ជាតិ
ឧទ្យាន​ជាតិ​ទាំង​១២ ដែល​បង្កើតឡើង​ដើម្បី​ការពារ​ផ្នែក​អេកូឡូស៊ី​
08, Oct 2017 , 5:59 pm        
រូបភាព
​ភ្នំពេញ​៖ មកដល់ពេលនេះ​រដ្ឋាភិបាល បាន​បង្កើត​ឧទ្យាន​ជាតិ ចំនួន​១២​ហើយ ដើម្បី​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុង​តំបន់ សម្រាប់​ជា​ប្រយោជន៍​ដល់​មនុស្ស​គ្រប់​ជំនាន់​។​



​ក្រសួងបរិស្ថាន បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ឆ្នាំ​២០១៦ ឧទ្យាន​ជាតិ​ចំនួន​១២​តំបន់ ត្រូវបាន​បង្កើតឡើង​ដោយ​ក្នុងនោះ​ឧទ្យាន​ជាតិ​ចំនួន​៧ បាន​បង្កើតឡើង​ដោយ​ព្រះរាជក្រឹត្យ និង​ទីតាំង​ចំនួន​៥​តំបន់​ទៀត​ត្រូវបាន​បង្កើតឡើង​ដោយ​អនុក្រឹត្យ​។ បើតាម​ក្រសួងបរិស្ថាន ឧទ្យាន​ជាតិ​ទាំង​១២​តំបន់​នេះ បាន​គ្រប់​ដណ្តប់​លើ​ផ្ទៃដី​សរុប​១.៧២០.២៦៩,៣៥​ហិកតា ដែល​ស្មើនឹង​៩,៥​ភាគរយ នៃ​ផ្ទៃដី​ប្រទេស​ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ស្ពឺ កោះកុង កំពត ពោធិ៍សាត់ សៀមរាប រតនគិរី ព្រះសីហនុ និង​ខេត្តស្ទឹងត្រែង​។​

​តំបន់​ឧទ្យាន​ជាតិ​ទាំងនោះ​រួមមាន​៖ ១. ព្រះ​សុរាម្រិត​-​កុស​មៈ ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្ត កំពង់ស្ពឺ ព្រះសីហនុ និង​កោះកុង ហើយ​មាន​ផ្ទៃក្រឡា​៣៥.២៣២ ហិកតា ចេញ​ដោយ​អនុក្រឹត្យ ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១០ ។ ២. ព្រះមុនីវង្ស “​បូកគោ​”​ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តកំពត ព្រះសីហនុ និង​កំពង់ស្ពឺ ហើយ​មាន​ផ្ទៃដី​១៥៤.៤៥៨ ហិកតា​ចេញ​ដោយ​អនុក្រឹត្យ ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១០ ។ ៣. កែប ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្ត​កែប ហើយ​មាន​ផ្ទៃដី​១.១៥២​ហិកតា ចេញ​ដោយ​អនុក្រឹត្យ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០០៣ ។ ៤. ព្រះសីហនុ (​រាម​) ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ ហើយ​មាន​ផ្ទៃដី​១៥.០០០​ហិកតា ចេញ​ដោយ​ព្រះរាជក្រឹត្យ ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​១៩៩៣ ។ ៥. បុ​ទុម​សារ ស្ថិតក្នុង​ខេត្តកោះកុង ហើយ​មាន​ផ្ទៃដី​១៧១.២៥០​ហិកតា ចេញ​ដោយ​ព្រះរាជក្រឹត្យ ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​១៩៩៣ ។ ៦. ព្រះ​ជ័យវរ្ម័ន​-​នរោត្តម​(​ភ្នំ​គូលែន​) ស្ថិតក្នុង​ខេត្តសៀមរាប ហើយ​មាន​ផ្ទៃដី​៣៧.៥០០​ហិកតា​ចេញ​ដោយ​ព្រះរាជក្រឹត្យ ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​១៩៩៣ ។​

៧.​វីរៈ​ជ័យ ស្ថិតក្នុង​ខេត្តរតនៈគិរី និង​ស្ទឹងត្រែង ហើយ​មាន​ផ្ទៃដី​៣៣២.៥០០​ហិកតា ចេញ​ដោយ​ព្រះរាជក្រឹត្យ ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​១៩៩៣ ។ ៨. វ៉ឺ​ន​សៃ​-​សៀម​ប៉ាង ស្ថិតក្នុង​ខេត្ត​ស្ទឹង និង​រតនៈគីរី ហើយ​មាន​ផ្ទៃដី​៥៧. ៤៦៩​ហិកតា ចេញ​ដោយ​អនុក្រឹត្យ ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៦ ។ ៩. ជួរ​ភ្នំក្រវាញ​កណ្តាល ស្ថិតក្នុង​ខេត្តកោះកុង ពោធិ៍សាត់ និង​កំពង់ស្ពឺ ហើយ​មាន​ផ្ទៃដី​៤០១.៣១៣ ហិកតា ចេញ​ដោយ​អនុក្រឹត្យ ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៦ ។ ១០. អូ​រយ៉ា​ដាវ ស្ថិតក្នុង​ខេត្តរតនៈគិរី ហើយ​មាន​ផ្ទៃដី​១០១. ៣៤៨ ហិកតា ចេញ​ដោយ​អនុក្រឹត្យ ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៦ ។ ១១. ជួរ​ភ្នំក្រវាញ​ខាងត្បូង ស្ថិតក្នុង​ខេត្តកោះកុង ពោធិ៍សាត់ កំពង់ស្ពឺ និង​ព្រះសីហនុ ហើយ​មាន​ផ្ទៃដី​៤១០. ៣៩២​ហិកតា​ចេញ​ដោយ​អនុក្រឹត្យ ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៦ និង​ទី​១២. កោះរុង ស្ថិតក្នុង​ខេត្ត​ព្រះសីហនុ ហើយ​មាន​ផ្ទៃដី​២.៦៥៥, ៣៥​ហិកតា ចេញ​ដោយ​អនុក្រឹត្យ ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៦ ។​

​តំបន់​ឧទ្យាន​ជាតិ គឺ​សំដៅ​ដល់​តំបន់​ធម្មជាតិ​ក្នុង​ដែនដី​គោក ឬ ដែនទឹក​ដែល​ត្រូវបាន​កំណត់​ដើម្បី​ការ ពារ​ខាង​ផ្នែក​ប្រព័ន្ធ​អេកូឡូស៊ី​មួយ ឬ​ច្រើន​របស់​តំបន់ ដែល​បានកំណត់​សម្រាប់​ជា​ប្រយោជន៍​ដល់​មនុស្ស​គ្រប់​ជំនាន់ ។ ជាពិសេស​កម្រិត​ដល់​ការប្រើប្រាស់​ដែល​អាចធ្វើឱ្យ​ខូចខាត ឬ​បំផ្លិចបំផ្លាញ​ដល់​ធនធាន​ជីវៈចម្រុះ​ធនធានធម្មជាតិ ធនធាន​វប្បធម៌ និង​មុខងារ​តួនាទី​របស់​តំបន់​នោះ ជាមួយនឹង​គោលបំណង​នៃ​ការកំណត់​តំបន់ និង​ការផ្តល់​មូលដ្ឋាន​សម្រាប់​ការកំសាន្ត ,​ការ​ទស្សនា ,​ការអប់រំ ,​ការសិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​ជំនឿ​ដែល​គ្រប់​សកម្មភាព​ទាំងនេះ ដោយ​ពុំ​បង្ក​ការ​គម្រាមកំហែង​ដល់​បរិស្ថាន​ធម្មជាតិ និង​វប្បធម៌​នៅក្នុង​មូលដ្ឋាន​ឡើយ​។ នេះ​បើតាម​ក្រសួងបរិស្ថាន​៕


Tag:
 ​បរិស្ថាន​
  ឧទ្យាន​ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com