មេបក្ស​ស្មូម​? មន្ត្រី​កិច្ចសន្យា​សង្គមកិច្ច​ត្រូវ​ចាប់ខ្លួន​ពីបទ​ទារលុយ​ពី​អ្នកសុំទាន​នៅតាម​ស្តុ​ប​
ជាតិ
សង្គមជាតិ
មេបក្ស​ស្មូម​? មន្ត្រី​កិច្ចសន្យា​សង្គមកិច្ច​ត្រូវ​ចាប់ខ្លួន​ពីបទ​ទារលុយ​ពី​អ្នកសុំទាន​នៅតាម​ស្តុ​ប​
04, Oct 2017 , 10:51 am        
រូបភាព
ជន​សង្ស័យ​៣រូបត្រូវបញ្ជូនទៅតុលាការ។ រូបថត រាជអាវុធហត្ថភ្នំពេញ
ជន​សង្ស័យ​៣រូបត្រូវបញ្ជូនទៅតុលាការ។ រូបថត រាជអាវុធហត្ថភ្នំពេញ
ដោយ: រួបរួម
​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៧ បាន​បញ្ជូន​ជនសង្ស័យ​៣​រូប​ទៅ​តុលាការ បន្ទាប់ពី​ស្រាវជ្រាវ​ឃើញថា អ្នក​ទាំងនោះ​ជាប់​ពាក់ព័ន្ធ​នឹង​ការសហការ​ទទួលយក​ប្រយោជន៍​ពី​អ្នកសុំទាន​។ បើតាម​ថ្នាក់ដឹកនាំ​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ ជនសង្ស័យ​២​នាក់​គឺជា​បុគ្គលិក​ជាប់កិច្ចសន្យា​។​



«​មេបក្ស​ស្មូម​៣​នាក់​ជាប់អន្ទាក់​សមត្ថ​កិច្ច​!»​។ ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បានដាក់​ចំណងជើង​អត្ថបទ​ខ្លួន​យ៉ាង​ដូច្នេះ ពាក់ព័ន្ធ​នឹង​ការចាប់ខ្លួន​បុគ្គលិក​ជាប់កិច្ចសន្យា​២​នាក់​របស់​មន្ទីរ​សង្គម​កិច្ច អតីតយុទ្ធជន និង​ស្តារ​នីតិ​សម្បា​ទា រាជធានី​ភ្នំពេញ និង​ម្នាក់ទៀត ជា​អ្នកទទួលបន្ទុក​ដើរ​ប្រមូល​លុយ​ពី​អ្នកសុំទាន​។​

​កាលពី​ថ្ងៃទី​១ ខែតុលា សមត្ថកិច្ច​រាជធានី​ភ្នំពេញ ដែល​កងរាជអាវុធហត្ថ និង​មន្ទីរ​សង្គមកិច្ច បាន​សហការគ្នា​ស្រាវជ្រាវ ប្រមូល​អ្នកសុំទាន ដែលមាន​រចនាសម្ព័ន្ធ រហូតដល់​ចាប់បាន​បុគ្គលិក​ជាប់កិច្ចសន្យា​រប​ស់​មន្ទីរ​សង្គម​២​រូប រួមមាន  ឈ្មោះ ឃុ​ត នឹម ហៅ​តា​លឹម អាយុ​៥៥​ឆ្នាំ និង​ឈ្មោះ​ហឹ​ង សា​រ៉ូម ហៅ តា​រុំ អាយុ​៤២​ឆ្នាំ ដោយឡែក​ឈ្មោះ សាន សិត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជា​អតីត​ជា​អ្នកសុំទាន ដែលមាន​តួនាទី​អ្នកដើរ​ប្រមូល​លុយ​ពី​អ្នកសុំទាន​តាម​ភ្លើងស្តុប ឲ្យ​ទៅ​មន្ត្រី​ជាប់កិច្ចសន្យា​ទាំង​ពីររូប​ខាងលើ​។​

​យោងតាម​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ជនសង្ស័យ​បាន​សារភាពថា ពួកគេ​ប្រមូល​លុយ ពី​អ្នកសុំទាន​រៀងរាល់ថ្ងៃ នៅតាម​ភ្លើងស្តុប ដោយ​អ្នកសុំទាន​ម្នាក់​ត្រូវ​បង់​១​ម៉ឺន ទៅ​១​ម៉ឺន​២​ពាន់​រៀល​ក្នុង​១​ថ្ងៃ ហើយ​១​សប្តាហ៍ ទើប​ឈ្មោះ​សាន សិត យកលុយ​ប្រគល់​ឲ្យ​តា​លឹម និង​តា​រុំ​ម្តង ដោយ​តា​លឹម​យក​ចំណែក​អ្នកដើរ​សុំ​នៅ​ស្តុ​ប​អាងទឹក ស្តុ​ប​ពេទ្យ​ចិន ស្តុ​ប​ផ្សារ​ដើម​គោ និង​ភូមិសាស្ត្រ​ក្បែរ​គ្នា រីឯ​តា​រុំ យក​ចំណែក​អ្នកដើរ​សុំ​នៅ​ស្តុ​ប​កាណាឌីយ៉ា ស្តុ​ប​បូកគោ និង​ប៉ែក​ខាង​មាត់ទន្លេ​។​

​ការយក​លុយ​ពី​អ្នកសុំទាន​នេះ ជា​ថ្នូរ​ជាមួយនឹង​ការ​ផ្តល់ព័ត៌មាន នៅពេលណា​ដែល មន្ទីរ​សង្គមកិច្ច និង​សមត្ថកិច្ច​ចុះ​បោសសំអាត​ប្រមូល​អ្នកសុំទាន អ្នកញៀន​ថ្នាំ និង​ក្មេង​អានា​ថា​តាម​ដងផ្លូវ តែបើ​ពួក​អ្នកសុំទាន​ទាំងនោះ មិន​ព្រម​បង់លុយ​ឲ្យ​ទេ ឈ្មោះ សាន សិត គម្រាមថា នឹង​រាយការណ៍​ឲ្យ​ខាង​មន្ទីរ​សង្គមកិច្ច​និង​សមត្ថកិច្ច ចុះ​ចាប់​ពួកគេ​។​

​សម្រាប់​លោកស្រី មុំ ចាន់​ដា​នី ប្រធានស្តីទី​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ នេះ​ជាការ​យុទ្ធនាការ​វះកាត់​ដង្កូវ​ដែល​ចេញពី​សាច់​។ រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​គូសបញ្ជាក់​ផងដែរ​ថា ហេតុផល​នៃ​ការដើរ​សុំទាន មួយចំនួន​ពុំមែន​មកពី​ភាពក្រីក្រ​នោះទេ តែ​មកពី ភាព​ខ្ជិល​ប្រអូស របស់​បុគ្គល ហើយ​ជាមួយគ្នានេះ​បុគ្គល​ខិលខូច​មួយចំនួន ឆ្លៀតឱកាស​កេងចំណេញ ទាញយក​ផលប្រយោជន៍ ពី​អ្នកសុំទាន​ទាំងនោះ​ដែល ធ្វើ​ឲ្យ​សកម្មភាព​បង្ក្រាប​របស់​សមត្ថកិច្ច ហាក់ដូច​ជាការ​វែក​ចក​៕


Tag:
 សង្គមកិច្ច​
  សុំទាន
© រក្សាសិទ្ធិដោយ thmeythmey.com