ជាតិ
សេដ្ឋកិច្ច
ADB សម្រេច​ផ្ដល់​ប្រាក់កម្ចី ៧០​លាន​ដុល្លារ​ដល់​កម្ពុជា សម្រាប់​កែលំអ​ផ្លូវថ្នល់​
03, Oct 2017 , 8:19 pm         1623
រូបភាព
​ភ្នំពេញ​៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័ត​ផ្ដល់ប្រាក់​កម្ចី​ចំនួន ៧០​លាន​ដុល្លារ​អាមេរិក ដើម្បី​ជួយ​ជំរុញ​ការអភិវឌ្ឍន៍​វិស័យ​ដឹកជញ្ជូន​របស់​កម្ពុជា​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់ ADB នៅ​ថ្ងៃទី​២៩​ខែកញ្ញា​។​


​ការផ្ដល់ប្រាក់​កម្ចី​នេះ ត្រូវបាន ADB អះអាងថា គឺ​ដើម្បី​ជួយ​គាំទ្រ​វិស័យ​ដឹកជញ្ជូន​របស់​កម្ពុជា ឲ្យ​មាន​ប្រសិទ្ធភាព និង​សុវត្ថិភាព​ជាង​មុន ជាពិសេស​ប្រាក់កម្ចី​នេះ​ផ្ដោតលើ​ការកែលំអ​ផ្លូវថ្នល់​ក្នុង​ខេត្តព្រៃវែង សៀមរាប និង​ខេត្តស្វាយរៀង​។ ហិរញ្ញប្បទាន​នេះ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ច្រករបៀង​សេដ្ឋកិច្ច​ភាគខាងត្បូង​នៃ​មហា​អនុតំបន់​ទន្លេមេគង្គ ដែល​គាំទ្រ​ដោយ ADB ក្នុង​បំណង​ជំរុញ​ការតភ្ជាប់​ទីក្រុង​បាងកក ភ្នំពេញ និង​ទីក្រុង​ហូជីមិញ​។ 

​អ្នកជំនាញ​ជាន់ខ្ពស់​ផ្នែក​ដឹកជញ្ជូន​របស់ ADB លោក Oyunchimeg Erdene បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា​៖«​ក្នុងប្រទេស​កម្ពុជា ផ្លូវថ្នល់​ជា​មធ្យោបាយ​ដឹកជញ្ជូន​ដ៏​សំខាន់ ដែល​ធ្វើ​ឲ្យ​ការដឹកជញ្ជូន​តាមផ្លូវ​គោក​មាន​សារប្រយោជន៍​ដល់​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​។ ទោះយ៉ាងណា អនុវិស័យ​ផ្នែក​ផ្លូវថ្នល់​នៅ​កម្ពុជា​នៅតែ​គ្មាន​ប្រសិទ្ធភាព និង​បែកបាក់​»​។ បើតាម​អ្នកជំនាញ​រូបនេះ គម្រោង​នេះ​ក៏​នឹង​ជួយ​បង្កើន​សមត្ថភាព​របស់​រដ្ឋាភិបាល​ក្នុងការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ផ្លូវថ្នល់​ផងដែរ​។​

​យោងតាម ADB បណ្ដាញ​ផ្លូវថ្នល់​របស់​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ មាន​កម្រិត​ត​ភ្ជាប់ និង​ប្រសិទ្ធភាព​ទាប ដោយសារ​ក្របខណ្ឌ​បទបញ្ញត្តិ​មិន​ពេញលេញ សមត្ថភាព​ស្ថាប័ន​ទាប ការចូលរួម​របស់​ផ្នែក​ឯកជន​នៅមានកម្រិត និង​កង្វះ​និរន្ត​ភាព​ទ្រព្យសម្បត្តិ​ផ្លូវថ្នល់​។ ADB គូសបញ្ជាក់ថា ផ្លូវជាតិ និង​ផ្លូវ​ខេត្ត​មួយចំនួន​ក្នុងចំណោម​ផ្លូវថ្នល់​ប្រវែង ១៥៤០០ គីឡូម៉ែត្រ​ដែល​គ្រប់គ្រង​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ត្រូវ​ជួសជុល​ឡើងវិញ ដើម្បី​សម្រួល​ការតភ្ជាប់​របស់​កម្ពុជា ពិសេស​ត​ភ្ជាប់​ជាមួយ​ប្រទេសជិតខាង​កម្ពុជា ក្នុង​តំបន់​មហា​អនុតំបន់​ទន្លេមេគង្គ (GMS)៕

© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev123next