កីឡាជាតិ
ជាតិ
ចំណូល​របស់​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​តិចជាង ចំណាយ​ជាង​២៤,០០០​ដុ​លា្ល​រ​
15, Oct 2017 , 2:39 pm        
រូបភាព
លោក ងិន សុបញ្ញា ពេលឡើងអានរបាយការណ៍ហិរញ្ញវត្ថុ និងសកម្មភាពការងារក្នុងអាណត្តិទី២នៅ NOCC
លោក ងិន សុបញ្ញា ពេលឡើងអានរបាយការណ៍ហិរញ្ញវត្ថុ និងសកម្មភាពការងារក្នុងអាណត្តិទី២នៅ NOCC
ដោយ:
​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា ត្រូវ​ខាត​ថវិកា​ជាង​២៤,០០០​ដុល្លារ សម្រាប់​អាណត្តិ​ទី​២​របស់ខ្លួន​ក្រោយ​ទំហំ​ប្រាក់ចំណូល​តូច​ជាង​ចំណាយ​។ ការខាតបង់​នេះ មិនបាន​ធ្វើ​ឲ្យ​សហព័ន្ធ​ដែល​ដឹកនាំ​លោក គង់ រិទ្ធី​ជ​ព្វ បោះបង់​ការខិតខំ និង​ការតស៊ូ​របស់ខ្លួន​នោះឡើយ​។ ជាក់ស្តែង​កាលពី​ថ្ងៃទី​៩ ខែតុលា នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) សហព័ន្ធ​នេះ បានរៀបចំ​មហាសន្និបាត​ផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ​មួយចំនួន និង​ដាក់​ទិសដៅ​អភិវឌ្ឍន៍​សម្រាប់​អាណត្តិ​ថ្មី​។



​បើ​យោងតាម​របាយការណ៍​ហិរញ្ញវត្ថុ​ដែល​អាន​ដោយ លោក ងិន សុ​បញ្ញា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា នៅក្នុង​អាណត្តិ​ទី​២​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា​រក​ចំណូល​សរុប​បាន​ចំនួន​៣៥,០០០​ដុល្លារ តែ​ចំណាយ​រហូតដល់​៥៩,៤៧១​ដុល្លារ​។ ដូច្នេះ​ដោយ​ចំណាយ​មាន​ទំហំ​ធំ​ជាង​ចំណូល​ក្នុង​អាណត្តិ​នេះ សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង ត្រូវ​ខាត​ថវិកា​ចំនួន​២៤,៤៧១​ដុល្លារ​។​

​របាយការណ៍​ដដែល​បានបញ្ជាក់​ទៀតថា នៅ​ឆ្នាំ​២០១៣ សហព័ន្ធ​រកចំណូលបាន​ចំនួន​៥,០០០​ដុល្លារ​តែ​ត្រូវ​ចំណាយ​១២,០០០​ដុល្លារ នាំ​ឲ្យ​ខាត​ថវិកា​ចំនួន​៧,០០០​ដុល្លារ​។ ឆ្នាំ​២០១៤ សហព័ន្ធ​រកចំណូលបាន​ចំនួន​១២,០០០​ដុល្លារ តែ​ត្រូវ​ចំណាយ​១៩,២០៦​ដុល្លារ នាំ​ឲ្យ​ខាត​ថវិកា​ចំនួន​៧,២០៦​ដុល្លារ​។  នៅ​ឆ្នាំ​២០១៥ សហព័ន្ធ​ទទួលបាន​ចំណូល​១៥,០០០​ដុល្លារ តែ​ត្រូវ​ចំណាយ​រហូត​២២,៤៥៥​ដុល្លារ ដោយ​ខាត​ថវិកា​សរុប​ចំនួន​៧,៤៥៥​ដុល្លារ​។ នៅ​ឆ្នាំ​២០១៦ និង ២០១៧ សហព័ន្ធ​មាន​ចំណូល​៣,០០០​ដុល្លារ ហើយ​ត្រូវ​ចំណាយ​៥,៨១០​ដុល្លារ ដោយ​ត្រូវ​ខាត​ថវិកា​២,៨១០​ដុល្លារ​។ 


សមាជិក​ប្រតិបត្តិ​អាណត្តិថ្មី​រ​បស់សហព័ន្ធកីឡា​ទ្រីយ៉ាត្លុង​កម្ពុជាថត​រូបជុំគ្នានៅ ​NOCC

​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា លោក ងិន សុ​បញ្ញា បាន​បញ្ជាក់ថា ប្រភព​ចំណូល​ធំជាងគេ​របស់​សហព័ន្ធ គឺ​តាមរយៈ​ការឧបត្ថម្ភ​ផ្ទា​ល់ពី លោក គង់ រិទ្ធី​ជ​ព្វ ប្រធាន​សហព័ន្ធ​។ ក្រៅពីនេះ​បានមកពី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រុមហ៊ុន​ឯកជន ដែលជា​ដៃគូ​សហការ​រួមមាន ក្រុមហ៊ុន​ហ្វ​ត ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា បណ្ណាគារ​សន្តិភាព និង​ក្រុមហ៊ុន Herbal life​។ តែ​យ៉ាងណា លោក មិនបាន​បញ្ជាក់​លម្អិត​ពី​តួលេខ​នីមួយៗ នៃ​ប្រភព​ចំណូល​នោះឡើយ​។

​ទោះបី​មានការ​ខាត​ថវិកា​ក្នុង​អាណត្តិ​ទី​២​របស់ខ្លួន​ក៏ដោយ ប៉ុន្តែ​សហព័ន្ធ​នេះ​មិនបាន​បោះបង់​ការតស៊ូ និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​នៅ​កណ្តាល​ទីនោះ​ឡើយ​។ ជាក់ស្តែង​កាលពី​ថ្ងៃទី​៩ ខែតុលា នៅ​ទី     ស្នាក់ការ NOCC សហព័ន្ធ​នេះ​បានរៀបចំ​មហាសន្និបាត​ជ្រើសតាំង​សមាជិក​ប្រតិបត្តិ​ថ្មី និង​ដាក់​ទិសដៅ​អភិវឌ្ឍន៍​សម្រាប់​សម្រាប់​អាណត្តិ​ទី​៣​នេះ​ផងដែរ​។



​តាមរយៈ​ការបោះឆ្នោត​ដោយ​លើកដៃ​នៅ​ទីស្នាក់ការ NOCC អង្គ​មហាសន្និបាត​សម្រេច​បោះឆ្នោត​ឲ្យ​ប្រធាន​ចាស់​គឺ លោក គង់ រិទ្ធី​ជ​ព្វ បន្ត​ដឹកនាំ​ជា​ប្រធាន​ក្នុង​អាណត្តិ​ថ្មី​(​ឆ្នាំ​២០១៧-២០២១)​។ ចំណែក​អ្នកស្រី ម៉ក់ វណ្ណ​ស៊ីថា ជា​អនុប្រធាន​ទី​១, អ្នកស្រី ហួត ចាន់​ធានី អនុប្រធាន​ទី​២, លោក ងិន សុ​បញ្ញា បន្ត​ធ្វើជា​អគ្គលេខាធិការ ខណៈ​កញ្ញា ញ៉ែម សុភា និង​កញ្ញា កាង ណុ​ចប​វរ ជា​អគ្គ​ហិ​រញ្ញឹក និង​ហិ​រញ្ញឹក​រង​។ លោក មាស សារ៉េត​, អ្នកស្រី សូ រ៉ា​ន់​ដេ​ត និង​អ្នកស្រី បេង ប៊ុន​នេ​ត ជា​សមាជិក​ប្រតិបត្តិ​។​

​ក្រោយ​ជ្រើសតាំង​សមាជិក​ប្រតិបត្តិ​អាណត្តិ​ថ្មី​រួច សហព័ន្ធ​បានដាក់​ចេញ​ទិសដៅ និង​ផែន​អភិវឌ្ឍន៍​មួយចំនួន​សម្រាប់​អាណត្តិ​ថ្មី​ផងដែរ​។ ក្នុងនោះ​សហព័ន្ធ​គ្រោង​បញ្ចូល​កីឡាករ​-​កីឡាការិនី​ចំនួន​១០​ក្នុង​ក្រុម​ជម្រើសជាតិ​ថ្នាល និង​ស្នើ​ឲ្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា​បង្កើន​ចំនួន​កីឡាករ​ជម្រើសជាតិ​ឈុត​ធំ​ពី​៦​ទៅ​១២​នាក់​។ លើសពីនេះ សហព័ន្ធ​នឹង​ខិតខំ​ស្វែងរក​ដៃគូ​ឧបត្ថម្ភ​ដើម្បី​រៀបចំ​ការប្រកួត​ជើងឯក​ផ្សេង​ដើម្បី​ពង្រឹងសមត្ថភាព​សម្រាប់​ត្រៀម​ប្រកួត​ក្រៅប្រទេស និង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣៕  




Tag:
 ​ទ្រី​យ៉ា​ត្លុង​
  ងិន សុ​បញ្ញា​
  គង់ រិ​ទ្ធិ​ជ​ព្វ​
© រក្សាសិទ្ធិដោយ thmeythmey.com