ជាតិ
សេដ្ឋកិច្ច
ធនាគារពិភពលោក ព្យាករ​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ឆ្នាំនេះ ៦,៨​ភាគរយ
05, Oct 2017 , 9:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ធនាគារពិភពលោក (World Bank) បាន​ព្យាករ​ថា កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​ធ្លាក់ចុះ​បន្តិច​នៅ​ឆ្នាំ​២០១៧​នេះ​។ មូលហេតុ​នៃ​ការធ្លាក់ចុះ ដោយសារ​ការ​ថមថយ​នៃ​វិស័យ​កាត់ដេរ​។ នេះ​បើតាម​របាយការណ៍​បច្ចុប្បន្ន​ភាព​របស់​ធនាគារ​នេះ​ស្ដីពី​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​៤​ខែតុលា​។​



​សេដ្ឋកិច្ចកម្ពុជា ត្រូវបាន​ព្យាករ​ថា​នឹង​ធ្លាក់​មក​នៅត្រឹម ៦,៨ ភាគរយ​នៅ​ឆ្នាំ​២០១៧​នេះ ដែល​ថយចុះ​បន្តិច​ធៀប​នឹង ៧ ភាគរយ​នៅ​ឆ្នាំ ២០១៦​។ ការថយចុះ​នៃ​កំណើន​នេះ ត្រូវបាន ធនាគារពិភពលោក (World Bank) កត់សម្គាល់​ពី​ការ​ថមថយ​ល្បឿន​បន្តិច​នៃ​វិស័យ​វាយ​ន​ភណ្ឌ​។ បើតាម​ធនាគារពិភពលោក ការនាំចេញ​ក្នុង​វិស័យនេះ បាន​ថយ​ចុះមក​ត្រឹម ៥,៤ ភាគរយ​ក្នុង​ឆមាស​ទី​១​ឆ្នាំនេះ បើ​ធៀប​នឹង​ការនាំចេញ ៨,៤ ភាគរយ កាលពី​ឆ្នាំ​២០១៦ ស្រប​ពេលដែល​ប្រាក់​ឈ្នួល​កើនឡើង​។ ប៉ុន្តែ​ការ​ថមថយ​នេះ​ត្រូវបាន​កាត់កង​ខ្លះ ដោយសារ​កំណើន​នៃ​ការនាំចេញ​ផលិតផល​ឧស្សាហកម្ម​ផ្សេងៗ និង​វិស័យ​ទេសចរណ៍​។ 

​តែ​យ៉ាងណា​ធនាគារពិភពលោក រំពឹងថា កំណើនសេដ្ឋកិច្ច​កម្ពុជា​នឹង​កើនឡើង​បន្តិច​វិញ ក្នុង​រង្វង់ ៦,៩ ភាគរយ​នៅ​ឆ្នាំ​២០១៨​ខាងមុខ​។

​ជាមួយគ្នានេះ World Bank បាន​ចាប់អារម្មណ៍​លើ​ផលិតផល​នាំចេញ​ដែល​ទើប​លេចចេញ​ជា​រូបរាង​នៅពេល​ថ្មីៗ​នេះ ដែល​បង្ហាញ​ពី​ការឈាន​ទៅមុខ​នៃ​ពិពិធ​កម្ម​នាំចេញ​។ ការនាំចេញ​សរុប​នៃ​ផលិតផល​ដូចជា គ្រឿង​ម៉ាស៊ីន គ្រឿងអគ្គិសនី ឧបករណ៍​មេកានិច គ្រឿងបន្លាស់​ជាដើម បាន​កើន​ឡើងដល់ ៨,៧ ភាគរយ ដែល​កាលពី​ឆ្នាំ​២០១០ កំណើន​នេះ​មាន​ត្រឹម ២ ភាគរយ​ប៉ុណ្ណោះ​។​

​អតិផរណា​បន្ត​ថយចុះ​នៅត្រឹម ២,៣​ភាគរយ គិត​ត្រឹម​ពាក់កណ្ដាល់​ឆ្នាំ​២០១៧​នេះ ដែល​ធ្លាក់ចុះ​ពី ៣,៩ ភាគរយ កាលពី​ឆ្នាំ​២០១៦ កន្លងទៅ​។ រីឯ​ស្ថានភាព​សារពើពន្ធ​នៅ​បន្ត​ស្ថិរភាព និង​អាច​បន្ត​ការគាំទ្រ​ដល់​កំណើន​ជារួម​។ នេះ​បើតាម​របាយការណ៍​ខាងលើ​។​

​ប៉ុន្តែ​លទ្ធផល​កំណើនសេដ្ឋកិច្ច​កម្ពុជា​ជាក់ស្ដែង​នឹង​ទាប​ជាង​ការ​ព្យាករ​នេះ​ទៅទៀត បើសិនណា​ហានិភ័យ​កើន​មាន​ឡើង​។ នេះ​បើតាម World Bank ដែល​បានកំណត់​ហានិភ័យ​បណ្ដាលមកពី​ការ​ថមថយ​យ៉ាងគំហុក នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន និង​ភាពមិនប្រាកដប្រជា​ដែល​អាច​កើតឡើង​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ឆ្នាំ​២០១៨​ខាងមុខនេះ​។​

​យ៉ាងណាមិញ World Bank បាន​ជំរុញ​ឲ្យ​កម្ពុជា​យកចិត្ត​ទុក​លើ​វិស័យ​ឧស្សាហកម្ម​កមន្តសាល ដែលជា​វិស័យ​ផ្ដល់នូវ​តម្លៃបន្ថែម​ខ្ពស់​។ ធនាគារ​នេះ គាំទ្រ​ឲ្យ​កម្ពុជា​អនុវត្ត​តម្លៃ​អគ្គិសនី​ដែលមាន​ភាព​ប្រកួតប្រជែង និង​ជំរុញ​ការបណ្ដុះបណ្ដាល​ជំនាញ​។ ជាមួយគ្នានេះ កម្ពុជា​ត្រូវធ្វើ​ឲ្យ​ប្រសើ​ឡើង​នូវ​បរិយាកាស​ធុរកិច្ច ដែល​កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​ទាប​លើ​ផ្នែក​នេះ​កន្លងមក​៕


© រក្សាសិទ្ធិដោយ thmeythmey.com