អន្តរជាតិ
អាល្លឺម៉ង់​ដាស់តឿន​អាមេរិក​ដែល​ចង់​ទាត់ចោល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​
10, Oct 2017 , 9:19 pm        
រូបភាព
​រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់​លោក Sigmar Gabriel បាន​ព្រមាន​ថា បើសិនជា​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​បរាជ័យ​ដោយសារ​អាមេរិក​នោះ កូរ៉េខាងជើង​ក៏​គ្មាន​ថ្ងៃ​បោះបង់​អាវុធ​នុយក្លេអ៊ែ​របស់ខ្លួន​ដែរ​។ ការ ព្រមាន​នេះ​កើតឡើង​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​បង្ហាញ​ចេតនា​ចង់​ទាត់ចោល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដែលមាន​ជាមួយ​អ៊ីរ៉ង់​នោះ​។​



​ក្រោយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បង្ហាញ​ជំហរ​ចង់​ឈប់​អនុវត្ត​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ម្តង​ជា​ពីរដង ប្រមុខ​ការបរទេស​អ៊ីរ៉ង់​លោក  Sigmar Gabriel បាន​ដាស់តឿន​អាមេរិក​ថា បើ​អាមេរិក​ហ៊ាន​ធ្វើបែបនេះ កូរ៉េខាងជើង​ដែល​កំពុង​បន្ត​ផលិត និង​អភិវឌ្ឍ​នុយក្លេអ៊ែរ​នោះ​ក៏​នឹងមិន​បោះបង់​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ដែរ​។​

​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ស្រង់​សម្តី​លោក Sigmar Gabriel ដូច្នេះ​៖ ក្តីបារម្ភ​ធំ​បំផុត​របស់​យើង​ពាក់ព័ន្ធ​កូរ៉េខាងជើង​គឺថា វា​ជា​រឿង​មិនអាច​ទៅរួច​ឡើយ​ដែល​របប​ដឹកនាំ​កូរ៉េខាងជើង​ត្រៀមខ្លួន និង​យល់ព្រម​បង្កើត​កិច្ចព្រមព្រៀង​ជាមួយ​សហគមន៍​អន្តរជាតិ​ដើម្បី​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន បើសិនជា​កិច្ចព្រមព្រៀង​ដែលមាន​តែមួយ​លើ​លោក​ដែល​បញ្ចប់​ការផលិត​អាវុធ​នុយក្លេអ៊ែរ​ក្លាយជា​កិច្ចព្រមព្រៀង​ដែលមាន​បញ្ហា​នេះ​»​។​

​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ជា​កិច្ចព្រមព្រៀង​ប្រវត្តិសាស្ត្រ​មួយ​ដែល​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ ២០១៥ ដោយមាន​ភាគី​ដូចជា អ៊ីរ៉ង់ និង​មហាអំណាច​ប្រាំ​បូក​មួយ (​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ទាំង​ប្រាំ​បូក​អាល្លឺម៉ង់​)​។ ក្រោម​អំណាច​នៃ​កិច្ចព្រមព្រៀង​នេះ​អ៊ីរ៉ង់​ឯកភាព​កម្រិត​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​រយៈ​ពេល ១៥​ឆ្នាំ និង​អនុញ្ញាត​ឲ្យ​សហគមន៍​អន្តរជាតិ​ត្រួតពិនិត្យ​ផង ជា​ថ្នូរ​នឹង​ការដក​ទណ្ឌកម្ម​ដែល​ត្រូវ​បានដាក់​ប្រឆាំង​អ៊ីរ៉ង់​រាប់​ឆ្នាំ​មកហើយ​នោះ​។​
 
​ចំណែក ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានបង្ហាញ​ពី​ឆន្ទៈ​របស់ខ្លួន​ក្នុងការ​បញ្ឈប់​ការអនុវត្ត​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដោយ​លោក​ចោទប្រកាន់ថា អ៊ីរ៉ង់​បំពាន​ច្បាប់​អន្តរជាតិ​ដោយ​អភិវឌ្ឍ និង​បាញ់​សាកល្បង​កាំជ្រួច​បាលី​ស្ទិ​ក​ផង​។ ម្យ៉ាងទៀត ក្នុងពេល​ឃោសនាបោះឆ្នោត ការលុបចោល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នេះ​ជា​គោលនយោបាយ​ការបរទេស​សំខាន់​មួយ​របស់លោក​ដូ​ណា​ល់ ត្រាំ ផងដែរ​។

​ពាក់ព័ន្ធ​បញ្ហា​នេះ​ប្រមុខ​ការបរទេស​អាល្លឺម៉ង់​ខាងលើ​បានបញ្ជាក់​ផងដែរ​ពី​ជំហរ​របស់​អាល្លឺម៉ង់​ផ្ទាល់​ក្នុងការ​ដោះស្រាយ​បញ្ហា​ជាមួយ​អ៊ីរ៉ង់ ប៉ុន្តែ​អាល្លឺម៉ង់​មិន​គាំទ្រ​ឡើយ​ការលុបចោល​កិច្ចព្រមព្រៀង​នេះ​។ លោក​សង្កត់ធ្ងន់ថា អាល្លឺម៉ង់​ត្រៀម​បង្កើន​សម្ពាធ​ការទូត​ដើម្បី​ដោះស្រាយ​បញ្ហា​ជាមួយ​អ៊ីរ៉ង់​ហើយ ប៉ុន្តែ​រាល់​ចេតនា​បំផ្លាញ​កិច្ចព្រមព្រៀង​នេះ​នឹងធ្វើ​ឲ្យ​សន្តិសុខ​អន្តរជាតិ​ចុះ​ដុនដាប និង​កាន់តែ​គ្រោះថ្នាក់​ខ្លាំង​។

​ដោយឡែក លោក Sigmar Gabriel  ក៏បាន​រម្លឹក​ឡើងវិញ និង​បង្ហាញ​ការគាំទ្រ​ចំពោះ​សេចក្តីថ្លែងការណ៍​របស់​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​ចំពោះ​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដែរ​ដើម​សប្តាហ៍​នេះ​។ ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​កាលពី​ខែ​មុន រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក Sergei Lavrov ក៏បាន​អំពាវនាវ​យ៉ាងទទូច​ឲ្យ​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​ព្យាយាម​អនុវត្ត​កិច្ចព្រមព្រៀង​ដែលមាន​ស្រាប់​នេះ​ឲ្យ​បាន​ខ្ជាប់ខ្ជួន និង​ចៀសវាង​ព្យាយាម​ធ្វើ​ឲ្យ​ការអនុវត្ត​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​នេះ​រាំងស្ទះ​ផងដែរ​។​


Tag:
 Sigmar Gabriel
  ដូ​ណា​ល់ ត្រាំ​
  អ៊ីរ៉ង់​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com