អន្តរជាតិ
ចិន​អាច​បង្ខំ​អា​រ៉ា​ប៊ី​សា​អូឌីត​ឲ្យ​ចោលលុយ​«​ដុល្លារ​»​មក​ប្រើ​លុយ​«​យន់​»​ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​ប្រេង​
12, Oct 2017 , 5:07 pm         12010
រូបភាព
​អ្នកជំនាញ​សេដ្ឋកិច្ច​មើលឃើញថា ចិន​នឹងដាក់​សម្ពាធ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​ប្រើ​លុយ​យន់​ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​ប្រេង​នៅពេល​ខាងមុខ ហើយ​ជា​បន្តបន្ទាប់​លុយ​យន់​នេះ​នឹងត្រូវ​ប្រើប្រាស់​ក្នុង​ទីផ្សារ​ប្រេង​ពិភពលោក​ទាំងមូល​ដូចគ្នា​។ មហា​យក្ស​ចិន​បាន​ដណ្តើម​តំណែង​អាមេរិក​ក្លាយជា​ប្រទេស​ដែល​នាំចូល​ប្រេង​ឆៅ​ធំជាងគេ​នៅលើ​ពិភពលោក​រួចទៅហើយ​។​


​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន CNBC លោក Carl Weinberg សេដ្ឋវិទូ និង​នាយក​គ្រប់​គ្រង់​ស្ថាប័ន​ស្រាវជ្រាវ High Frequency Economics បាន​លើកឡើងថា ចិន​នៅ​បន្ត​ជា​មហាអំណាច​ដែលមាន​ឥទ្ធិពល​ខ្លាំង​ពិសេស​ក្នុង​ទីផ្សារ​ប្រេង ហើយ​លុយ​«​យន់​»​ដែល​រូបី​យ​វត្ថុ​របស់​ចិន​នោះ​នឹង​ក្លាយជា​មធ្យោបាយ​ប្រើប្រាស់​សម្រាប់​ពាណិជ្ជកម្ម​ប្រេង​ផង​នៅពេល​អនាគត​។

​លោក​បញ្ជាក់ថា​៖« វា​ជា​រឿង​ចាំបាច់​បំផុត​ដែល​សេដ្ឋី​ប្រេង អា​រ៉ា​ប៊ី​សា​អូឌីត​ត្រូវ​យកចិត្តទុកដាក់​ព្រោះ​ក្នុង​រយៈពេល​មួយឆ្នាំ ឬ​ពីរ​ឆ្នាំ​ទៅមុខ តម្រូវការ​ប្រេង​នៅ​ចិន​វា​នឹង​ធំ​ជាង​តម្រូវការ​ប្រេង​នៅ​អាមេរិក​»​។​

​អ្នកជំនាញ​រូបនេះ​បន្ត​ដូច្នេះ​៖« ខ្ញុំ​ជឿថា ប្រើប្រាស់​លុយ​យន់​ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​ប្រេង​នឹង​កើតឡើង​នៅពេលដែល​អា​រ៉ា​ប៊ី​សា​អូឌីត​ព្រម​ទទួល​លុយ​យន់​នេះ​។ អាច​ថា ចិន​នឹង​ជំរុញ​ឲ្យ​អា​រ៉ា​ប៊ី​សារ​អូឌីត​ប្រើប្រាស់​លុយ​របស់ខ្លួន ហើយ​បន្ទាប់មក​ទីផ្សារ​ប្រេង​ពិភពលោក​ទាំងមូល​នឹង​ចាប់ផ្តើម​ប្រើប្រាស់​ដូចគ្នា​»​។​

​តាមពិតទៅ អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ចុះហត្ថលេខា​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​កាលពី​ឆ្នាំ ១៩៧៤ ដោយ​កំណត់ថា រាល់​ការ​ទិញដូរ​ប្រេង​រវាង​អា​រ៉ា​ប៊ី​សា​អូឌីត​ត្រូវ​ប្រើប្រាស់​លុយ​ដុល្លារ​។ ប៉ុន្តែ​គ្រប់យ៉ាង​មិន​ដូច​ពីមុន​ឡើយ ព្រោះ​ចិន​ឯណោះ​បាន​ក្លាយខ្លួនជា​ប្រទេស​ដែល​នាំ​ប្រេង​ចូល​ច្រើនជាងគេ​លើ​លោក​នេះ​នាពេល​បច្ចុប្បន្ន​។ ដូច្នេះ​ជា​រឿង​ចៀស​មិន​រួច​ឡើយ​ដែល​ពាណិជ្ជកម្ម​ប្រេង​នៅពេល​អនាគត​ច្បាស់​ជា​នឹងត្រូវ​ប្រើប្រាស់​លុយ​របស់​ចិន​។​

​ពេល​សាក​សួរថា បើ​មានការ​ផ្លាស់ប្តូរ​ទៅប្រើ​លុយ​យន់​របស់​ចិន​មែន តើ​វា​មាន​ឥទ្ធិពល​បែប​ម៉េច​លើ​លុយ​ដុល្លារ លោក Carl Weinberg ប៉ាន់​ស្មានថា ភាគហ៊ុន​អាមេរិក​និង​ធ្លាក់ចុះ ហើយ​ទំហំ​លុយ​ចន្លោះ​ពី ៦០០ ទៅ ៨០០ ពាន់​លា​នុដ​ល្លារ​នឹងត្រូវ​ផាត់​ចេញពី​ចរន្ត​ទីផ្សារ​ថែមទៀត​។ រីឯ តម្រូវការ​ភាគហ៊ុន ទំនិញ និង​សេវា​របស់​ចិន​ទាំងអស់​នឹង​កាន់​តែមាន​កំណើន​ខ្លាំង​វិញ​។
 
​កន្លងមក​ប្រទេស​ជាច្រើន​ក៏​ចង់​បញ្ឈប់​ការប្រើប្រាស់​លុយ​ដុល្លារ​អាមេរិក​ជា​រូបី​យ​បណ្ណ​បម្រុង​ដែរ​។ ក្នុងនោះ​រុស្ស៊ី និង​ចិន​ក៏បាន​សហការគ្នា​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​រូបី​យ​បណ្ណ​ផ្សេង​ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​ប្រេង​ផងដែរ​។ អ្វីដែល​សំខាន់​នោះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ចិន​ក៏​ព្យាយាម​ជំរុញ និង​ដាក់​សម្ពាធ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​ផ្លាស់ប្តូរ​រូបី​យ​បណ្ណ​សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម​ប្រេង​នេះ​ផងដែរ​។ ដើម្បី​សម្រេច​គោលបំណង​របស់ខ្លួន ចិន​ក៏​បន្ត​បន្ថយ​បរិមាណ​ប្រេង​ឆៅ​ដែល​ខ្លួន​ទិញ​ពី​អា​រ៉ា​ប៊ី​សា​អូឌីត​ថែមទៀត​៕

Tag:
 អាមេរិក​
  ចិន​
  អា​រ៉ា​ប៊ី​សា​អូឌីត​
  ប្រេង​
  Carl Weinberg
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev123next