អន្តរជាតិ
របាយការណ៍​មហាសន្និបាត​បក្ស​កុម្មុយនីស្ត​ចិន​មាន​១២​ភាសា​រួមទាំង វៀតណាម និង ឡាវ​
19, Oct 2017 , 10:29 am        
រូបភាព
​មជ្ឈមណ្ឌល​ព័ត៌មាន​នៃ​បក្ស​កុម្មុយនីស្ត​ចិន​បាន​បញ្ជាក់ថា របាយការណ៍​នានា​ពាក់ព័ន្ធ​មហាសន្និបាត​បក្ស​កុម្មុយនីស្ត​នឹងមាន​ជា​ភាសា​ចំនួន ១២ ក្នុងចំណោម​នោះ​មាន​ភាសា​វៀតណាម និង​ឡាវ​ផងដែរ​។​



​មហាសន្និបាត​បក្ស​កុម្មុយនីស្ត​ចិន​រយៈពេល​មួយ​សប្ដាហ៍​ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃទី​១៨ ខែតុលា នឹង​បញ្ចប់​នៅ​ថ្ងៃទី​២៤ ខែតុលា​ខាងមុខ​។ កិច្ចប្រជុំ​ជាច្រើន​នឹង​រៀបចំឡើង ហើយ​មហាសន្និបាត​នេះ​ក៏បាន​បង្កើត​មជ្ឈមណ្ឌល​ព័ត៌មាន​មួយ​ដើម្បី​ផ្ដល់ព័ត៌មាន​ទាក់ទង​កិច្ចប្រជុំ ក៏ដូចជា​ផ្សព្វផ្សាយ​របាយការណ៍​ដែលជា​លទ្ធផល​នៃ​មហាសន្និបាត​លើក​នេះដែរ​។​

​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ របាយការណ៍​នៃ​មហាសន្និបាត​លើក​ទី​១៩ នៃ​បក្ស​កុម្មុយនីស្ត​នេះ​ត្រូវបាន​គេ​ផ្សព្វផ្សាយ​ចេញ​ជា ១២​ភាសា​ដែលមាន​ទាំង​ភាសា​ឡាវ និង​ភាសា​វៀតណាម​ផងដែរ​។​
 
«​មជ្ឈមណ្ឌល​ព័ត៌មាន​បង្កើត​តុ​ចែកចាយ​ឯកសារ​នៅ​ជាន់​ទី​ពីរ​នៃ​មហាសាល​ប្រជាជន និង​ផ្ដល់​របាយការណ៍​នៃ​កិច្ច​មហាសន្និបាត​លើក​ទី​១៩ នៃ​បក្ស​កុម្មុយនីស្ត​ចិន ជា​ភាសា​ចិន អង់គ្លេស បារាំង អេ​ស្ប៉ា​ញ ជប៉ុន រុស្ស៊ី អាល្លឺម៉ង់ អារ៉ាប់ ព័រទុយហ្កាល់ កូរ៉េ វៀតណាម និង​ឡាវ​»​។  នេះ​បើតាម​សៀវភៅ​ណែនាំ​សម្រាប់​អ្នកសារព័ត៌មាន​ដែល​បោះ​ពុ​ម្ភ​ដោយ​មជ្ឈមណ្ឌល​ព័ត៌មាន​បក្ស​កុម្មុយនីស្ត​ចិន​។​

​សូមបញ្ជាក់ថា មហាសន្និបាត​បក្ស  គឺជា​ជំនួប​ដ៏​សំខាន់​ដែល​ផ្តោតលើ​ការសម្រេចចិត្ត​ជ្រើសរើស​ថ្នាក់ដឹកនាំ​សំខាន់ៗ​របស់​បក្ស​កុម្មុយនីស្ត អនុម័ត​គោលនយោបាយ​ដឹកនាំ​ប្រទេស​រយៈពេល​ប្រាំ​ឆ្នាំ​ទៅមុខ ជាពិសេស​ការកែ​រដ្ឋធម្មនុញ្ញ​ដើម្បី​បញ្ចូល​ទស្សនវិស័យ​លោក​ស៊ី ជិន​ភីង ផង​។ តំណាង​សមាជិក​បក្ស​កុម្មុយនីស្ត​មកពី​ទូទាំងប្រទេស​ប្រមាណ​ជាង​ពីរពាន់​នាក់ មាន​វត្តមាន​ក្នុង​មហាសន្និបាត​ដែល​រៀបចំ​រៀងរាល់​ប្រាំ​ឆ្នាំ​ម្ដង​នេះដែរ​៕


Tag:
 ចិន​
  មហាសន្និបាត​ទី ១៩
  បក្ស​កុម្មុយនីស្ត​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com