កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ Man City គាំទ្រ​ការរិះគន់​របស់ Pique លើ​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ​ជុំវិញ​អំពើហិង្សា​នៅ Catalonia
02, Oct 2017 , 10:39 pm        
រូបភាព
​អ្នកចាត់ការ​ទូទៅ​ក្រុម Manchester City លោក Pep Guardiola បាន​គាំទ្រ​ការរិះគន់​របស់ Gerard Pique លើ​ដ្ឋា​ភិ​បាល​អេ​ស្ប៉ា​ញ​ជុំវិញ​ការបោះឆ្នោត​ធ្វើ​ប្រជាមតិ​ទាមទារ​ឯករាជ្យ​របស់​តំបន់​ស្វយ័ត Catalonia​។​



​ក្រោយ​មាន​អំពើហិង្សា​ពី​សំណាក់​ក្រុម​ប៉ូលីស​មកលើ​ប្រជាជន​ដែល​ព្យាយាម​ចូលទៅ​កាន់​ការិយាល័យ​បោះឆ្នោត​ធ្វើ​ប្រជាមតិ​ដើម្បី​ទាមទារ​ឯករាជ្យ​នៅ​តំបន់ Catalonia ពី​ប្រទេស​អេ​ស្ប៉ា​ញ​កាលពី​ថ្ងៃទី​១ ខែតុលា Gerard Pique ខ្សែការពារ​ក្រុម Barcelona បាន​រិះគន់​នាយករដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ​លោក Mariano Rajoy ថា​បាន​បង្កើត​នយោបាយ​អាក្រក់​បំផុត​មិន​ធ្លាប់​ឃើញ​ពីមុន​ម​ក្នុង​រយៈពេល ៥០​ឆ្នាំ​ចុង​ក្រោយនេះ​។​

​បើតាម​ការផ្សាយ​របស់ DailyMail ជុំវិញ​ការរិះគន់​របស់ Pique លោក Guardiola អ្នកចាត់ការ​ក្រុម Manchester City បច្ចុប្បន្ន បាន​គាំទ្រ​អតីត​កូនក្រុម​ខ្លួន​ផងដែរ​។ អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ វ័យ​៤៦​ឆ្នាំ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ​រៀន​តាម​គោលនយោបាយ​របស់​អង់គ្លេស ដោយ​អនុញ្ញាត​ឲ្យ​មានការ​បោះឆ្នោត​នៅ Catalonia​។ លើសពីនេះ​អតីត​គ្រូ Barcelona រូបនេះ ក៏បាន​សរសើរ​អ​តី​សមាជិក Manchester United ថា​ជា​បុរស​ក្លាន​ហាន​ទៀតផង​។​

​សូមបញ្ជាក់ថា ការបោះឆ្នោត​ប្រជាមតិ​ដើម្បី​ទាមទារ​ឯករាជ្យ​នៅ​តំបន់ Catalonia ពី​ប្រទេស​អេ​ស្ប៉ា​ញ មាន​មនុស្ស​ច្រើនជាង ៨៥០​នាក់​រងរបួស ក្នុងនោះ​៧០០​នាក់​ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​ក្រោយ​ប៉ះទង្គិច​គ្នា​រវាង​ប៉ូលីស​និង​ប្រជាជន ដែល​រដ្ឋាភិបាល​ទីក្រុង​ម៉ា​ឌ្រី​ត​បានប្រកាសថា​ជា​ទង្វើ​ខុសច្បាប់ និង​ជាហេតុ​ធ្វើ​ឲ្យ​ការប្រកួត​រវាង Barcelona និង Las Palmas ត្រូវធ្វើឡើង​ដោយ​គ្មាន​អ្នក​ចូល​ទស្សនា​ផងដែរ​៕


Tag:
 បាល់ទាត់​
  Pep Guardiola
  Gerard Pique
  Catalonia
© រក្សាសិទ្ធិដោយ thmeythmey.com