ជាតិ
វីដេអូ
សេដ្ឋកិច្ច
រសជាតិ​ឆ្ងាញ់​ធ្វើ​ឲ្យ​អ្នកស្រី លន់ លក់ដាច់​មាន់​អាំង​៣៥០​ក្បាល​/​ថ្ងៃ​, ចំណេញ​ជាង​១០០​ដុល្លារ​/​ថ្ងៃ​
07, Oct 2017 , 1:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ ប្រសិនបើ​និយាយ​ពី​ក្បួនខ្នាត​ក្នុង​ការធ្វើ​ជំនួញ អ្នកស្រី លន់ ប្រហែលជា​គ្មាន​រូបមន្ត​ពិតប្រាកដ​យកមក​បង្ហាញ​ឡើយ​។ ហាង​តូច​ល្មម​ស្ថិតនៅក្នុង​ស្រុក​ពួក តាម​ដងផ្លូវ​ចេញពី​ខេត្តសៀមរាប​ឆ្ពោះទៅកាន់​ខេត្តបន្ទាយមានជ័យ​។ ជា​ហាង​សាមញ្ញ​ធម្មតា គ្មាន​ទាំង​កន្លែង​អង្គុយ​ត្រឹមត្រូវ​ប៉ុន្មាន​ផង​។ អតិថិជន​ដែល​ចុះ​ពីលើ​រថយន្ត ហើយ​ដើ​តម្រង់​មក​ទិញ​មាន់​អាំង​ពី​ហាង​អ្នកស្រី លន់ ភាគច្រើន​ត្រូវ​ឈរ​រង់ចាំ​ការ​ចម្អិន​មាន់​អាំង​ដោយ​អំណត់​។ ហាង​មិនសូវ​ធំដុំ គ្មាន​ស្តង់ដា​អន្តរជាតិ​មែន តែ​ហាង​មួយ​នេះ​អាច​ទាក់ទាញ​អតិថិជន​បាន​យ៉ាងច្រើន​។ ក្នុង​មួយថ្ងៃៗ ហាង​អ្នកស្រី អ៊ំ លន់ អាច​លក់​មាន់​អាំង​ពី​៣០០​ទៅ​៤០០​ក្បាល​ជាមួយនឹង​ប្រាក់ចំណូល​ជាង​៧​លាន​រៀល​ប្រចាំថ្ងៃ ហើយ​ប្រាក់ចំណេញ​ប្រចាំថ្ងៃ​ជាង​៥២​ម៉ឺន​រៀល​។ លក់ដាច់​ខ្លាំង ព្រោះតែ​មាន់​អាំង​អ្នកស្រី​ឆ្ងាញ់​។ សាច់មាន់​ស្រែ​ក៏​ឆ្ងាញ់ ហើយ​ទឹកជ្រលក់​ក៏​ឆ្ងាញ់​ដែរ​។



ខាងក្រោម​នេះ​ជា​បទ​សម្ភាស​ខ្លី​រវាង​អ្នកសារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​ម្ចាស់​ហាង​អ្នកស្រី លន់​។ សូម​អញ្ជើញ​ទស្សនា​ដូចតទៅ​៖



​អ្នកស្រី លន់ បាន​បញ្ជាក់ថា អ្នកស្រី​អាច​លក់បាន​មាន់​ប្រមាណ​ជា​ពី​៣០០​ទៅ​៤០០​ក្បាល​ក្នុង​មួយថ្ងៃ​។ ជា​មធ្យម អ្នកស្រី​អាច​លក់បាន​ប្រមាណ​ជា​៣៥០​ក្បាល​ក្នុង​មួយថ្ងៃ​។ មាន់​អាំង​មួយ​ក្បាល​អាចមាន​តម្លៃប្រែប្រួល​ក្នុង​ចន្លោះ​ពី​១៥០០០​រៀល​ទៅដល់​៣០០០០​រៀល​។ ប្រសិនបើ​មាន់​អាំង​មួយ​ក្បាល​មានតម្លៃ​ជា​មធ្យម ២៥០០០​រៀល ហើយ​អ្នកស្រី​អាច​លក់បាន​៣៥០​មាន់​ក្នុង​មួយថ្ងៃ​នោះ អ្នកស្រី លន់ អាច​ទទួលបាន​ប្រាក់ចំណូល​ប្រមាណ​ជា​៧​លាន​៥​សែន​រៀល​(១៨៧០​ដុល្លារ​)​ក្នុង​មួយថ្ងៃ​។

​ងាក​មក​និយាយ​ពី​ប្រាក់ចំណេញ​វិញ អ្នកស្រី​បានបញ្ជាក់​ថា អ្នកស្រី​ទទួលបាន​ប្រាក់ចំណេញ​១០០០​រៀល ឬ​២០០០​រៀល​ក្នុង​មាន់​អាំង​មួយ​ក្បាល​។ ប្រសិនបើ​អ្នកស្រី​លក់​អស់​៣៥០​ក្បាល ហើយ​ប្រាក់ចំណេញ​ជា​មធ្យម​១៥០០​រៀល​ក្នុង​មួយ​ក្បាល ពេលនោះ អ្នកស្រី​អាច​ទទួលបាន​ប្រាក់ចំណេញ ៥២៥ ០០០ រៀល​ក្នុង​មួយថ្ងៃ ពោល គឺ​ស្មើនឹង​១៣០​ដុល្លារ​ក្នុង​មួយថ្ងៃ ឬ​៣៩០០​ដុល្លារ​ក្នុង​មួយខែ​។ នេះ គឺជា​ប្រាក់ចំណេញ​ពី​ការលក់​មាន់​ដោយ​មិនទាន់​កាត់​ការចំណាយ​នានា ដូចជា កម្លាំង​ពលកម្ម ឬ​កន្លែង​លក់​ជាដើម​៕


Tag:
 មាន់​អាំង​
  បទ​សម្ភាស​ខ្លី​
© រក្សាសិទ្ធិដោយ thmeythmey.com