អន្តរជាតិ
អាគារ​សាកលវិទ្យាល័យ​មួយ​នៅ​ចិន រាង​ដូច​បង្គន់​
08, Oct 2017 , 12:59 pm        
រូបភាព
ដោយ: ធីតា
​សាកលវិទ្យាល័យ​មួយ​នៅ​ប្រទេស​ចិន បាន​ទាក់ទាញ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ដោយ​សំណង់​របស់​វា មាន​រាង​ដូច​បង្គន់​បេះបិទ ដោយ​ខ្វះ​តែ​ទុយោ​បាញ់​ទឹក និង​ប្រអប់​ដាក់​ក្រដាស​តែប៉ុណ្ណោះ​។ បើតាម​ការផ្សាយ​របស់ Henan Daily សំណង់​នេះ ក្លាយជា​ប្រធានបទ​នៃ​ការ​លេងសើច​ពេញ​បណ្តាញ​សង្គម​។



​សំណង់​ថ្មី​មួយ​នៅ​សាកលវិទ្យាល័យ​ធនធានទឹក និង​ថាមពល​អគ្គិសនី នៅ​ក្រុង Zhengzhou ខេត្ត Henan ភាគ​ខាងជើង​នៃ​ប្រទេស​ចិន ត្រូវបាន​សាងសង់​រួចរាល់​កាលពី​ឆ្នាំកន្លងមក​។ រហូតមកដល់​ពេលនេះ ក្រុមនិស្សិត​នៅ​អស់សំណើច ដោយ​យល់ថា ពួកគេ​កំពុងតែ​រៀន​នៅក្នុង​ចាន​បង្គន់​មួយ​។​



​ជា​អាគារ​សិក្សា​សម្រាប់​ជំនាញ​ផ្នែក​ធនធានទឹក និង​ថាមពល​អគ្គិសនី ប៉ុន្តែ​សំណង់​អាគារ​ដែលជា​ប់​អាគារ​កម្ពស់​១១​ជាន់ មើលទៅ​ដូចជា​បង្គន់​យក្ស​មួយ​។ និស្សិត​ម្នាក់​បាន​សរសេ​រ​នៅលើ​បណ្តាញ​សង្គម Weibo ថា​៖ «​វា​ពិតជា​ដូច​បង្គន់​ខ្លាំងណាស់​។ សំណង់​បែបនេះ បានធ្វើ​ឲ្យ​សាកលវិទ្យាល័យ​របស់​យើង​កំពុង​មានឈ្មោះ​ល្បីល្បាញ​លើ​ពិភពលោក​»​។​

​យោងតាម Henan Daily អាជ្ញាធរខេត្ត Henan បាន​ចំណាយ​ថវិកា​ក្នុង​ខ្ទង់​៨៦​លាន​យន់ (​ប្រមាណ​១៣ លាន​ដុល្លារ​អាមេរិក​) ដើម្បី​សាងសង់​អាគារ​បន្ថែម​នៅ​សាកលវិទ្យាល័យ​ធនធានទឹក និង​ថាមពល​អគ្គិសនី​ក្នុង ក្រុង Zhengzhou សម្រាប់​និស្សិត​ដែល​រៀន​ចប់ ហើយ​មានបំណង​បង្កើត​សហគ្រាស​។



​សម្រាប់​ការលើកកម្ពស់​ការអភិវឌ្ឍ​ន៍​សេដ្ឋកិច្ច​នា​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ  រដ្ឋាភិបាល​ចិន​បានអនុញ្ញាត​ឲ្យ​ស្ថាបត្យករ​ទាំងអស់​ធ្វើ​សំណង់​ទៅតាម​ការស្រមើស្រមៃ​រប​ស់​ខ្លួន​។ កាលពី​ឆ្នាំ​២០១៤​កន្លងមក លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ក៏បាន​កោតសរសើរ​ចំពោះ​ស្ថាបត្យកម្ម​ប្លែកៗ​ផងដែរ​៕


Tag:
 អប់រំ​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com