អន្តរជាតិ
តើ​ជន​ដែល​ធ្វើការ​បាញ់ប្រហារ​នៅ​ទីក្រុង Las Vegas សហរដ្ឋអាមេរិក ជា​នរណា​?
03, Oct 2017 , 7:59 pm        
រូបភាព
ដោយ: VOA
​ប៉ូលិស​នៅក្នុង​ទីក្រុង Las Vegas សហរដ្ឋអាមេរិក​បាន​កំណត់​អត្តសញ្ញាណ​ជន​ឈ្មោះ Stephen Paddock អាយុ​៦៤​ឆ្នាំ មកពី​ក្រុង Mesquite រដ្ឋ Nevada ថា​ជា​ខ្មាន់កាំភ្លើង​នៅក្នុង​បាញ់ប្រហារ​រង្គាល​ដ៏​ប្រល័យ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​ទំនើប​របស់​អាមេរិក​។​



​អាជ្ញាធរ​ជឿថា ជន Paddock នេះ បាន​បាញ់រះ​ទៅលើ​ហ្វូងមនុស្ស​ចំនួន​២២០០០​នាក់ ដែល​បាន​ចូលរួម​មើល​ការប្រគុំ​តន្ត្រី​កណ្តាលវាល​មួយ និង​បានសម្លាប់​មនុស្ស​អស់​ចំនួន​៥៨​នាក់ និង​ធ្វើ​ឲ្យ​របួស​រាប់រយ​នាក់​ទៀត មុន​ពេលដែល​រូបគេ​បានសម្លាប់​ខ្លួនឯង នៅក្នុង​បន្ទប់​សណ្ឋាគារ​មួយ ដែល​អាច​មើលឃើញ​កន្លែង​ប្រគុំ​តន្ត្រី​ទាំងមូល​នោះបាន​។​

​កាំភ្លើង​យ៉ាងហោចណាស់​ចំនួន​១០​គ្រឿង​ត្រូវបាន​រកឃើញ​នៅក្នុង​បន្ទប់​របស់​ជន​នោះ​នៅ​ជា​ន់ទី​៣២ នៃ​រមណីយដ្ឋាន Mandalay Bay​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​ប៉ូលិស​។ ជននេះ​បាន​ចូល​ស្នាក់​នៅក្នុង​សណ្ឋាគារ​នោះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ នេះ​បើ​យោងតាម​អាជ្ញាធរ​។​

​មូលហេតុ​នៃ​ការបាញ់ប្រហារ​ដ៏​ប្រល័យ​នេះ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​។ ប៉ូលិស​និយាយថា ជន Paddock នេះ មិនមាន​ប្រវត្តិ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​អ្វី​នោះទេ​។ ប៉ូលិស​FBI បាន​បន្ថែមថា ជននេះ​គ្មាន​ការពាក់ព័ន្ធ​នឹង​ក្រុម​ភេរវកម្ម​អន្តរជាតិ​ណាមួយ​នោះទេ​។ ចំណែកឯ​ក្រុម​រដ្ឋ​ឥស្លាម​បាន​អះអាងថា​ការវាយប្រហារ​នេះ​គឺជា​ស្នាដៃ​របស់ខ្លួន ប៉ុន្តែ​មិនបាន​ផ្តល់​ភស្តុតាង​អ្វី​ចំពោះ​ការអះអាង​នេះ​នោះទេ​។​

​លោក Eric Paddock ដែល​បងប្អូន​ប្រុស​រប​ស់ជន​សង្ស័យ​បាន​ប្រាប់​កាសែត Washington Post ថា «​យើង​មិនដឹង​អ្វី​ទាំងអស់​។ វា​ដូចជា​អ្នក​ប្រាប់​ខ្ញុំ​ថា ផ្កាយ​ព្រះ​គោ​នៅ​ចន្លោះ​ផ្កាយ​អង្គារ​និង​ផ្កាយ​ព្រហស្បតិ៍​អញ្ចឹង​។ វា​មិន​សម​ទាល់តែសោះ គ្មាន​មូលហេតុ​ណាមួយ​ដែល​គេ​ធ្វើ​ដូច្នេះ​នោះទេ​។ គេ​គ្រាន់តែ​ជា​មនុស្ស​ដែល​ចូលចិត្ត​លេង​វីដេអូ​ហ្គេម ជិះ​កប៉ាល់​ដើរលេង និង​ញ៉ាំ burrito នៅ Taco Bell ប៉ុណ្ណោះ​។ គេ​គ្មាន​ពាក់ព័ន្ធ​នឹង​នយោបាយ​អ្វី​នោះទេ តាម​ដែល​ខ្ញុំ​ដឹង​។ ហើយក៏​មិន​ពាក់ព័ន្ធ​នឹង​សាសនា​អ្វី​ដែរ តាម​ដែល​យើង​ដឹង​មក​»​។​

​អ្នកជិតខាង​នៅក្នុង​រដ្ឋ Nevada បាន​ពណ៌នា​ជន Paddock ដែល​បាន​ចូលនិវត្តន៍​ហើយ​នេះ និង​រស់នៅក្នុង​ក្រុង​មួយ​ដែល​ស្ថិតនៅ​ចម្ងាយ​១៣០​គីឡូម៉ែត្រ​ពី​ទីក្រុង Las Vegas ថា​ជា​មនុ​ស្សញៀន​ល្បែង និង​រស់នៅ​ជាមួយនឹង​មិត្តស្រី​របស់គេ ឈ្មោះ Marilou Danley​។​

​អាជ្ញាធរ​ពីដំបូង​ឡើយ​បាន​និយាយថា ពួកគេ​កំពុងតែ​ស្វែងរក​នាង Danley នៅក្នុង​ការស៊ើបអង្កេត​នេះ​។ ក្រោយមក​ពួកគេ​និយាយថា នាង​ត្រូវបាន​រកឃើញ ហើយ​កំពុងស្ថិត​នៅក្នុង​ការឃុំ​ខ្លួន​របស់​ប៉ូលិស ប៉ុន្តែ​ប៉ូលិស​ជឿថា នាង​មិន​ពាក់ព័ន្ធ​នឹង​ការបាញ់ប្រហារ​នេះនោះ​ទេ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com