ជាតិ
សង្គមជាតិ
រដ្ឋាភិបាលគាំទ្រផែនការ«គន្លងអាជីពគ្រូបង្រៀន» ដើម្បីរក្សាគ្រូ នាយក និងអ្នកស្រាវជ្រាវដែលពូកែ លោក ហង់ ជួន ណារ៉ុន ថ្លែងក្នុងទិវាគ្រូបង្រៀន នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ (រូបភាពពីហ្វេសប៊ុកសម្តេច ហ៊ុន សែន)
× រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានស្នើឲ្យរាជរដ្ឋាភិបាល គាំទ្រគោលនយោបាយ«គន្លងអាជីពរបស់គ្រូបង្រៀន» ដែលជាគោលនយោបាយមានគោលដៅ រក្សាគ្រូល្អ នាយកល្អ អ្នកស្រាវជ្រាវពូកែ ឲ្យនៅបម្រើការងារក្នុងប្រព័ន្ធអប់រំ បានកាន់តែយូរ។ បើតាមលោក ហង់ ជួន ណារ៉ុន «គន្លងអាជីពរបស់គ្រូបង្រៀន»នេះ ជាគោលនយោបាយមួយក្នុងចំណោម៦ ដែលក្រសួងអប់រំបានដាក់ចេញ ដើម្បីបង្កើនធនធានមនុស្សដែលមានគុណភាព ស្របតាមតម្រូវការទីផ្សារក្នុងសតវត្សទី២១នេះ។ សម្តេច ហ៊ុន សែន បានឆ្លើយតបជាវិជ្ជមានភ្លាមៗផងដែរ។
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានស្នើឲ្យរាជរដ្ឋាភិបាល គាំទ្រគោលនយោបាយ«គន្លងអាជីពរបស់គ្រូបង្រៀន» ដែលជាគោលនយោបាយមានគោលដៅ រក្សាគ្រូល្អ នាយកល្អ អ្នកស្រាវជ្រាវពូកែ ឲ្យនៅបម្រើការងារក្នុងប្រព័ន្ធអប់រំ បានកាន់តែយូរ។ ការស្នើនេះ ធ្វើឡើងក្នុងទិវាគ្រូបង្រៀន ដែលប្រព្រឹត្តទៅកាលពី៥ ខែតុលា។
«គន្លងអាជីពរបស់គ្រូបង្រៀន» ជាគោលនយោបាយមួយក្នុងចំណោម៦ ដែលក្រសួងអប់រំបានដាក់ចេញ ដើម្បីបង្កើនធនធានមនុស្សដែលមាន គុណភាព ស្របតាមតម្រូវការទីផ្សារក្នុងសតវត្សទី២១នេះ។ គោលនយោបាយទាំងនោះ មានដូចជា ការទាក់ទាញអ្នកមាន សមត្ថភាព ឲ្យចូលធ្វើគ្រូបង្រៀន លើកកម្ពស់សមត្ថភាព និងគុណភាពគ្រូ បង្កើនប្រសិទ្ធភាព និងគុណភាពនៃការបំពេញការងារ និងអភិវឌ្ឍន៍វិជ្ជាជីវៈគ្រូបង្រៀន និងការលើកទឹកចិត្ត និងលើកកម្ពស់លក្ខខណ្ឌការងារ និងការរស់នៅរបស់គ្រូបង្រៀន។
ថ្លែងក្នុងទិវាគ្រូបង្រៀន កាលពីថ្ងៃទី៥ ខែតុលា លោករដ្ឋមន្ត្រីក្រសួងអប់រំ ហង់ ជួន ណារ៉ុន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ បានយល់ជាក់ច្បាស់ថា គ្រូបង្រៀន ជាតួអង្គសំខាន់បំផុត ជាស្ថាបត្យករ និងជាវិស្វករ និងជាអ្នកអភិវឌ្ឍន៍ផងដែរ។ ដូច្នេះហើយ បានជាក្រសួងបានបន្តកិច្ចខិត្តខំប្រឹងប្រែង អភិវឌ្ឍន៍ វិស័យអប់រំនេះជាបន្តបន្ទាប់ និងឥតឈប់ឈរ។ ក្នុងនោះ ដើម្បីឆ្លើយតបចក្ខុវិស័យរបស់រាជដ្ឋាភិបាល ប្រែក្លាយកម្ពុជា ពីប្រទេសមានចំណូលកម្រិតមធ្យម ទៅកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ក្រសួងអប់រំ បានអនុវត្តកម្មវិធីកំណែទម្រង់ជាច្រើនដើម្បីលើកកម្ពស់គុណភាព និងគុណតម្លៃគ្រូបង្រៀន។ ជាក់ស្តែងប្រាក់បៀវត្សគ្រូបង្រៀនអតិបរមា បានបន្តកើនឡើង ពី៤០ម៉ឺនរៀល ក្នុងឆ្នាំ២០១៣ ដល់៩៥ម៉ឺនរៀល ក្នុងឆ្នាំ២០១៧ និងកើនដល់ជាង១លានរៀល នៅឆ្នាំ២០១៨។ ប្រាក់ឧបត្តម្ភ គ្រូបង្រៀននៅជនបទ និងតំបន់ដាច់ស្រយាល គ្រូបង្រៀនជាប់កិច្ចសន្យា និងមន្ត្រីជាប់កិច្ចសន្យា ក៏ត្រូវបានបង្កើនជាបន្តបន្ទាប់ផងដែរ។
ក្រសួងបានខិតខំបង្កើនសមត្ថភាពគ្រូ នាយកសាលា និងមន្ត្រីអធិការកិច្ច តាមរយៈការបណ្ដុះបណ្ដាលគ្រូបង្រៀនកម្រិតមូលដ្ឋានឆ្ពោះទៅកម្រិតបរិញ្ញាបត្រតាមប្រព័ន្ធពន្លឿន និងកម្មវិធីបណ្តុះបណ្តាលផ្សេងៗរបស់ក្រសួងអប់រំ។ នេះបើតាម លោក ហង់ ជួន ណារ៉ុន ដែលបានឲ្យដឹងទៀតថា បច្ចុប្បន្នបុគ្គលិកអប់រំទូទាំងប្រទេសមានចំនួន ១១៦,៤៥៧នាក់ ក្នុងនោះស្ដ្រី ៤៤.៥ ភាគរយ ក្នុងនោះមានបុគ្គលិកបម្រើការងារថ្នាក់ជាតិ ចំនួន៣,០៨២នាក់ និងថ្នាក់ក្រោមជាតិចំនួន១១៣,៣៧៥នាក់។
សូមបញ្ជាក់ថា នៅឆ្នាំនេះកម្ពុជា ប្រារព្ធទិវាគ្រូបង្រៀន ក្រោមប្រធានបទ«គ្រូបង្រៀន គឺជាជាវិស្វករព្រលឹង នៃយុវជនជំនាន់ក្រោយ»។ ក្រោយទទួលបានសំណូមពរពីរដ្ឋមន្ត្រីស្តីពីការជំរុញផែនការ«គន្លងអាជីពគ្រូបង្រៀន» សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញការគាំទ្រភ្លាមៗ ផងដែរ៕
Tag:
ហង់ ជួន ណារ៉ុន
គ្រូបង្រៀន
© រក្សាសិទ្ធិដោយ thmeythmey.com