អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ហ្វីលីពីន​មិនទាន់​ប្រកាស​ជា​ផ្លូវការ​ពីថ្ងៃ​ឈប់សម្រាក អំឡុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឡើយ​
01, Oct 2017 , 9:19 pm        
រូបភាព
ដោយ:
 
​ហ្វីលីពីន​អះអាងថា វា​មិនទាន់មាន​ការប្រកាស​ជា​ផ្លូវការ​ពី​ការឈប់​សម្រាក​នៅពេល​ហ្វីលីពីន​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣១ និង​កិច្ចប្រជុំ​ផ្សេងៗ​នៅ​ខែវិច្ឆិកា​ឡើយ​។ ការអះអាង​បែបនេះ​កើតឡើង​បន្ទាប់ពី​មានការ​ផ្សព្វផ្សាយ​ថា បុគ្គលិក​រដ្ឋ​និង​ឯកជន​នឹងត្រូវ​អនុ​ញ្ញ​ត​ឲ្យ​សម្រាក​នៅ​ថ្ងៃទី​១៣-១៥ វិច្ឆិកា ចំ​ថ្ងៃ​ប្រជុំ​តែម្តង​។​


​វិមាន​ប្រធានាធិបតី​ហ្វីលីពីន​បានបញ្ជាក់​ថា ទាក់ទិន​នឹង​ការឈប់​សម្រាក​អំឡុង​ថ្ងៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣១ ដែល​នឹងត្រូវ​រៀបចំឡើង​នៅ​មូលដ្ឋាន​យោធា Clark នោះ  វា​មិនទាន់មាន​ការប្រកាស​ជា​ផ្លូវការ​នោះទេ​នៅពេល​បច្ចុប្បន្ន​។ 
 
​សារព័ត៌មាន​ហ្វីលីពីន Philippine Star ស្រង់​សម្តី​វិមាន​ប្រធាន​ប្រធានាធិបតី Malacañang ដូច្នេះ​៖ «​មិនមាន​ការប្រកាស​ជា​ផ្លូវការ​រឿង​ឈប់សម្រាក​ឡើយ​។ ប្រសិន​ជាមាន​ការឈប់​សម្រាក​នៅ​ថ្ងៃ​ប្រជុំ​កំពូល​អាស៊ាន​ពិតមែន រដ្ឋាភិបាល​នឹង​ប្រកាស​ឲ្យ​ដឹង​ជា​សាធារណៈ​»​។​
 
​វិមាន​ប្រធានាធិបតី​ហ្វីលីពីន​បាន​អះអាង​បែបនេះ បន្ទាប់ពី​មានការ​ផ្សព្វផ្សាយ​ថា វា​នឹងមាន​ការឈប់​សម្រាក​ជាពិសេស​ចាប់ពី​ថ្ងៃទី​១៣​ដល់​១៥ ខែវិច្ឆិកា អំឡុងពេល​ប្រជុំ​អាស៊ាន​។​
​ហ្វីលីពីន​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ឆ្នាំ ២០១៧ នេះ ហើយ​នៅ​ខែកញ្ញា​កិច្ចប្រជុំ​នានា​ទាំង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣១ កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា និង​កិច្ចប្រជុំ​អាស៊ាន​បូក​ជាច្រើន​ទៀត​នឹងត្រូវ​រៀបចំ​នៅ​ហ្វីលីពីន​។​
 
​អ្វីដែល​សំខាន់ ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​ទាំង​ដប់ រួមជាមួយ​មេដឹកនាំ​រដ្ឋ​ជា​ដៃគូ​សន្ទនា​នា​ផ្សេងទៀត​របស់​អាស៊ាន​ក៏​នឹងមាន​វត្ត​មាននៅ​ហ្វីលីពីន​ដូចគ្នា​។ គេ​រំពឹងថា ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ក៏​នឹង​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា និង​កិច្ចប្រជុំ​អាស៊ាន និង​អាមេរិក​ដែរ បន្ទាប់ពី​លោក​ចូលរួម​កិច្ចប្រជុំ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC) នៅ​វៀតណាម​៕

Tag:
 ហ្វីលីពីន​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com