អន្តរជាតិ
សេ​អ៊ូ​ល​រំពឹងថា ព្យុងយ៉ាង​នឹង​បង្កបញ្ហា​កាន់តែច្រើន​នៅ​ខែក្រោយ ចំ​ខួប​បក្ស​កុម្មុយនីស្ត និង​សមាជ​បក្ស​ចិន
29, Sep 2017 , 7:39 pm        
រូបភាព
ដោយ:
​កូរ៉េខាងត្បូង​រំពឹងថា កូរ៉េខាងជើង​នឹង​បង្កបញ្ហា​ជា​បន្តបន្ទាប់​ទៀត​នៅ​ខែតុលា​ខាងមុខ ចំពេល​ដែលមាន​ការ​រំលឹក​ខួប​នៃ​ការបង្កើត​គណបក្ស​កុម្មុយនីស្ដ​កូរ៉េខាងជើង និង​សមាជ​បក្ស​កុម្មុយនីស្ត​ចិន​ផង​។​កូរ៉េខាងត្បូង​ក៏បាន​ព្រួយបារម្ភ​ដែរ​ថា ពាក្យ​គំរាមកំហែង​រវាង​អាមេរិក និង​កូរ៉េខាងជើង​អាច​បង្ក​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា​ជាយថាហេតុ​ដែរ​។​



​បន្ទាប់ពី​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នៅ​ថ្ងៃទី ២៧​ខែកញ្ញា លោក Chung Eui-yong សមាជិក​ទីប្រឹក្សា​សន្តិសុខ វាយតម្លៃថា  ក្រុង​ព្យុងយ៉ាង​នឹង​បង្កបញ្ហា​បន្ថែមទៀត​នៅពេល​ខាងមុខ ចំពេល​ខួបកំណើត​បក្ស​ក​ម្មុយ​នី​ស្ដ​របស់ខ្លួន និង​សមាជ​បក្ស​កុម្មុយនីស្ត​ចិន​នៅ​ខែតុលា​ខាងមុខ ។​

​លោក Chung Eui-yong ក៏បាន​ព្រួយបារម្ភ​ផងដែរ ពី​ការគំរាមកំហែង​ទៅវិញទៅមក​រវាង​អាមេរិក​និង​កូរ៉េខាងជើង ដែល​វា​អាច​បង្ក​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា​ថែម​ទៀតផង​។
«​លោក មូ​ន ចេ​អ៊ី​ន បាន​ប្រាប់ថា អាមេរិក​និយាយ​រឿង​ប្រើប្រាស់​យោធា ឬ​វិធានការ​ការទូត​។ ប៉ុន្តែ ច្បាស់​ណាស់​ថា កូរ៉េខាងត្បូង​មិនអាច​ធ្វើសង្គ្រាម​ជាថ្មី​ឡើយ​»​។ នេះ​ជា​សម្ដី​របស់លោក​Chung Eui-yong ដែល​បាន​ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​

​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​កាន់តែ​កើនឡើង​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ និង មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន គំរាម​កម្ទេច​គ្នា​ទៅវិញទៅមក ហើយ​កូរ៉េខាងជើង​ក៏​ចោទថា អាមេរិក​ប្រកាសសង្គ្រាម​ជាមួយគ្នា​ទៀត​។

​យ៉ាងណាមិញ ថ្លែង​ក្នុង​កិច្ចប្រជុំ​ខាងលើ​ដែរ ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន បាន​អះអាង​ជាថ្មី​ថា ដ្បិត​អាមេរិក និង​កូរ៉េខាងត្បូង​យល់ព្រម​បន្ថែម​សម្ពាធ​លើ​កូរ៉េខាងជើង​ក្តី ប្រទេស​ទាំងពីរ​នៅតែ​បើកទ្វារ​ចរចា​សម្រាប់​កូរ៉េខាងជើង​ជានិច្ច​។​

​ក្រៅពី​មានការ​ពិភាក្សា​ពី​បញ្ហា​ដែល​អាច​កើតមាន​ឡើងជា​បន្តបន្ទាប់​នៅពេល​ខាងមុខ ប្រធានាធិបតី លោក មូ​ន ចេ​អ៊ី​ន និង​ក្រុមប្រឹក្សាសន្តិសុខ​ក៏​ពិភាក្សា​ពី​ចំនាត់​ការដែល​ត្រូវ​ដាក់ចេញ​បន្ត​ដែរ​។ វា​មានការ​លើកឡើង​ពី​គម្រោង​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​អាមេរិក​នៅ​កូរ៉េខាងត្បូង ប៉ុន្តែ​លោក មូ​ន បាន​ឆ្លើយតប​ថា វា​ជា​រឿង​មិន​សមរម្យ​ឡើយ​ដែល​ត្រូវ​ជជែក​រឿង​ពង្រាយ​នុយក្លេអ៊ែរ​។

​ក្រៅពីនេះ​វា​ក៏មាន​ការជជែក​ពី​គម្រោង​ពង្រាយ​ខែល​ការពារ​មី​ស៊ី​ល​ដែរ​។ កន្លងមក លោក មូ​ន​ក៏​ធ្លាប់​ជំទាស់​គម្រោង​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD នៅក្នុង​ទឹកដី​កូរ៉េខាងត្បូង​ដែរ ប៉ុន្តែ​បញ្ហា​កើតឡើង​ច្រើន ហើយ​កូរ៉េខាងជើង​អាច​អភិវឌ្ឍ​មី​ស៊ី​ល​បាន​រហ័ស​ទៀត លោក​ក៏ត្រូវ​គិតគូរ​ឡើងវិញ​ដែរ​៕

Tag:
 មូ​ន ចេ​អ៊ី​ន​
  កូរ៉េខាងជើង​
 ​ កូរ៉េខាងត្បូង​
  Chung Eui-yong
© រក្សាសិទ្ធិដោយ thmeythmey.com