អន្តរជាតិ
កងទ័ព​ថៃ​ទទួលបាន​រថក្រោះ​ដែល​ខ្លួន​បញ្ជា​ទិញ​ពី​ចិន​នៅ​ដើម​សប្តាហ៍​នេះ​
12, Oct 2017 , 3:40 pm         2654
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
​រថក្រោះ​ម៉ាក VT4 ក្រុម​ដំបូង​ក្នុងចំណោម​រថក្រោះ​សរុប ២៨ គ្រឿង​ដែល​រដ្ឋាភិបាល​ថៃ​បញ្ជា​ទិញ​ពី​ចិន​នោះបាន​មកដល់​ថៃ​តាម​ការគ្រោងទុក​នៅ​ដើម​សប្តាហ៍​នេះ​។ រថក្រោះ​ទាំងនេះ​នឹងត្រូវ​ចូល​បម្រើ​ក្នុង​កងពលធំ​រថពាសដែក​លេខ ៣ ដែល​ស្ថិតនៅ​ខេត្ត Khon Kaen​។​


​យោធា​ថៃ​បាន​បង្ហើប​ប្រាប់​អ្នកសារព័ត៌មាន​ថា រថក្រោះ​ផលិត​នៅ​ចិន​ម៉ាក VT4 ក្រុម​ដំបូង​បាន​បញ្ជូន​មកដល់​ប្រទេស​ថៃ​ហើយ​នៅ​ថ្ងៃ​ចន្ទ ទី​៩ ខែតុលា​ដើម​សប្តាហ៍​នេះ​។ រថក្រោះ​ដែល​ថៃ​បាន​បញ្ជា​ទិញ​ពី​ចិន​សរុប​ទាំង​ចំនួន ២៨ គ្រឿង​ដែលមាន​តម្លៃ​ស្មើ ៤,៩​ពាន់​លាន​បាត​ឯណោះ​។​

​សារព័ត៌មាន​ថៃ​បាងកក​ប៉ុស្តិ៍ បាន​ផ្សាយ​ថា រថក្រោះ​ទាំងអស់​ដែល​ថៃ​ទិញ​មកពី​ចិន​នេះ​ត្រូវបាន​គេ​ដឹក​មកដល់​កំពង់ផែ Thung Prong នា​ខេត្ត Chon Buri ហើយ​វា​ត្រូវបាន​បញ្ជូនបន្ត​ទៅកាន់​ខេត្ត Saraburi ដើម្បី​ទទួល​ការត្រួតពិនិត្យ​សិន​។  ចុងក្រោយ​វា​នឹងត្រូវ​បញ្ជូនទៅ​បម្រើ​ការងារ​នៅ​កងពលធំ​រថពាសដែក​លេខ ៣ ដែល​ស្ថិតនៅ​ក្នុងស្រុក Nam Phong នា​ខេត្ត Khon Kaen ។

​មេបញ្ជាការ​កងទ័ព​ថៃ Chalermchai Sitthisad បាន​បញ្ជាក់ថា ក្រោយ​ពេលដែល​សព្វាវុធ​ទាំងនេះ​ត្រូវបាន​ត្រួតពិនិត្យ​ចប់សព្វគ្រប់​ហើយ​នោះ គេ​នឹង​អនុញ្ញាត​ឲ្យ​ខាង​សារព័ត៌មាន​ចូល​ទស្សនា​ផងដែរ​។

​ចំណែក​ពាក់ព័ន្ធ​នឹង​ការ​នាំចូល​សព្វាវុធ ២៨​គ្រឿង​នេះ មន្ត្រី​យោធា​ជាន់ខ្ពស់​រូបនេះ​ក៏បាន​បកស្រាយ​ផង​ថា ការសម្រេច​ទិញ​រថក្រោះ​ធ្វើឡើង​ដោយ​គណៈកម្មាធិការ​កង​ទ័ព​កាលពីដើមឆ្នាំ ២០១៦ ។ មន្ត្រី​យោធា​ថៃ​ក៏បាន​ធ្វើដំណើរ​ទៅ​ចិន​កន្លងមក​ដែរ​ដើម្បី​ត្រួតពិនិត្យ​សព្វាវុធ​ទាំងនេះ​មុន​នាំ​ចូលមក​។ បន្ថែម​ពីលើ​រថក្រោះ ២៨​គ្រឿង​នេះ នៅ​ពាក់កណ្តាល​ឆ្នាំនេះ​រដ្ឋាភិបាល​ថៃ​ក៏​ផ្តល់​ភ្លើង​បៃតង​សម្រាប់​ការបញ្ជាទិញ​រថក្រោះ ១១ គ្រឿង​ទៀត​ពី​ចិន​ដូចគ្នា​។

​តាមពិតទៅ​ថៃ​សម្រេច​នាំចូល​រថក្រោះ​ពី​ចិន​វិញ បន្ទាប់ពី​អ៊ុយ​ក្រែ​ន​បរាជ័យ​ក្នុងការ​បញ្ជូន​រថក្រោះ T-84 មក​ឲ្យ​ថៃ​តាម​ការកំណត់ ដោយសារតែ​បញ្ហា​ប្រឈម​ក្នុងស្រុក​កន្លងមក​។ ក្នុង​រយៈពេល​បី​ឆ្នាំ​មកនេះ ថៃ​បានទទួល​រថក្រោះ​ពី​អ៊ុយ​ក្រែ​ន​ត្រឹម ដប់​គ្រឿង​ប៉ុណ្ណោះ​។

មួយទៀត​​យោធា​ថៃ​បង្ហើប​ថា ការសម្រេចចិត្ត​នេះ​ក៏ដោយ​សារ​នៅពេល​ខាងមុខ កងទ័ព​ចិន និង​ថៃ នឹង​បង្កើត​រោងចក្រ​ជួសជុល​សព្វាវុធ​នៅក្នុង​ប្រទេស​ថៃ​ផងដែរ​៕

Tag:
 ចិន​
  ថៃ​
  Chalermchai Sitthisad
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev123next