ជាតិ
សង្គមជាតិ
តើ​រទេះគោ​ខ្មែរ​ដំបូង​មាន​ប្រវត្តិ​មកពីណា​?
13, Oct 2017 , 11:51 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ វត្តមាន​នៃ​រទេះគោ ត្រូវបាន​គូសបញ្ជាក់​ក្នុងប្រទេស​ឥណ្ឌា នា​សម័យ​វេទ​និយម ពោលគឺ​រវាង ១៧០០​ឆ្នាំមុន​គ​.​ស តាមរយៈ​ឯកសារ​ជា​សំណេរ​ដោយ​ដៃ​មួយចំនួន​ដូចជា គម្ពីរ​មនោគមន៍វិជ្ជា​សាសនា និង​ក្បួន​បច្ចេកទេស ដូចជា​ក្បួន​សង្គ្រាម​សាស្ត្រ​ជាដើម​។ នៅក្នុង​ប្រទេស​ឥណ្ឌា នា​សម័យ​នោះ គេ​ឃើញ​មាន​រទេះ​ពីរ​ប្រភេទ គឺ​រទេះគោ​សម្រាប់​ដឹកជញ្ជូន និង​រទេះសេះ​សម្រាប់​ធ្វើសឹក​សង្គ្រាម​។



​រទេះ​ទាំងពីរ​ប្រភេទ​ខាងលើនេះ ត្រូវបាន​គេ​ឆ្លាក់​នៅលើ​ថ្ម​ចាប់តាំងពី​ឆ្នាំ ១២៥​នៃ​គ​.​សមក​។ លក្ខណៈសម្បត្តិ​របស់រ​ទេះ​ឥណ្ឌា គឺ​រទេះ​នោះ ថ្វីដ្បិតតែ​ទម្រង់​បាន​ផ្លាស់ប្តូរ​តាម​យុគ​សម័យកាល​ក៏ដោយ ក៏ប៉ុន្តែ​នៅតែ​ប្រើ​កង់​ពីរ​ដូច​បុព្វ​សម័យ​ដែរ ។ ស្ថិតក្រោម​ឥទ្ធិពល​វប្បធម៌​ឥណ្ឌា ជនជាតិខ្មែរ​ក្នុង​អាណាចក្រ​នគរ​ភ្នំ ក៏បាន​ខ្ចី​យានជំនិះ​នេះ​ពី​ពួក​ឥណ្ឌា ចាប់​តាំងពីដើម​សតវត្សរ៍​ទី​១​នៃ​គ​.​ស​មកម្ល៉េះ​។ ដូច្នេះហើយ បានជា​ការប្រើប្រាស់​រទេះ​គោ ឬ​ក្របី ដែល​ត្រូវ​ផ្តើមឡើង​ចាប់តាំងពី​សតវត្ស​ទី​១​នៃ​គ​.​ស ត្រូវ​បន្ត​រហូតដល់​បច្ចុប្បន្ន​។​
                                    
​នា​សម័យ​បុ​រេ​អង្គរ ក៏ដូចជា​សម័យអង្គរ​ដែរ រទេះគោ​ខ្មែរ បាន​បំពេញ​តួនាទី​យ៉ាងសំខាន់​បំផុត​ក្នុងសង្គម​ខ្មែរ មិន​គ្រាន់តែ​ផ្នែក​សង្គមកិច្ច​តែប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ពាក់ព័ន្ធ​ទៅនឹង​វិស័យ​ជំនឿ​សាសនា​ផងដែរ​។ តាមរយៈ​ចម្លាក់​ប្រាសាទអង្គរវត្ត នា​សតវត្សរ៍​ទី​១២​នៃ​គ​.​ស យើង​អាច​ឃើញ​យ៉ាងច្បាស់​ថា រទេះសេះ​ដែល​ព្រះបាទ​សុរិយា​វរ្ម័នទី​២ ប្រថាប់​ពីលើ​នោះ គឺជា​សញ្ញាណ​តំណាង​នូវ​ព្រះអាទិត្យ ឬ​ព្រះ​សុរិយា ដែលជា​និមិត្តរូប​នៃ​សន្តតិវង្ស​របស់​ទ្រង់​។ ម្យ៉ាងវិញទៀត ក្នុងការ​សម្តែង​ក្បួន​រទេះ ដូចជា​ក្នុង​រឿង​រាមកេរ្តិ៍ មហា​ភារត ឬក៏​ក្នុង​ជាតក​បែប​ពុទ្ធ​និយម គេ​ក៏​ឃើញ​មាន​ការនិយម​នូវ​រទេះសេះ​ដែរ ។ រទេះគោ និង រទេះសេះ ត្រូវបាន​ជនជាតិខ្មែរ​​ពេញនិយម​ក្នុង​រជ្ជកាល​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ បើ​យើង​ពិនិត្យ​លើ​វិស័យ​បដិមា​សាស្ត្រ​បុរាណ​។

​ការស្រាវជ្រាវ​ខាង​បុរាណវិទ្យា​របស់​យើង​បានបញ្ជាក់​ឲ្យ​ដឹងថា ក្នុង​វប្បធម៌​ខ្មែរ​បែប​ព្រា​ហ្ម​ញ្ញ​សាសនា កង់រទេះ ឬ​កងចក្រ គឺជា​អាវុធ​ដ៏​ស័ក្តិសិទ្ធិ​របស់​ព្រះ​នរាយណ៍ ហើយ​វា​ក៏​ជាស​ញ្ញា​តំណាង​នៅពេល​វេលា ដូចជា​ខែ និង រដូវ​ដែលមាន​ក្នុង​មួយឆ្នាំៗ​។​
 
​ដូចនេះ ជនជាតិខ្មែរ​បាន​ស្គាល់​រទេះគោ និង និមិត្ត​របស់​វា​យ៉ាង​ច្បាស់លាស់ តាំងតែ​ពី​សម័យ​បុ​រេ​អង្គរ ជាពិសេស​ក្នុងសម័យ​វប្បធម៌​នគរ​ភ្នំ ដូចជា​សំណល់​កង់រទេះ នៅ​កម្ពុជា​ក្រោម និង​វត្ថុ​ជាច្រើន​ដែល​គេ​បាន​ជួបប្រទះ​ជា​សក្ខីភាព​ស្រាប់​។ ជាក់ស្តែង តាំងពីដើម​សតវត្សរ៍​ទី​១ រហូតដល់​សព្វថ្ងៃ រទេះគោ​នៅតែ​ពេញនិយម​ក្នុង​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង ដូចជា​វត្តមាន​របស់​កាក់ ដែលមាន​ឆ្លាក់​មនុស្ស​ជិះ​ពីលើ​នៅ​ទីក្រុង​អង្គរបុរី​។ ម្យ៉ាងវិញទៀត គេ​ក៏បាន​រកឃើញ​នូវ​ដុំ​ឈើ​នៃ​រទេះគោ​មួយចំនួន នៅក្នុង​តំបន់​ដែនដី​សណ្ត កម្ពុជា​ក្រោម​ផងដែរ​។ ក៏ប៉ុន្តែ​អ្វីដែល​អស្ចារ្យ​មួយទៀត​នោះ គឺ​សេះ​ត្រូវបាន​ប្រើប្រាស់​តាំង​ពីមុន​សម័យ​នគរ​ភ្នំ​ម្ល៉េះ ដូច​ករណី​ចម្លាក់​លើ​ចិញ្ចៀន​នៅ​ស្ថានីយ៍​ព្រ​ហារ នៅ​ខេត្តព្រៃវែង​ជា​សក្ខីកម្ម​ស្រាប់​។

​កត្ដា​មួយទៀត​ដែល​គួរ​គប្បី​តម្រូវអោយ​យើង​ត្រូវ​ស្រាវជ្រាវ​បន្ដទៀត គឺ​ភាពខុសប្លែក​គ្នា​រវាងរ​ទេះ​គោខ្មែរ និង រទេះគោ​ឥណ្ឌា ព្រោះថា​ជុំវិញ​បញ្ហា​នេះ​យើង​នៅមាន​ភាពស្រពិចស្រពិល​មួយចំនួន​ដែល​ពុំ​អាច​នាំអោយ​យើង​បកស្រាយ​បាន​ត្រឹមត្រូវ​នៅឡើយ​។ ទោះជា​យ៉ាងណាក្ដី​យើង​ក៏​នៅតែមាន​អារ​ម្ម​ណ៏​ថា ជនជាតិខ្មែរ​នា​សម័យ​ហ្វូណន ក្នុង​ការផលិត​កាំរទេះ​សេះ​ឬ រទេះគោ​......​និង ជាពិសេស​គ្រឿង​តុបតែង​សេះ​ចំបាំង​ខ្មែរ​ប្រហែលជា​បានទទួល​ឥទ្ធិពល​ពី​ចិន ច្រើនជាង​ឥទ្ធិពល​ឥណ្ឌា​។

(​អត្ថបទ​ស្រាវជ្រាវ​របស់លោក​សាស្ត្រាចារ្យ​បណ្ឌិត មី​សែ​ល ត្រា​ណេ​)  (http://www.khemaravidya.com/)



© រក្សាសិទ្ធិដោយ thmeythmey.com