អន្តរជាតិ
CIA ៖ «​ព្យុងយ៉ាង​ជិត​ផលិត​អាវុធ​នុយក្លេអ៊ែរ​ដែល​អាច​វាយប្រហារ​អាមេរិក​បាន​ហើយ​»
20, Oct 2017 , 8:19 pm        
រូបភាព
រូបភាព៖ Washington Examiner
រូបភាព៖ Washington Examiner
 ស្ថាប័ន​ទីភ្នាក់ងារ​ចារកម្ម​មជ្ឈិម (CIA) ព្រមាន​ថា កូរ៉េខាងជើង​កាន់តែ​ជិត​មានលទ្ធភាព​ផលិត​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ​ដែល​អាច​បំពាក់អាវុធ​នុយក្លេអ៊ែរ​និង​បាញ់​ដល់​ដី​អាមេរិក​ហើយ​។​ស្ថាប័ន​នេះ​យល់ឃើញថា អាមេរិក​គួរ​យកចិត្តទុកដាក់រ​ក​វិធានការ​ដើម្បី​ទប់ស្កាត់ ហើយ​ការប្រើប្រាស់​កម្លាំង​ទ័ព​នៅតែ​ជា​ជម្រើស​ចាំបាច់​មួយ​ដែរ​។



​ប្រធាន​ស្ថាប័ន​ទីភ្នាក់ងារ​ចារកម្ម​មជ្ឈិម (CIA) លោក Mike Pompeo បានបង្ហាញ​ក្តីបារម្ភ​ចំពោះ​ការរីកចម្រើន​នៃ​សមត្ថភាព​ក្នុង​ការផលិត​អាវុធ​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុងយ៉ាង​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​សហរដ្ឋអាមេរិក​។ លោក​ថែមទាំង​ជំរុញ​ឲ្យ​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ប្រឹងប្រែង​ទប់ស្កាត់​បញ្ហា​នេះ​ផង ហើយ​ការប្រើ​កម្លាំង​នៅ​ជា​ជម្រើស​មួយ​របស់​អាមេរិក​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ថ្លែង​នៅ​វេទិកា​គោលនយោបាយ​វ៉ាស៊ីនតោន (Washington Policy Forum)​នៅ​ថ្ងៃ​ព្រហស្បតិ៍  លោក Pompeo បាន​អះអាងថា លោក ដូ​ណា​ល់ ត្រាំ កំពុង​ស្វះ​ស្វែងរក​វិធីសាស្ត្រ​ទប់​ស្កា​ប់​កូរ៉េខាងជើង​កុំ​ឲ្យ​ផលិត​នុយក្លេអ៊ែរ​បាន​។ ប៉ុន្តែ​រដ្ឋបាល​អាមេរិក​នៅតែ​រក្សា​ជំហរ​ប្រើប្រាស់​ទណ្ឌកម្ម និង​វិធាន​ការទូត​ដដែល​ដើម្បី​ឈានទៅ​រំសាយ​អាវុធ​។ 

​ប៉ុន្តែ​ទាំង​ប្រធាន​ស្ថាប័ន CIA និង ទីប្រឹក្សា​សន្តិសុខ​ជាតិ HR McMaster បានផ្តល់​យោបល់​ថា ការប្រើប្រាស់​កម្លាំង​ទ័ព​នៅតែ​ជា​ជម្រើស​មួយ​របស់​អាមេរិក​ក្នុងការ​ទប់ស្កាត់​ក្រុង​ព្យុងយ៉ាង​មិន​ឲ្យ​ផលិត​អាវុធ​នុយក្លេអ៊ែរ​រយៈ​ចម្ងាយ​ឆ្ងាយ​បាន​នោះ​។ 

​លោក Pompeo បានបញ្ជាក់​ដូច្នេះ​៖ « ប្រធានាធិបតី ត្រាំ បានបញ្ជាក់​ច្បាស់​ហើយ​។ លោក​ត្រៀមខ្លួន​ធ្វើយ៉ាងណា​ធានា​ឲ្យ​បាន​ថា គីម ជុង​អ៊ុន​មិនមាន​សមត្ថភាព​បង្ក​គ្រោះថ្នាក់​ដល់​អាមេរិក​។ អាមេរិក​អាច​ប្រើប្រាស់​កម្លាំង​ទ័ព​បើសិនជា​ចាំបាច់​នោះ​»​។​

​ចំណែក​លោក McMaster វិញ​បានប្រកាសថា កូរ៉េខាងជើង​មិនអាច​អភិវឌ្ឍ​អាវុធ​ណា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាមេរិក​ឡើយ​។ លោក​យល់ថា មកដល់ពេលនេះ​វា​មិនទាន់​យឺត​ពេល​ឡើយ​ដើម្បី​ទប់ស្កាត់ ប៉ុន្តែ​ពេលវេលា​កាន់តែ​ខើច​ហើយ​។​

​កាលពីដើម​សប្តាហ៍​នេះ តំណាង​កូរ៉េខាងជើង​បាន​គំរាម​ប្រទេស​នានា​ដែល​ចង់​ចូល​ដៃ​ចូល​ជើង​ជាមួយ​អាមេរិក​ដើម្បី​ប្រើប្រាស់​កម្លាំង​ប្រឆាំង​ខ្លួន នៅ​គណៈកម្មាធិការ​រំសាយ​អាវុធ​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ផង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ បេសកជន​ក្រុង​ព្យុងយ៉ាង​ក៏បាន​ប្រកាសថា​ខ្លួន​មិន​យក​បញ្ហា​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​ដាក់​លើ​តុ​ចរចា​ជាដាច់ខាត​ដរាបណា​អាមេរិក​មិន​បោះបង់​កាយវិការ​ក្រអឺតក្រទម និង​បង្ក​អរិភាព​នោះ​។​

​សូមបញ្ជាក់ថា កន្លងមក​របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង​មិនដែល​លាក់បាំង​ឡើយ​ពី​ការប្រឹងប្រែង​របស់ខ្លួន​ក្នុងការ​បង្កើន​សមត្ថភាព​អភិវឌ្ឍ​កាំជ្រួច​មី​ស៊ី​ល​បាលី​ស្ទិ​ក ដែល​អាច​បាញ់​ដល់​ទឹកដី​ងា​មេ​រិ​ក និង​មូលដ្ឋានទ័ព​អាមេរិក​នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ទៀតផង​៕


Tag:
 CIA
  ព្យុងយ៉ាង​
  Mike Pompeo
© រក្សាសិទ្ធិដោយ thmeythmey.com