​វា​មិន​អាចមាន​កម្លាំង​ទ្រ​ទម្ងន់​ធ្ងន់​បាន​។ ដូច្នោះ​បានចាប់ផ្តើម​វាយ​គ្រឹះ​ខ្លីៗ គ្រឹះ​ហ្នឹង​រាក់ៗ​ទេ ប្រហែល​៨​ម៉ែត្រ​ប៉ុណ្ណឹង​។

​រៃ​យំ​៖ ធ្វើ​ពី​ស៊ីម៉ង់ត៍​ឬ ?
​វ​.​ម​៖ ធ្វើ​ពី​ស៊ីម៉ង់ត៍ វាយ​គ្រឹះ​ខាងក្រោម​នឹង​ឲ្យ​មាំ​ទៅ ហើយ​បានរៀបចំ​ផ្លា​តូ (plateau) គឺ​ខឿន រួច​បាន​ឡើងលើ​ផ្លា​តូ​នេះ ចាប់​សង់​វិមានឯករាជ្យ​តែម្តង​។​

​រៃ​យំ​៖ ទីតាំង​សង់​វិមាន​ហ្នឹង គឺ​គំនិត​អ្នកណា ?
​វ​.​ម​៖ គេ​ប្រាប់​ឲ្យ​ដាក់​ត្រង់នេះ​ចំ​វត្តភ្នំ​ម្តង ដូច្នេះ​ម្តុំ​ហ្នឹង​ពេលនោះ​មានតែ​វិមាន​ហ្នឹង​ទេ​ខ្ពស់​ជាងគេ​បង្អស់​។ មកពី​វត្តភ្នំ​មក គឺមាន​ផ្លូវ​នរោត្តម​ហ្នឹង ហើយ​គេ​ហែ​ក្បួន​តាមផ្លូវ​ហ្នឹង​។

​រៃ​យំ​៖ មាន​សួនច្បារ​ហើយ ឬ​នៅ ?
វ​.​ម​៖ ឥឡូវនេះ​ឃើញ​ដីគោក​ពេញ កាលពីមុន​សុ​ទ្ទ​តែ​បឹង​និង​ព្រែក​។​

​រៃ​យំ​៖ នៅពេល​គេ​ធ្វើ​ក្បាច់ គេ​ប្រើ​ពុម្ព​ឬ ?
​វ​.​ម​៖ សុទ្ធតែ​ពុម្ព ។​

​រៃ​យំ​៖ តើ​លោកតា​ជា​អ្នកសម្រេច​ដាក់​ក្បាច់​នេះ ដាក់​ក្បាច​នោះ ដោយ​ខ្លួនឯង​មែន​ទេ ?
​វ​.​ម​៖ អត់​ទេ នាំ​ជាងគំនូរ​ទៅដល់​កន្លែង​ប្រាសាទបន្ទាយស្រី​ឲ្យ​មើល​ក្បាច់​សិន ឲ្យ​ឃើញថា​នេះ​យក​ក្បាច់​ចាន់ ក្បាច់​អង្គរ ។​ល​។ រួចហើយ​បាន​ដេញថ្លៃ និង​កំណត់​កន្លែង​នេះ​ត្រូវដាក់​ក្បាច់​ផ្កា​ចាន់ កន្លែង​នោះ​ត្រូវដាក់​ស្អី​តាម​របស់​យើង​។ ដូច្នោះ​ឲ្យ​ក្រុម​ចម្លាក់​នីមួយៗ​ធ្វើ​ទៅតាម​កន្លែង​របស់​ខ្លួន​។ អ្នក​ឆ្លាក់​ប្រហែលជា​២០​នាក់ អ្នក​លេខ​១​ពូកែ​ជាងគេ​បំផុត ឲ្យ​គាត់​ធ្វើ​ក្បាល​នាគ អ្នក​ដែល​មិនសូវ​ពួ​កែ ឲ្យ​គេ​ធ្វើ​កន្លែង​ផ្សេងៗ​។ កាលនោះ​សប្បាយចិត្ត ជំនាន់​សង្គម​គេ​យល់​គ្នា​ណាស់​។

​រៃ​យំ​៖ អញ្ចឹង​រឿង​តុបតែង​ក្បាច់ គឺ​លោកតា​អ្នកសម្រេច​តាម​គំនូរ​ប្លង់ ហើយ​ទើប​ឲ្យ​គេ​ឆ្លាក់ មិនមែន​ប្រគល់​ឲ្យ​អ្នក​ធ្លាប់ធ្វើ​ស្រេច​ចិត្ត​ទេ ?
វ​.​ម​៖ អត់​ទេ ធ្វើ​អញ្ចឹង​មិន​បានទេ យើង​ត្រូវមាន​ផែនការ​ច្បាស់លាស់​ទើប​អ្នក​ឆ្លាក់​ហ្នឹង​គេ​ចេះ​ធ្វើ នៅពេល​ខ្ញុំ​សាងសង់​ចេតិយ​ព្រះបាទ​សុរា​ម្រឹត​ក៏​អញ្ចឹង​ដែរ​។​

​រៃ​យំ​៖ គេ​ចាក់ពុម្ព​ដែរ​ឬ ?
​វ​.​ម​៖ ចាក់ពុម្ព​ដែរ តែ​ជួនកាល​ត្រូវ​ឆ្កឹះ​បន្ថែម​ឲ្យ​ក្បាច់​នោះ​ជ្រោះ ហើយ​លេចចេញ​។​

​រៃ​យំ​៖ ត្រង់​ហ្នឹង​ដែល​ខ្ញុំ​សំណាង ខ្ញុំ​បាន​ទៅ​រៀន​នៅ​សាលាស្រុក​បារាំង​។ នៅ​សាលា​នោះ​មាន​ពីរពាន់​នាក់ អ្នក​ដែល​ខិលខូច​ជាងគេ​បង្អស់ គឺ​ពួក​អាស៊ី​តិច​ហ្នឹង​។ តែ​នៅ​សាលា​នោះ​គឺ​សិស្ស​គំនូរ សិស្ស​អាស៊ី​តិច​អីៗ​រស់នៅ​ជាមួយគ្នា ដើរលេង​ជាមួយគ្នា ម្ល៉ោះហើយ​ពួកម៉ាក​ខ្ញុំ​ទាំងអស់​ស្រឡាញ់​វប្បធម៌ ហើយ​និយាយ​ជជែក​គ្នា​ពី​រឿង​សិល្បៈ​ទៅ​មើល​ពិព័រណ៍​អី​អញ្ចឹង ដល់​អញ្ចឹង​ទៅ​គឺថា​ម្នាក់ៗ​ស្គាល់​សិល្បៈ​ណាស់​ទោះបី​មិន​រៀន​ក៏ដោយ​។ ដល់ពេល​ខ្ញុំ​បង្កើត​សាកលវិទ្យាល័យ ខ្ញុំ​មិន​ចង់​ឲ្យ​សាលា​រចនា​ហ្នឹង​បែកបាក់​គ្នា​ទេ គឺថា​ទុក​ផ្នែក​ទាំងអស់​ឲ្យ​នៅ​ជាមួយគ្នា ដើម្បី​ឲ្យ​គេ​ចេះ​ស្រឡាញ់គ្នា សហការគ្នា តែ​សព្វថ្ងៃនេះ​មិនដឹង​យ៉ាងម៉េច​ទេ​។​

​រៃ​យំ​៖ លោកតា​! ទៅ​ពេល​គូរ​ប្លង់​ហើយ ទៅ​ជួប​ព្រះករុណា លោក​ដែល​ឲ្យ​យោបល់ ឬ​ផ្លាស់ប្តូរ​ប្លង់​ដែរ​ទេ ?
​វ​.​ម​៖ មិនដែល​ទេ លោក​មិនមែន​អញ្ចឹង​នោះទេ​។ លោក​ជាមួយនឹង​ខ្ញុំ​គឺថា​ធ្វើ​ម៉េច​ធ្វើទៅ​។ ពេល​លោក​ហៅ​ខ្ញុំ​ធ្វើ​ស្អី​មួយ គឺថា​កាន់​ក្រដាស​មួយ​សន្លឹក​មក​គូរ​បង្ហាញថា​៖ សហជីវិន​! ទីនេះ​ដាក់​សា​ឡុង (salon) ត្រង់នេះ​ដាក់​ផ្ទះបាយ នៅទីនេះ​ដាក់​កន្លែង​ទទួលភ្ញៀវ គឺ​ស្រណុក​ណាស់​ជាមួយ​លោក គ្មាន​ចាំបាច់​ធ្វើ​ប្លង់ présenter អី​ទេ​។​

រៃ​យំ​៖ លើក​ទី​១​ដែល​លោកតា​បាន​ជួប​ព្រះករុណា​គឺ​ពេលណា ?
​វ​.​ម​៖ ខ្ញុំ​ចាំ​ច្បាស់​ណាស់ កាលនោះ​គឺ​ពេល​សង់​វិមានឯករាជ្យ​ហ្នឹង គឺថា​ពេល​ត្រូវ​រក​ថ្មកែវ​មក​ក្រាល ដែល​បាន​ទិញ​មកពី​ស្រុក​ចិន​។ ខ្ញុំ​ក៏​យក​ថ្ម​ចូលទៅក្នុង​វាំង​ដើម្បី​ថ្វាយ​លោក​ទត ហើយនឹង​រើស​ពណ៌ ទៅ​ចាំ​ក្រោម​ដើម​ពោធិ​នៅក្នុង​វាំង​។ ចាំ​មួយស្របក់​ទៅ​ឃើញ​សម្តេច​ប៉ែន នុត មកហើយ​សម្តេច​ក៏​យាង​មក​ដែរ​។ សម្តេច​ប៉ែន នុត ណែនាំ​ខ្ញុំ​ឲ្យ​ស្គាល់​ព្រះករុណា​។ ខ្ញុំ​ភ័យ​ផង អរ​ផង​ចេះតែ​ធ្វើតាម​គាត់​ទៅ សម្តេច​ប៉ែន នុត និយាយថា​លោក​សព្វ​ព្រះរាជ​ហ​ប្ញ​ទ័យ ពណ៌​នេះៗ​អី​ទៅ ខ្ញុំ​អត់​ហ៊ាន​និយាយ​អី​សោះ រួចហើយ​ព្រះករុណា​លោក​បំពាក់​មេដាយ​ឲ្យ​ខ្ញុំ​ក្រោម​ដើម​ពោធិ​ហ្នឹង​ទៅ​៕


Tag:
 វណ្ណ ម៉ូលីវណ្ណ
© រក្សាសិទ្ធិដោយ thmeythmey.com