Interview EN-FR
ជាតិ
កូន​ខ្មែរ​គួរ​រៀន​ភាសា​អង់គ្លេស និង​ចិន តែ​មិនត្រូវ​បំភ្លេច​ភាសា​ខ្មែរ​ឡើយ​
08, Oct 2017 , 9:19 pm         3090
រូបភាព
​ភ្នំពេញ​៖ ក្នុងខណៈ​ពេលដែល​ភាសា​អង់គ្លេស​បាន និង​កំពុងមាន​ឥទ្ធិពល​នៅក្នុង​សង្គម​ខ្មែរ​នោះ លោក Peter Shepherd អ្នកជំនួញ​ជនជាតិ​អាមេរិកាំង​អាយុ​៨០​ឆ្នាំ​ដែល​កើត​នៅក្នុង​ប្រទេស​អង់គ្លេស ហើយ​បច្ចុប្បន្នកំពុង​រស់នៅ​សហរដ្ឋអាមេរិក បាន​អត្ថាធិប្បាយ​ថា យុវជន​ខ្មែរ​មិនគួរ​មើលរំលង​សារៈសំខាន់​នៃ​ភាសា​ចិន​ឡើយ​។ តែ​អ្វីដែល​សំខាន់​ជាងនេះទៅទៀត​នោះ គឺ​យុវជន​ខ្មែរ​មិនគួរ​បំភ្លេចចោល​ភាសា​ខ្មែរ​ដែលជា​ភាសាជាតិ​របស់ខ្លួន​ឡើយ​។ ភាសា​ខែ្មរ អង់គ្លេស និង​ចិន គឺជា​ភាសា​ដែល​កូន​ខ្មែរ​គួរតែ​ចេះ​។


ខាងក្រោម​នេះ គឺជា​បទ​សម្ភាស​វាង​លោក គី សុខ​លីម អ្នកសារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​លោក Peter Shepherd នៅក្នុង​ទីក្រុង​ភ្នំពេញ​នាពេល​កន្លងមក​៖




«​ភាសា គឺជា​ផ្នែក​មួយ​នៃ​វប្បធម៌​»​។ នេះ គឺជា​ការអត្ថាធិប្បាយរ​ប​ស់លោក Peter Shepherd ឆ្លើយ​ទៅនឹង​សំណួរ​របស់​អ្នកកាសែត​ដែល​សួរ​លោក​ថា យុវជន​ខ្មែរ​មួយចំនួន​សរសេរ​ភាសា​ខ្មែរ​មិនសូវ​ល្អ ឬ​មិនសូវ​ត្រូវ​។ ឆ្លើយ​ទៅនឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​ខាងលើ លោក Peter Shepherd អះអាង​បន្ថែមថា ការសរសេរ​ភាសាជាតិ​មិនសូវ​ល្អ ឬ​មិនល្អ មិនមែន​កើតឡើង​ចំពោះតែ​ជនជាតិខ្មែរ​នោះទេ សូម្បីតែ​ជនជាតិ​អាមេរិកាំង ក៏មាន​មនុស្ស​មួយចំនួន​សរសេរ​អង់គ្លេស​មិនល្អ​ដែរ​។ ករណីនេះ​, សម្រាប់​លោក Peter Shepherd, កើតឡើង​គ្រប់​ទីកន្លែង និង​ស្ទើរ​គ្រប់​ប្រទេស​។

​ងាក​មក​ប្រទេស​កម្ពុជា​វិញ លោក Peter Shepherd បានកត់សម្គាល់​ឃើញថា ពលរដ្ឋ​ខ្មែរ​ច្រើន​គួរសម​ចេះ​និយាយ​ភាសា​អង់គ្លេស ផ្ទុយ​ពី​ជនជាតិ​ថៃ​។ ពលរដ្ឋ​ខ្មែរ​និយាយ​ភាសា​អង់គ្លេស​បានល្អ​ណាស់​។ យុវជន​ខ្មែរ​បច្ចុប្បន្ននេះ  ទំនាក់ទំនង​គ្នា​ជា​ភាសា​អង់គ្លេស​ពាក់កណ្តាល និង​ភាសា​ខ្មែរ​ពាក់កណ្តាល​។ នៅក្នុង​សាលា​ឯកជន​មួយចំនួន គ្រប់​មេរៀន​ទាំងអស់​ត្រូវបាន​គេ​បង្រៀន​ជា​ភាសា​អង់គ្លេស​។ បើតាម​លោក Peter Shepherd អ្នកជំនួញ​ម្នាក់​នៅក្នុង​សហរដ្ឋអាមេរិក​, ការសិក្សារ​ភាសា​អង់គ្លេស គឺជា​រឿង​សំខាន់​ណាស់​។ ប៉ុន្តែ យុវជន​ខ្មែរ មិនគួរ​បំភ្លេច​សារៈសំខាន់​នៃ​ភាសា​កំណើត​ខ្មែរ​ឡើយ​។ លោក​បាន​លើកឡើងថា ប្រសិនបើ​មេរៀន​ជាច្រើន​ត្រូវបាន​គេ​បង្រៀន​ជា​ភាសា​អង់គ្លេស​នៅ​សាលា​ហើយ ដូច្នេះ ឪពុកម្តាយ​គួរតែ​និយាយ​ភាសា​ខ្មែរ​នៅ​គេហដ្ឋាន​ជាមួយ​ពួកគេ​ឲ្យ​បាន​ច្រើន​។ និយាយ អាន និង​សរសេរ​ភាសា​ខ្មែរ​ឲ្យ​បាន​ច្រើន គឺជា​ការល្អ​។ ភាសា គឺជា​ផ្នែក​មួយ​នៃ​វប្បធម៌​។ លោក Peter Shepherd បាន​រម្លឹក​ការ​ស្តាយស្រណោះ​របស់លោក​ថា ភាសា Welsh នៅក្នុង​ចក្រភព​អង់គ្លេស​ត្រូវបាន​គេ​លែង​ប្រើ ហើយ​ភាសា​នេះ ស្ទើរតែ​ស្លាប់​ទៅហើយ​។ ភាសា​ខ្មែរ​វា​មិន​ស្លាប់​ដូច​ភាសា Welsh ទេ​។ តែ​លោក Peter Shepherd គ្រាន់តែ​ចង់​រម្លឹក​កូន​ខ្មែរ​ជំនាន់​ក្រោយ​ប៉ុណ្ណោះ​។ លោក​ថា កូន​ខ្មែរ​ត្រូវ​ចេះ​ភាសា​ខ្មែរ​ឲ្យ​ល្អ និង​ភាសា​អង់គ្លេស​ឲ្យ​ល្អ​ដែរ​។

​មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្នុង​បរិបទ​បច្ចុប្បន្ននេះ លោក​ស្នើ​ឲ្យ​យុវជន​ខ្មែរ​ចេះ​បី​ភាសា​។ ទី​១ គឺ​ភាសា​ខ្មែរ​។ ទី​២ គឺ​ភាសា​អង់គ្លេស និង​ទី​៣ គឺ​ភាសា​ចិន​។ ក្នុងនាម​ជា​អ្នកចេះ​៤​ភាសា លោក Peter Shepherd បញ្ជាក់ថា អ្នកជំនួញ​ដែល​ចេះ​ភាសាបរទេស​ច្រើន អាចជួយ​ជំរុញ​ជំនួញ​ឲ្យ​ដើរ​ទៅមុខ​កាន់តែ​លឿន​៕

Tag:
 ភាសាបរទេស​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...1819next