បទសម្ភាសន៍
អន្តរជាតិ
អ្នកកាសែត​បរទេស​ជិត​២​ពាន់​នាក់​មាន​វត្តមាន​ក្នុង​មហាសន្និបាត​បក្ស​កុម្មុយនីស្ត​ចិន
17, Oct 2017 , 5:40 pm        
រូបភាព
លោក តន ចាន់រិទ្ធារ៉ា អ្នក​យកព័ត៌មាន​អន្តរជាតិ​ប្រចាំសារព័ត៌មាន ThmeyThmey ស្ថិតក្នុងចំណោម​អ្នកកាសែតបរទេសប្រមាណ២ពាន់​នាមហាសន្និបាតបក្សកុម្មុយនីស្តចិន
លោក តន ចាន់រិទ្ធារ៉ា អ្នក​យកព័ត៌មាន​អន្តរជាតិ​ប្រចាំសារព័ត៌មាន ThmeyThmey ស្ថិតក្នុងចំណោម​អ្នកកាសែតបរទេសប្រមាណ២ពាន់​នាមហាសន្និបាតបក្សកុម្មុយនីស្តចិន
​ប៉េកាំង​៖ មហាសន្និបាត​បក្ស​កុម្មុយនីស្ត​ចិន​លើក​ទី ១៩ ដែល​ទាក់ទាញ​ក្រសែភ្នែក​ពិភពលោក​នឹង​ចាប់ផ្តើម​ឡើងជា​ផ្លូវការ​នៅ​ថ្ងៃ​ពុធ ទី​១៨ ខែតុលា​នេះ​។ អ្នកសារព័ត៌មាន​ថ្មីៗ ស្ថិតក្នុង​ចំណោម​អ្នកសារព័ត៌មាន​បរទេស​ជាង ១៨០០ នាក់ ត្រូវបាន​អញ្ជើញ​ដោយសារ​ព័ត៌មាន​រដ្ឋ​ចិន People’s Daily ឲ្យ​ចូលរួម​យក​ព័ត៌មាន​ក្នុង​មហាសន្និបាត​បក្ស​កុម្មុយនីស្ត​ចិន​លើក​ទី ១៩ នេះដែរ​។



​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ចំនួន ៣០៦៨ នាក់ នឹង​ចូល​យក​ព័ត៌មាន​ក្នុង​មហាសន្និបាត​បក្ស​កុម្មុយនីស្ត​ចិន​ប្រាំ​ឆ្នាំ​ម្តង​លើក​ទី ១៩ ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ ១៨ ខែតុលា​នេះ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​មជ្ឈមណ្ឌល​ព័ត៌មាន​នៃ​មហាសន្និបាត​បក្ស​កុម្មុយនីស្ត​ចិន​។​



​ក្នុងចំណោម​អ្នកសារព័ត៌មាន​ជាង ៣០០០ នាក់​នោះ អ្នកកាសែត​បរទេស​មា​ន​សរុប​ទាំងអស់ ១៨១៨ នាក់​មកពី​ប្រទេស ១៣៤ លើ​ពិភពលោក​។ លោក តន ចាន់​រិ​ទ្ធា​រ៉ា ដែលជា​អ្នកសារព័ត៌មាន​អន្តរជាតិ​នៃ​សារព័ត៌មាន​ថ្មីៗ ក៏​ស្ថិត​ក្នុងចំណោម​ក្រុម​អ្នកសារព័ត៌មាន​បរទេស​ដែល​តាម​យក​ព័ត៌មាន​ក្នុង​កម្មវិធី​ប្រជុំ​ដ៏​សំខាន់​ពី​ទីក្រុង​ប៉េកាំង​នេះដែរ​។​




​ក្រៅពី​ចូល​យក​ព័ត៌មាន​ក្នុង​មហាសន្និបាត​បក្ស​កុម្មុយនីស្ត​ចិន អ្នកសារព័ត៌មាន​បរ​ទេស​ក៏​នឹងចូលរួម​ក្នុង​ដំណើរ​ទស្សនកិច្ច​យក​ព័ត៌មាន​នៅ​ទីតាំង​ប្រវត្តិសាស្ត្រ និង​ស្ថាប័ន​សំខាន់ៗ​មួយចំនួនទៀត​ក្នុង​ទីក្រុង​ប៉េកាំង​ផងដែរ​។​
អត្ថបទទាក់ទង

​សូមបញ្ជាក់ថា មហាសន្និបាត​បក្ស  គឺជា​ជំនួប​ដ៏​សំខាន់​ដែល​ផ្តោតលើ​ការសម្រេចចិត្ត​ជ្រើសរើស​ថ្នាក់ដឹកនាំ​សំខាន់ៗ​របស់​បក្ស​កុម្មុយនីស្ត អនុម័ត​គោលនយោបាយ​ដឹកនាំ​ប្រទេស​រយៈពេល​ប្រាំ​ឆ្នាំ​ទៅមុខ ជាពិសេស​ការកែ​រដ្ឋធម្មនុញ្ញ​ដើម្បី​បញ្ចូល​ទស្សនវិស័យ​លោក​ស៊ី ជិន​ភីង ផង​។​តំណាង​សមាជិក​បក្ស​កុម្មុយនីស្ត​មកពី​ទូទាំងប្រទេស​ប្រមាណ​ជាង​ពីរពាន់​នាក់ នឹងមាន​វត្តមាន​ក្នុង​មហាសន្និបាត​ដែល​រៀបចំ​រៀងរាល់​ប្រាំ​ឆ្នាំ​ម្ដង​នេះដែរ​៕


Tag:
 ​មហាសន្និបាត​លើក​ទី ១៩
  ចិន​
  People’s Daily
© រក្សាសិទ្ធិដោយ thmeythmey.com