ជាតិ
​​​ន​យោ​បាយ​ជាតិ​
សភា អនុម័ត​ជា​ឯក​ច្ឆ័​ន​លើ​សេចក្តីស្នើ​កែប្រែ​ច្បាប់​ចំនួន​៤
16, Oct 2017 , 9:40 am        
រូបភាព
​ភ្នំពេញ​៖ សេចក្តីស្នើ​កែប្រែ​ច្បាប់​ចំនួន​៤ ដែល​បានដាក់​ចូលទៅក្នុង​កិច្ចប្រជុំ​សភាពេញអង្គ នៅ​ព្រឹក​ថ្ងៃទី​១៦ តុលា​នេះ ត្រូវបាន​អនុម័ត​ជា​ឯក​ច្ឆ័​ន ដោយ​ក្រុមតំណាងរាស្ត្រ​៦៧​រូប មកពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​។ កិច្ចប្រជុំ​សភាពេញអង្គ​នេះ គ្មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ​។​



​សម្រាប់​ការអនុម័ត​សេចក្តីស្នើ​វិសោធនកម្ម​ច្បាប់​ទាំង​៤​នេះ គឺ​មិនមាន​ការពិភាក្សា និង​សួរដេញដោល​គ្នា​អ្វី​ឡើយ ដោយ​គ្រាន់តែ​មានការ​ថ្លែង​អង្គហេតុ នៃ​ការធ្វើ​វិសោធនកម្ម​ច្បាប់​នេះ ពី​លោក ជាម យៀប និង​លោក ប៉ែន បញ្ញា តំណាង​សមាជិកសភា​ពី​ខាង​គណបក្ស​ប្រជាជន ។ បន្ទាប់ពី​ថ្លែង​រួច ក្រុមតំណាងរាស្ត្រ​គណបក្ស​ប្រជាជន បាន​លើកដៃ​អនុម័ត​ជា​ឯក​ច្ឆ័​ន តាម​ខ្លឹមសារ​មាត្រា​ច្បាប់​នីមួយៗ នៃ​ច្បាប់​ទាំង​៤​នេះ​។​

​សំណើ​វិសោធនកម្ម​ច្បាប់​ពី​ខាង​សមាជិក​រដ្ឋសភា មកពី​គណបក្ស​ប្រជាជន​កម្ពុជា នោះ​រួមមាន​ទី​១ ច្បាប់​ស្ដីពី​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​។ ទី​២ ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​ព្រឹទ្ធសភា​។ ទី​៣ ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ទី​៤ ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ។​

​គួរ​បញ្ជាក់ថា ការធ្វើវិសោធកម្ម​ច្បាប់បោះឆ្នោត​ទាំង​៤​នេះ ធ្វើឡើង​ស្របពេល​បណ្ដឹងសុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្លាក់​ដល់ដៃ​តុលាការ​កំពូល​ហើយ ដើម្បី​ត្រួតពិនិត្យ​នឹង​សម្រេច​លើ​ជោគវាសនា​គណបក្ស​នេះ​៕


Tag:
 សភា​
 ​ច្បាប់​
 ​បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com