ជាតិ
សេដ្ឋកិច្ច
ពន្ធដារ ប្រកាស​ឲ្យ​ក្រុមហ៊ុន​ចំនួន​បី ចូល​ដោះស្រាយ​បំណុល​ពន្ធ​
19, Oct 2017 , 10:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ បានប្រកាស​ឲ្យ​ក្រុមហ៊ុន​ចំនួន​បី ចូល​ដោះស្រាយ​បំណុល​ពន្ធ បន្ទាប់ពី​នាយក​ក្រុមហ៊ុន​ទាំងនោះ​មិនបាន​ចូល​ដោះស្រាយ តាម​ការអញ្ជើញ​ចំនួន​បី​ដង​រួចមកហើយ​។ នេះ​បើតាម​លិខិតអញ្ជើញ​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ នៅ​ថ្ងៃទី​១៨​ខែតុលា ដែល​ត្រូវបាន​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ស្ថាប័ន​មួយ​នេះ​។​



​ក្រុមហ៊ុន​ទាំងបី​ដែលមាន​ក្នុង​លិខិតអញ្ជើញ​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ​នេះ រួមមាន ក្រុមហ៊ុន ប្រូ​ខន អ៊ិន​វេស​មេន ខូ​អិ​ល​ធី​ឌី ក្រុមហ៊ុន​ប៊ី​ល​អាប់ (​ខេ​ម​បូ​ឌា​) មេ​នូ​ហ្វេ​ក​ឈ័​រ​រីង លី​មី​ធី​ត និង​ភោជនីយដ្ឋាន​ប៉ោ​កី ។​

​អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​ទុក​រយៈពេល ១៥​ថ្ងៃ​បន្ទាប់​ពីថ្ងៃ​ចេញ​លិខិតអញ្ជើញ​នេះ ឲ្យ​នាយក​ក្រុមហ៊ុន​ទាំងនោះ​ចូល​ដោះស្រាយ​បំណុល​ពន្ធ​។ ក្នុងករណី​មិន​អញ្ជើញ​មក​តាម​កាលបរិច្ឆេទ​នេះ​ទេ នោះ​នាយក​ក្រុមហ៊ុន​ទាំងនោះ​ត្រូវបាន​ចាត់ទុកថា​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​លើ​បទបញ្ញត្តិ​ស្ដីពី​ពន្ធដារ ហើយ​អគ្គនាយកដ្ឋាន​ពន្ធដារ​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ប្ដឹងទៅ​តុលាការ ដោយ​រាល់​ការចំណាយ​ជា​បន្ទុក​របស់​ក្រុមហ៊ុន​ដែលជា​អ្នក​ជាប់ពន្ធ​។​

​គួរ​បញ្ជាក់ថា នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ​ចេញ​លិខិត​ជា​សាធារណៈ​ទៅដល់​ក្រុមហ៊ុន​ដែល​មិនបាន​បង់ពន្ធ​។​
 អគ្គនាយកដ្ឋាន​ពន្ធដា​រ បញ្ជាក់ថា ការបង់​ពន្ធអាករ គឺជា​កាតព្វកិច្ច​របស់​អ្នក​ជាប់ពន្ធ​គ្រប់រូប ដើម្បី​រួមចំណែក​ក្នុង​ថវិកាជាតិ​៕



Tag:
 ពន្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com