ជាតិ
សិស្ស​ដែល​រៀន​សាលា​Stamford អាច​ជ្រើសរើស​រៀន​នៅ​សាលា​ផ្សេង ដោយ​មិន​គិតថ្លៃ
13, Oct 2017 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖  ក្រសួង​អប់រំ យុវជន និង​កីឡា អនុញ្ញាត​ឲ្យ​សិស្ស​ដែល​រៀន​នៅ​សាលា​អន្តរជាតិ​ស្ទែ​ម​ហ្វ​ត (Stamford International Academy) អាច​ជ្រើសរើស​សិក្សា​នៅ​សាលា​អន្តរជាតិ​ញូវយ៉ក ឬ​សាលា​អន្តរជាតិ​អាមេរិកកាំង​ប្រ៊ី​ត ដោយ​មិន​គិតថ្លៃ​។​ការប្រកាស​របស់​ក្រសួង​អប់រំ​នេះ ធ្វើឡើង​ក្រោយ​សាលា​អន្តរជាតិ Stamford បាន​បិទទ្វារ ដែល​បង្ក​ឲ្យ​មានការ​តវ៉ា​ពី​សំណាក់​មាតា បិតា និង​អាណាព្យាបាល​សិស្ស​។​

-

​បន្ទាប់ពី​ចុះ​ត្រួតពិនិត្យ​លើ​ករណី​សាលា​អន្តរជាតិ Stamford នេះ ក្រសួង​អប់រំ បានអនុញ្ញាត​ឲ្យ​សិស្ស ដែល​បាន​បង់ថ្លៃ​សិក្សា​តាម​វគ្គ ឬ​តាម​ឆ្នាំ​សាលា​អន្តរជាតិ Stamford អាច​ជ្រើសរើស​បន្ត​ការសិក្សា​នៅ​សាលា​អន្តរជាតិ​ញូវយ៉ក ឬ​សាលា​អន្តរជាតិ​អាមេរិកកាំង​ប្រ៊ី​ត ដោយ​មិនបាច់​បង់ថ្លៃ​សិក្សា​ទៀត​ចំពោះ​ឆ្នាំ​សិក្សា ដែល​សិស្សានុសិស្ស​បង់​រួច​នោះ ដោយ​ភ្ជាប់​មកជា​មួយ​នូវ​វិក្កយបត្រ​បង់ប្រាក់​។​

​ក្រសួង​អប់រំ នឹង​ចាត់វិធានការ​បន្តទៀត ទៅលើ​អ្នកគ្រប់គ្រង​សាលា​អន្តរជាតិ Stamford ដោយ​មិនបាន​គោរព​តាម​គោលការណ៍​ណែនាំ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា នៅពេលដែល​សាលា​មានបំណង​បិទ​អាជីវកម្ម​របស់ខ្លួន​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួង​អប់រំ ចុះ​ថ្ងៃទី​១៣ តុលា ។​

​សាលា​អន្តរជាតិ Stamford បាន​បិទទ្វារ​កាលពី​ថ្ងៃទី​១០ តុលា ដោយ​មិនដឹង​មូលហេតុ ទើប​បណ្ដា​ឲ្យ​មាតា បិតា និង​អាណាព្យាបាល សិស្ស​មានការ​តវ៉ា ។ សិស្ស​ដែល​រៀន​នៅ​សាលា​អន្តរជាតិ Stamford ត្រូវ​បង់ថ្លៃ​សិក្សា​ចន្លោះ​ពី​៥០០​ដុល្លារ​ឡើង ។ សាលា​អន្តរជាតិ Stamford ដែល​បាន​បិទទ្វារ​នេះ​មាន​៣​ចំនួន​ទីតាំង​៕



Tag:
 ​អប់រំ​
  Stamford
© រក្សាសិទ្ធិដោយ thmeythmey.com