ជាតិ
ដកហូត​ឯកសារ​បរទេស​ខុសច្បាប់​ជាង​៧​ម៉ឺន​នាក់​ក្នុងនោះ​វៀតណាម​៩៩​ភាគរយ
04, Oct 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ បាន​ដកហូត​ឯកសារ​ខុសច្បាប់​ពី​ជនបរទេស ដែល​បានរស់នៅ​ប្រទេស​កម្ពុជា ជាង​៧​ម៉ឺន​នាក់ ដោយ​ក្នុងនោះ​មាន​ជនជាតិ​វៀតណាម ចំនួន​៩៩​ភាគរយ​។​



​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ លោក សុខ ផល បាន​និយាយថា ជនបរទេស​ជាង​ប្រាំពីរ​ម៉ឺន​នាក់ ដែល​សមត្ថកិច្ច​បាន​ដកហូត​ឯកសារ​មិន​ត្រឹមត្រូវ​នោះ មាន​ចំនួន​៥​សញ្ជាតិ ដោយ​ជនជាតិ​វៀតណាម​មាន​ចំនួន​៩៩​ភាគរយ​។ បើតាម​លោក សុខ ផល បន្ទាប់ពី​អាជ្ញាធរ​ប្រកាស​ដកហូត​ឯកសារ​មិន​ប្រក្រតី​ទាំងនេះហើយ ជនបរទេស​ទាំងនោះ​នឹង​ឲ្យ​វិលត្រឡប់​ទៅកាន់​ប្រទេស​របស់​ពួកគេ​វិញ​។ ប៉ុន្តែ​សម្រាប់​ជនបរទេស​ដែល​ចង់​ស្នាក់នៅ​បន្ត ត្រូវដាក់​ពាក្យសុំ​រៀបចំ​ឯកសារ​ត្រឹមត្រូវ ដើម្បី​ក្លាយជា​ជនអន្ដោប្រវេសន៍​ស្របច្បាប់​។​

​ថ្លែងប្រាប់​អ្នកសារព័ត៌មាន ក្រោយ​កិច្ចប្រជុំ​ស្តីពី​ការលុបចោល និង​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​ដែល​ជនបរទេស​កំពុងកាន់​កាប់​ប្រើប្រាស់ នៅ​ព្រឹក​ថ្ងៃទី​៤ តុលា​នេះ លោក សុខ ផល បានបញ្ជាក់​ដូច្នេះ​ថា​៖«​អ្នក​ដែល​កាន់កាប់​ឯកសារ​មិន​ប្រក្រតី រហូតមកដល់​បច្ចុប្បន្ន​នេះ​ជាង​៧​ម៉ឺន​នាក់ ។​ដូចនេះ​យើង​ប្រកាស​បដិសេធ​ឯកសារ​ទាំងអស់នោះ មាន​៦​មុខ​ដូចជា សៀវភៅ​ស្នាក់នៅ សៀវភៅ​គ្រួសារ អត្តសញ្ញាណ​បណ្ណ និង​លិខិតឆ្លងដែន​ជាដើម យើង​បដិសេធចោល​ទៅដោយ​ធ្វើការ​ដកហូត​ពី​ពួកគាត់ ហើយ​ប្រកាសថា​ឯកសារ​ទាំងអស់នេះ​ពុំមាន​ប្រសិទ្ធិភាព​ក្នុងការ​អនុវត្ត​បន្តទៅទៀត​ទេ​»​។​

​កន្លងមក​ជនបរទេស ជាង​១៩,០០០​នាក់​ហើយ ដែល​អាជ្ញាធរ​កម្ពុជា​ចាប់​បញ្ជូនទៅ​ប្រទេស​របស់គេ​វិញ​។ នេះ​បើតាម​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។​

​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​រឹតបន្តឹង ចំពោះ​ជនអន្តោប្រវេសន៍ ដោយ​មិន​អនុញ្ញាតិ​ឲ្យ​មន្ត្រី​ណា​ម្នាក់ រៀបចំ​ឯកសារ​មិន​ត្រឹមត្រូវ​ឲ្យ​ជនបរទេស​ទៀត​នោះឡើយ ។ សម្ដេច ស ខេង បាន​ព្រមាន​ថា ប្រសិនបើ​រកឃើញ​មន្ត្រី​ណា​ដែល​នៅតែ​បន្ត​រៀបចំ​ឯកសារ​ឲ្យ​ជនបរទេស​ខុសច្បាប់​ទៀត​នោះ បុគ្គល ឬ​មន្ត្រី​នោះ​នឹងត្រូវ​មានទោស​តាមច្បាប់​ជាក់​ជាមិនខាន​។​

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រូបនេះ បាន​អត្ថាធិប្បាយ​យ៉ាង​ដូច្នេះ​ថា​៖« ការដែល​មាន​ជនអន្តោប្រវេសន៍​រស់នៅ​ប្រទេស​កម្ពុជា ដោយ​ខុសច្បាប់ និង​ឯកសារ​មិន​ប្រក្រតី​នេះ គឺ​កើតចេញពី​មន្ត្រី​ជា​អ្នកផ្តល់​ជូន​ពួកគេ​។ ក៏ប៉ុន្តែ​នាពេល​បច្ចុប្បន្ននេះ យើង​នឹងមិន​បណ្តែតបណ្តោយ​អោយ​មន្ត្រី​ទាំងនោះ បន្តសកម្មភាព​ត​ទៀត​នោះទេ ដូច្នេះ​មន្ត្រី​ទាំងអស់​ត្រូវតែ​អនុវត្តន៍​ទៅតាម​ច្បាប់ ហើយ​ដាក់​កំហិត​ដាច់ខាត​ចំពោះ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ទាំងនោះ​។ ក៏ប៉ុន្តែ​ទោះជា​យ៉ាងណា​កម្ពុជា​មិន​អនុវត្ត​ដោយ​បង្ខំ​ដូច​សម័យ ប៉ុល ពត និង​សម័យ លន់ ណុល នោះឡើយ​»៕

Tag:
 សុខ ផល​
  វៀតណាម​
  មហាផ្ទៃ​
© រក្សាសិទ្ធិដោយ thmeythmey.com