អន្តរជាតិ
មហាសន្និបាត​បក្ស​៖ លោក ស៊ី ជិន​ភីង នឹង​កាន់អំណាច​៥​ឆ្នាំ​ទៀត ឯ​មេដឹកនាំ​កំពូល​៤​រូប​ចូលនិវត្តន៍​
17, Oct 2017 , 9:59 pm        
រូបភាព
​ប៉េកាំង​៖ មហាសន្និបាត​លើក​ទី​១៩ នៃ​គណបក្ស​កុម្មុយនីស្ត​ចិន ចាប់ផ្ដើម​ថ្ងៃ​ពុធ ទី​១៨ ខែតុលា​នេះ​។ ប្រធានបទ​សំខាន់ៗ​ជាច្រើន​នៃ​មហាសន្និបាត​លើក​នេះ ស្ថិតក្នុង​ការតាមដាន​យ៉ាង​យកចិត្តទុកដាក់​បំផុត ជាពិសេស​ការផ្លាស់ប្ដូរ​ថ្នាក់ដឹកនាំ​តែម្ដង​។ ប្រតិភូ​ចំនួន​២៣០០​នាក់ នឹងត្រូវ​បោះឆ្នោត​ជ្រើសរើស​សមាជិក​គណៈកម្មាធិកា​រ​មជ្ឈិមបក្ស​ចំនួន​២០០​នាក់​, សមាជិក​ការិយាល័យ​នយោបាយ​ចំនួន​២៥​នាក់​, សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិម និង​លេខា​បក្ស​។



​មក​ត្រឹម​មហាសន្និបាត​ទី​១៩ ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃទី​១៨ ខែតុលា សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​ការិយាល័យ​នយោបាយ​ចំនួន​៤​រូប ត្រូវ​ដល់​អាយុ​ចូលនិវត្តន៍​។ នេះ​បើតាម​បទបញ្ញត្តិ​មិន​ផ្លូវ​ការដែល​កំណត់​អាយុ​ចូលនិវត្តន៍​របស់​បក្ស​កុម្មុយនីស្ត​ចិន «៧​ឡើង ៨​ចុះ​» ដែល​ចែងថា មន្ត្រី​បក្ស​ដែលមាន​អាយុ​៦៧​ឆ្នាំ​ចុះ​អាច​ត្រូវ​រក្សា​តំណែង​របស់ខ្លួន​បាន តែ​មន្ត្រី​មាន​អាយុ​៦៨​ឆ្នាំ​ឡើង​នៅ​អំឡុងពេល​មហាសន្និបាត ត្រូវតែ​ចុះចេញ​ពី​តំណែង​។​

​បើតាម​បញ្ញត្តិ​ខាងលើ ប្រធានសភា​ប្រជាជន លោក​ចាង តេ​ជាំ​ង​, ប្រធានសភា​ពិគ្រោះ​យោបល់ លោក​យូ ជឹ​ង​សឹង​, លោក​លីវ យុន​សាន​, ប្រធាន​គណៈកម្មកា​រវិ​ន័យ​បក្ស លោក​វ៉ាង ជី​សាន និង​ឧបនាយករដ្ឋមន្ត្រី​ទីមួយ លោក​ចាង កាវ​លី ដែល​សុទ្ធសឹង​ជា​សមាជិក​ការិយាល័យ​នយោបាយ និង​មាន​អាយុ​លើស​៦៧​ឆ្នាំ គឺ​ត្រូវ​ចូលនិវត្តន៍​ទាំងអស់​។ ឯ​ប្រធានាធិបតី លោក​ស៊ី ជិន​ភីង និង​នាយករដ្ឋមន្ត្រី លោក​លី ខឹ​ឈាំ​ង មិនទាន់​ដល់​អាយុ​ចូលនិវត្តន៍​នៅឡើយ​ទេ នៅត្រឹម​មហាសន្និបាត​លើក​ទី​១៩ នេះ​។

​តាម​ការគ្រោងទុក ទាំង​លោក​ស៊ី ជិន​ភីង ទាំង​លោក​លី ខឹ​ឈាំ​ង នឹង​បន្ត​ជា​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​កា​រិ​យា​ល័ន​យោ​បាយ​ដដែល ខណៈ​លោក​ស៊ី ជិន​ភីង នឹង​បន្ត​កាន់តំណែង​អគ្គលេខាធិការ​បក្ស​៥​ឆ្នាំ​ទៀត​។ ក្នុង​ឋានានុក្រម​ថ្នាក់ដឹកនាំ​បក្ស​កុម្មុយនីស្ត​ចិន លោក​ស៊ី ស្ថិតក្នុង​លំដាប់​ទីមួយ ឯ​លោ​កលី ស្ថិតក្នុង​លំដាប់​ទី​ពីរ ហើយ​តំណែង​ទាំងពីរ​នេះ​តែងតែ​ជា​មនុស្ស​ដដែល​រយៈពេល​១០​ឆ្នាំ​តែម្ដង​។​

​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ខណៈដែល​មន្ត្រីជាន់ខ្ពស់​បួនរូប​ត្រូវ​ចូលនិវត្តន៍​នោះ លោក​វ៉ាង ជី​សាន ដែលមាន​ឈ្មោះ​ត្រូវ​ចាកចេញ​ដែរនោះ អាច​នឹង​បន្ត​អង្គុយ​កៅអី​របស់ខ្លួន​តាម​ការ​ចង់បាន​របស់លោក​ស៊ី ជិន​ភីង ។ លោក​វ៉ាង ត្រូវគេ​ចាត់ទុកជា​ដៃស្ដាំ​របស់លោក​ស៊ី និង​កំពុងតែ​ដឹកនាំ​យុទ្ធនាការ​បោសសម្អាត​អំពើពុករលួយ​តាម​គោលនយោបាយ​របស់លោក​ស៊ី​។ មន្ត្រី​ជាច្រើន​ទាំង​អ្នក​កាន់តំណែង​ខ្ពស់ ទាំង​អ្នក​កាន់តំណែង​តូចតាច បាន​រង​ពិន័យ​ចំពោះ​កំហុស​មួយ​នេះ​។​

​ជាមួយ​តួនាទី​នេះ លោក​វ៉ាង ពិតជា​ដៃគូ​ដ៏​សំខាន់​របស់លោក​ប្រធានាធិបតី​ស៊ី​។ មាន​សេណារីយោ​ច្រើន​សម្រាប់​ករណីនេះ​។ លោក​វ៉ាង អាច​បន្ត​កាន់តំណែង​ប្រធាន​គណៈកម្មការ​វិន័យ​បក្ស ឬ​ចាក​ចេញពី​ការិយាល័យ​នយោបាយ ដើម្បី​កាន់តំណែង​ផ្សេង​ដូចជា​ប្រធានសភា​ប្រជាជន ឬក៏​ធ្វើជា​អនុប្រធាន​គណៈកម្មការ​សន្តិសុខ​វិញ​។ ប៉ុន្តែ​ប្រភពពី​មន្ត្រី​ជំនិត​បាន​អះអាង​ដែរ​ថា លោក​វ៉ាង គ្មាន​បំណង​កាន់តំណែង​អ្វី​ទេ និង​ចង់​ចូលនិវត្តន៍​វិញ​។​

​ទន្ទឹមនឹង​ការផ្លាស់ប្ដូរ​មន្ត្រី​កំពូល សមាជិក​ការិយាល័យ​នយោបាយ​ក៏ត្រូវ​ផ្លាស់ប្ដូរ​ដែរ ខណៈ​មន្ត្រី​មាន​ប្រជាប្រិយភាព​ខ្ពស់​ដែល​អាច​ប្រជែង​ជាមួយ​លោក​ស៊ី មួយចំនួន​ត្រូវបាន​ទាត់​ចេញពី​បក្ស​។ មន្ត្រី​វ័យក្មេង​ដែលជា​មនុស្ស​ជំនិត​របស់លោក​ស៊ី នឹង​ក្លាយជា​សមាជិក​ថ្មី​របស់​គណៈកម្មាធិការ​ដែលមាន​សមាជិក​២៥​នាក់ ហើយ​ពួកគេ​ខ្លះ​ក៏​ជា​បេក្ខជន​មាន​សក្តានុពល​ខ្ពស់​ដើម្បី​ស្នង​តំណែង​កំពូល​នៅ​រយៈពេល​៥​ឆ្នាំ​ខាងមុខ​ទៀត​៕       


Tag:
 ចិន​
  ស៊ី ជិន​ភីង​
  មហាសន្និបាត​បក្ស​ទី​១៩
© រក្សាសិទ្ធិដោយ thmeythmey.com