English-Français
ជាតិ
សេដ្ឋកិច្ច
ក្នុងក្រសែភ្នែកជនបរទេស តើការអភិវឌ្ឍភ្នំពេញបច្ចុប្បន្នស្ថិតក្នុងផ្លូវវិជ្ជមាន ឬអវិជ្ជមាន?
× ភ្នំពេញ៖ លទ្ធផលនៃដំណាក់កាលអភិវឌ្ឍតែងតែធ្វើឲ្យមនុស្សរស់នៅក្នុងតំបន់នោះមិនសប្បាយចិត្តឡើយ ពីព្រោះ វាជាដំណាក់កាលនៃការសាងសង់ ដំណាក់កាលនៃការចម្រើនគ្រប់វិស័យ ដូចជា ករណីការអភិវឌ្ឍទីក្រុងភ្នំពេញនេះជាដើម។ តែក្រោយពីការអភិវឌ្ឍ ពលរដ្ឋអាចនឹងសប្បាយចិត្ត ប្រសិនបើបញ្ហាផ្សេងៗត្រូវបានដោះស្រាយដោយត្រឹមត្រូវ។ នេះ គឺជាការបញ្ជាក់របស់លោក Pierre Gillette ដែលធ្លាប់ជានិពន្ធនាយកកាសែតភាសាបារាំងនៅក្នុងប្រទសកម្ពុជាក្នុងទសវត្សរ៍៩០ និងឆ្នាំ២០០០ ហើយបច្ចុប្បន្នជាបុគ្គលិកបម្រើការឲ្យក្រុមហ៊ុនឯកជនមួយនៅទីក្រុងភ្នំពេញ។
ខាងក្រោមនេះ គឺជាបទសម្ភាសរវាងលោក គី សុខលីម អ្នកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ និងលោក លោក Pierre Gillette ដូចតទៅ៖
លោក Pierre Gillette រម្លឹកដោយសង្ខេបឡើងវិញថា ២០ឆ្នាំមុន ទីក្រុងភ្នំពេញគ្មានអ្វីទេ ភ្នំពេញអត់សូវមានចរាចរណ៍ អត់សូវមានអំពូលបំភ្លឺផ្លូវសាធារណៈ អត់មាន Bar(កន្លែងសប្បាយ) អត់មានការហ្វេអ៊ីនធឺណិត ពោល គឺភ្នំពេញកាលនោះ គឺជាទីក្រុងទាបដែលមិនសូវមានអាគារខ្ពស់ទេ។ សម្រាប់អ្នកខ្លះ, ក្រៅពីលោក Pierre Gillette, គេចាត់ទុកទីក្រុងភ្នំពេញក្នុងទសវត្សរ៍៨០ជាទីក្រុងខ្មោច ព្រោះវាមានមនុស្សតិចតួចពេកក្រោយរបបប៉ុលពត។
តែឥឡូវនេះ ភ្នំពេញរីកចម្រើនច្រើន។ ភ្នំពេញមានរថយន្តកាន់តែច្រើន មានអគារខ្ពស់ច្រើន ការដ្ឋានសំណង់គ្រប់កន្លែង ផ្លូវជាច្រើនត្រូវបានជួសជុលឡើងវិញ ចរាចរណ៍ច្រើនជាងមុន មានការហ្វេអ៊ីធឺណិត ផ្សារទំនើប។ល។ និយាយជារួម រាជធានីភ្នំពេញកំពុងត្រូវបានអភិវឌ្ឍយ៉ាងលឿនមិនគួរឲ្យជឿ។ «មុននឹងនិយាយរិះគន់ ខ្ញុំសូមនិយាយថា Bravo ព្រោះវាជាការរស់ឡើងវិញនៃទីក្រុងភ្នំពេញ»។ នេះ គឺការកត់សម្គាល់របស់លោក Pierre Gillette ដែលមករស់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជាតាំងពីទសវត្សរ៍៩០។
តាមការសង្កេតរបស់ជនជាតិបារាំងរូបនេះ ដោយសារការអភិវឌ្ឍទីក្រុងក្នុងល្បឿនលឿនយ៉ាងដូច្នេះហើយ ទើបយុវជនខ្មែរនៅពេលនេះអាចទទួលបានជីវិតមួយដូចយុវជននៃប្រទេសថៃ ឬប្រទេសវៀតណាមដែរ។
រីកចម្រើនមែន តែពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញមួយចំនួនរអ៊ូរខ្លាំងទាក់ទងទៅនឹងរឿងបរិស្ថាន ការស្ទះចរាចរណ៍ សំឡេងរំខាន។ល។ និយាយបែបផ្សេង ពួករិះគន់ថា ភ្នំពេញបច្ចុប្បន្នស្ថិតក្នុងសភាពអនាធិបតេយ្យ តើលោកយល់យ៉ាងដូចម្តេចដែរ?
លោក Pierre Gillette ឆ្លើយភ្លាមថា នេះហើយ គឺជាលទ្ធផលនៃការអភិវឌ្ឍ។ ពីមុនភ្នំពេញស្ងាត់ ពីព្រោះ ភ្នំពេញគ្មានអ្វី។ តែឥឡូវនេះ ភ្នំពេញពោរពេញដោយការសាងសង់ មនុស្សទិញរថយន្តធំៗកាន់តែច្រើន ដូច្នេះ ចង់មិនចង់ គឺវាបង្កសំឡេងរំខាន បង្កការកកស្ទះចរាចរណ៍ដោយខានមិនបាន។ លោក Pierre Gillette បានអត្ថាធិប្បាយថា ដំណាក់កាលនៃការអភិវឌ្ឍ គឺវាដូច្នោះឯង ហើយទីក្រុងណាក៏ដូចជាទីក្រុងណាដែរ។ តែទោះបីជាយ៉ាងណាក៏ដោយ ក៏ពលរដ្ឋមានហេតុផលដែលត្រូវតែត្អូញតែ្អ និងធុញទ្រាន់ដែរ។
ត្រង់ចំណុចនេះ លោក Pierre Gillette បានសំណូមពរឲ្យពលរដ្ឋនៃក្រុងភ្នំពេញរង់ចាំមើល១០ឆ្នាំទៀត ពោល គឺក្រោយការអភិវឌ្ឍដោយគំហុកនេះ តើទីក្រុងភ្នំពេញនឹងប្រសើរជាងមុន ឬកាន់តែលំបាក? ហើយថា តើភ្នំពេញនឹងមានរូបរាងដូចម្តេច?
បើទោះបីជាលោក Pierre Gillette ហាក់បីដូចជាមានទំនោគាំទ្រការអភិវឌ្ឍក៏ដោយ ក៏លោកលើកឡើងពីកង្វះខាតនៃហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីក្រុងភ្នំពេញមួយចំនួនផងដែរក្នុងដំណាក់កាលអភិវឌ្ឍនេះ ក្នុងនោះ ដូចជា កង្វះខាតសេវាដឹកជញ្ជូនសាធារណៈ ខ្វះទីតាំងចំណតសាធារណៈ ខ្វះសួនបៃតង ខ្វះចិញ្ចើមផ្លូវសម្រាប់ធ្វើដំណើរ។ល។ ដោយសារតែទីក្រុងភ្នំពេញខ្វះខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួននោះ លោក Pierre Gillette និយាយថា ទីក្រុងភ្នំពេញងាយស្រួលសម្រាប់តែអ្នកមានរថយន្តជិះក្នុងម៉ាស៊ីនត្រជាក់ប៉ុណ្ណោះ ពោលគឺ ភ្នំពេញមិនមែនសម្រាប់អ្នកគ្មានរថយន្តនោះទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com