ជាតិ
រដ្ឋាភិបាល សម្រេច​ដោះស្រាយ​បញ្ហាដីធ្លី​ជូន​ពលរដ្ឋ​ខេត្តកោះកុង កំពង់ស្ពឺ និង​ព្រះវិហារ
11, Oct 2017 , 8:39 am        
រូបភាព
រូបពីហ្វេសប៊ុក៖ លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដឹកនាំកិច្ចប្រជុំរកដំណោះស្រាយបញ្ហាដីសម្បទាន
រូបពីហ្វេសប៊ុក៖ លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដឹកនាំកិច្ចប្រជុំរកដំណោះស្រាយបញ្ហាដីសម្បទាន
​ភ្នំពេញ​៖ រដ្ឋាភិបាល បានសម្រេច​ដោះស្រាយ​បញ្ហាដីធ្លី​ជូន​ពលរដ្ឋ ចំនួន​៣​ខេត្ត ដែល​កំពុងមាន​វិវាទ​ពាក់ព័ន្ធ​នឹង​ដី​សម្បទាន​សេដ្ឋកិច្ច ដំណាំ​អំពៅ​ផលិត​ស្ករស​នាំ​ចេញទៅ​ក្រៅប្រទេស​។ ការសម្រេច​របស់​រដ្ឋា​ភិ​បាល​នេះ ធ្វើឡើង​ក្រោម​កិច្ចប្រជុំ​អន្តរក្រសួង និង​តំណាង​អង្គទូត​ប្រចាំ​ប្រទេស​កម្ពុជា​។​



​ខេត្ត​ចំនួន​៣ ដែល​រដ្ឋាភិបាល សម្រេច​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​នោះ រួមមាន ខេត្តកោះកុង កំពង់ស្ពឺ ព្រះវិហារ ។ ចំណែក​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ផលិត​ស្ករស​នាំចេញ​ចំនួន​៣ នៅ​ឧ​ត្ត​រ​មានជ័យ ត្រូវបាន​រដ្ឋាភិបាល ប្រគល់​ទៅ​ឲ្យ​ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ និង​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ខេត្តបន្ទាយមានជ័យ គ្រប់គ្រង​នឹង​ចាត់ចែង​ជា​សមត្ថកិច្ច​។

​តាមរយៈ​ការសម្រេច​របស់​រដ្ឋាភិបាល ដែលមាន​ការចូលរួម​រក​ដំណោះស្រាយ​ពី​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា , រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ប៉ាន់ សូរ​សក្តិ និង​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក សាយ សំ​អាល់ និង​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​លោក George Edgar រួមទាំង​អភិបាលខេត្ត​ទាំង​៤​នោះ បានសម្រេច​ចេញ​ដំណោះស្រាយ​ជូន​ពលរដ្ឋ តាមរយៈ​វិធីសាស្ត្រ​ផ្សេងៗ​គ្នា ។​


            លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា


​សម្រាប់​ពលរដ្ឋ​ខេត្តកោះកុង រដ្ឋាភិបាល​សម្រេច​បន្ត​ដោះស្រាយ​បញ្ហាដីធ្លី​ជូន​ពលរដ្ឋ ដែលមាន​វិវាទ​ជាមួយ​ក្រុមហ៊ុន ហេង ហ៊ុយ​, ក្រុមហ៊ុន Koh Kong Plantation Co,ltd និង​ក្រុមហ៊ុន Koh Kong Sugar Industry Co,ltd​។​

​សេចក្តីប្រកាស​ព័ត៌មាន​រដ្ឋាភិបាល បានបញ្ជាក់​ដូច្នេះ​ថា រដ្ឋាភិបាល​នឹង​បន្ត​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​នៅសល់​ចំនួន​៩​គ្រួសារ ដែលមាន​វិវាទ​ជាមួយ​ក្រុមហ៊ុន ហេង ហ៊ុយ​។ រដ្ឋាភិបាល ទទួលដោះស្រាយ​ប្រជាពលរដ្ឋ​ចំនួន ១៧១​គ្រួសារ ដែល​មិនទាន់បាន​ដោះស្រាយ ក្នុងចំណោម​២០០​គ្រួសារ ដែល​បានដាក់​ពាក្យបណ្ដឹង​ទៅ​សហគមន៍​អឺរ៉ុប តាម​គោលការណ៍​ដែល​បាន​ព្រមព្រៀងគ្នា​ជាមួយ​ក្រុមហ៊ុន កាលពី​ឆ្នាំ​២១០៥ នូវ​ទំហំ​ដី​៣០០​ហិកតា ដែល​បាន​ព្រមព្រៀងគ្នា​រួចជាស្រេច ដោយ​មួយ​គ្រួសារ​ត្រូវ​ទទួលបាន​ដី​ទំហំ​១,៥០​ហិកតា​។ ចំពោះ​ចំណែក​ដី​ដែល​នៅសល់​២៩​គ្រួសារ ដែល​ទទួលបាន​ការដោះស្រាយ​កន្លងមក ទុក​ធ្វើជា​រចនាសម្ព័ន្ធ​។​

​រដ្ឋាភិបាល ទទួល​យកមក​ពិនិត្យ​និង​ស្វែងរក​ដំណោះស្រាយ​នូវ​សំណើរ​របស់​ប្រជាពលរដ្ឋ ១៤០​គ្រួសារ ក្នុងចំណោម​១៧៥​គ្រួសារ ដោយ​១៦​គ្រួសារ ធ្លាប់​បានទទួល​ការដោះស្រាយ​រួច និង​១៩​គ្រួសារ​មិនទាន់មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​។ ចំណែក​ពលរដ្ឋ​ចំនួន​២១១​គ្រួសារ ដែល​បានមក​បំពេញ​សលាក​ប​ត្រ​ព័ត៌មាន និង​គ្មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​នោះ រដ្ឋាភិបាល មិន​ទទួល​យកមក​ដោះស្រាយ​ឡើយ​។​


            ហ្វេសប៊ុក៖ លោក ប៉ាន់ សូរសក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម

​ចំណែក​ពលរដ្ឋ​ខេត្តកំពង់ស្ពឺ ដែលមាន​វិវាទ​ជាមួយ​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូ​ហ្គើ ក្រុមហ៊ុន​កំពង់ស្ពឺ​ស៊ូ​ហ្គើ​រ និង​ក្រុមហ៊ុន​ផ្លេ​ន​ថេ​សិន នោះអាជ្ញាធរ​ខេត្ត នឹង​ចុះ​ផ្ទៀងផ្ទាត់​ជាមួយ​សៀវភៅ​គ្រួសារ​ប្រជាពលរដ្ឋ​ចំនួន​១៣​គ្រួសារ​នៅ​ស្រុក​ថ្ពង និង​ប្រជាពលរដ្ឋ​ចំនួន​១៦៦​គ្រួសារ នៅ​ស្រុក​ឱ​រ៉ា​ល់ ដើម្បី​កំណត់​ពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ពិតប្រាកដ ក្នុងការ​ដោះស្រាយ​។ អាជ្ញាធរ នឹង​បន្ត​ពិនិត្យ​ផ្ទៀងផ្ទាត់​សលាក​ប​ត្រ​ព័ត៌មាន ដែល​ក្រុមការងារ​ទទួលបាន ដើម្បី​រក​អ្នក​ដែល​មិន​ធ្លាប់​ទទួលបាន​ការដោះស្រាយ អ្នក​ដែល​មិន​ព្រម​ទទួលយក​ការដោះស្រាយ ជាដើម​។​


            រូបពីហ្វេសប៊ុក៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន

​ដោយឡែក​អាជ្ញាធរខេត្ត​ព្រះវិហារ និង​ត្រូវ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ ដែលមាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចំនួន​៥ ផ្សេងគ្នា ដោយ​ក្នុងនោះ អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​នៅសល់​១១​គ្រួសារ និង​ពិនិត្យ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​១៤​គ្រួសារ ដែល​មិន​ធ្លាប់​បានទទួល​ការដោះស្រាយ​កន្លងមក​។ ជាពិសេស​បន្ត​សម្របសម្រួល​ជូន​ជល​រដ្ឋ​១៨​គ្រួសារ ដែល​មិន​ព្រម​ទទួលយក​ដំណោះស្រាយ​។ រដ្ឋាភិបាល​មិន​ទទួលយក​ពលរដ្ឋ​ចំនួន​២៣០​គ្រួសារ ដែល​បាន​បំពេញ​សលាក​ប​ត្រ​ព័ត៌មាន​ឡើយ ដោយសារ​ពលរដ្ឋ​៣០​គ្រួសារ ធ្លាប់​ទទួលបាន​ដំណោះស្រាយ​កាលពី​ឆ្នាំ​២០១២​រួចហើយ រីឯ​ពលរដ្ឋ​២០០​គ្រួសារ​ទៀត មិន​ទាក់ទង​នឹង​វិវាទ​នេះ​ទេ​។ ដោយឡែក​សហគមន៍​ជនជាតិដើម​កួយ​ចំនួន​៣​សហគមន៍ ដែល​សុំ​ចុះបញ្ជី​នោះ ក្រសួង​នឹង​រៀបចំ​ពិនិត្យ​ចាត់ចែង​តាម​គោលការណ៍​នីតិវិធី​។​

​ជុំវិញ​បញ្ហា​វិវាទ​ដីធ្លី​នេះ ខាង​ភាគី​សហគមន៍​អឺរ៉ុប អង្គការក្រៅរដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ នឹង​បន្ត​កិច្ចសហការ​ដោះស្រាយ​បញ្ចប់​បញ្ហាដីធ្លី​ទាំងស្រុង របស់​ពលរដ្ឋ​នៅក្នុង​ខេត្តកោះកុង កំពង់ស្ពឺ និង​ព្រះវិហារ​៕


Tag:
 ជា សុផារ៉ា
 ​សាយ សំ​អាល់
 ​ប៉ាន់ សូរ​សក្តិ
 ​កំពង់ស្ពឺ
 ​កោះកុង
 ​ព្រះវិហារ
 ​ ឧ​ត្ត​រ​មានជ័យ​
 ​ ដីធ្លី​
© រក្សាសិទ្ធិដោយ thmeythmey.com