ជាតិ
សេដ្ឋកិច្ច
គណៈកម្មការ​ប្រឹក្សា​ការងារ នឹង​សម្រេច​ចុងក្រោយ​លើ​ប្រាក់ខែ​កម្មករ​ឆ្នាំ​២០១៨
04, Oct 2017 , 9:19 pm        
រូបភាព
រូបថត៖ បេឡាជាតិសន្តិសុខសង្គម(បសស)
រូបថត៖ បេឡាជាតិសន្តិសុខសង្គម(បសស)
ដោយ:
​ភ្នំពេញ​៖ គណៈកម្មការ​ប្រឹក្សា​ការងារ នឹង​សម្រេច​ចុងក្រោយ​លើ​លើ​តួលេខ​ប្រាក់​ឈ្នួល​អប្ប​បរិ​មា​របស់​កម្មករ​នៅ​ឆ្នាំ​២០១៨ នៅ​ថ្ងៃទី​៥ តុលា​។ ការសម្រេច​ចុងក្រោយ​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រុមការងារ​ត្រីភាគី បាន​បញ្ជូន​សំណើរ​របស់ខ្លួន​ទៅ​គណៈកម្មការ​ប្រឹក្សា​ការងារ ដើម្បី​កោះប្រជុំ​អនុម័ត​។


  
​បន្ទាប់ពី​ប្រជុំ​ជាច្រើនលើក​ច្រើនសា​រួចមក ក្រុមការងារ​ត្រីភាគី បាន​សម្រេចយក​តួលេខ​ប្រាក់​ឈ្នួល​អប្បបរិមាណ​ចុងក្រោយ​របស់ខ្លួន បញ្ជូនទៅ​គណៈកម្មការ​ប្រឹក្សា​ការងារ​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៣ ខែតុលា​។  
 
​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ខាងលើ លទ្ធផល​នៃ​កិច្ចប្រជុំ​ចុងក្រោយ​នេះ គឺ​ភាគី​និយោជក​សម្រេចយក​តួលេខ​១៦២​ដុល្លារ ខាង​រដ្ឋាភិបាល បាន​សម្របសម្រួល​យក​តួលេខ ១៦៥​ដុល្លារ ខណៈ​ខាង​សហជីព​យក​តួលេខ​១៧០​ដុល្លារ ។ ប៉ុន្តែ​លទ្ធផល​បែបណា​នោះ គឺ​វា​អាស្រ័យ​លើ​ការសម្រេច​របស់​គណៈកម្មកា​រ​ប្រឹក្សា​ការងារ ដែល​នឹង​កោះប្រជុំ​ពិនិត្យ​លើ​សំណើរ​របស់​ភាគី​នីមួយៗ នៅ​ល្ងាច​ថ្ងៃទី​៥ ខែតុលា​។ 
 
​តែ​យ៉ាងណា​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​លើកឡើងថា ប្រាក់ខែ​គោល​របស់​កម្មករ​រោងចក្រ​នៅ​ឆ្នាំ​២០១៨​ខាងមុខនេះ គឺ​មិន​ទាប​ជាង​១៦០​ដុល្លារ​ឡើយ ។ បើតាម​ប្រមុខ​រដ្ឋាភិបាល ប្រាក់ខែ​ជាង​១៦០​ដុល្លារ​នេះ គឺ​ភាគី​ខាង​និយោជក​អាចមាន​លទ្ធភាព ក្នុងការ​ផ្ដល់ជូន​កម្ម​ករ​ទូទាំងប្រទេស​។​
 
​សូម​រម្លឹកថា ប្រាក់​ឈ្នួល​អប្បបរិមាណ​កម្មករ​កម្មការិនី​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិតផល​ស្បែកជើង​នៅ​ឆ្នាំ​២០១៧​នេះ គឺមាន​ចំនួន​១៥៣​ដុល្លារ​សហរដ្ឋអាមេរិក​៕       
 

Tag:
 កម្មករ​
 ​ប្រាក់​ឈ្នួល​
© រក្សាសិទ្ធិដោយ thmeythmey.com