អន្តរជាតិ
ចិន ទទូច​ឲ្យ​អាមេរិក​បោះបង់​ការគិត​អវិជ្ជមាន​ចំពោះ​ខ្លួន​ក្នុង​សហប្រតិបត្តិ​អន្តរជាតិ ​
21, Oct 2017 , 2:41 pm        
រូបភាព
ដោយ:
រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ប្រតិកម្ម​ខ្លាំងៗ ក្រោយ​ក្រុង​វ៉ាស៊ីនតោន​ហ៊ាន​និយាយ​ឈ្មោះ​ចិន​ចំៗ ហើយ​ថែមទាំង​ចោទប្រកាន់​ខ្លួន​ថា បង្កើត​បញ្ហា​នៅក្នុង​តំបន់​ថែម​ទៀតផង ។ ក្រុង​ប៉េកាំង បាន​ទទូច​ឲ្យ​ក្រុង​វ៉ាស៊ីនតោន ត្រឡប់​ទៅ​ពិចារណា​ឡើងវិញ​ដោយ​មើលខ្លួន​ក្នុង​ផ្លូវ​វិជ្ជមាន​ផង។​



​រដ្ឋមន្ត្រីការបរទេស​អាមេរិក រិច​ធី​ល័​រ​សិន នៅ​ថ្ងៃទី​១៨ តុលា​កន្លងទៅ បាន​ថ្លែង​សុន្ទរកថា​នៅក្នុង​វេទិកា​របស់​មជ្ឈមណ្ឌល​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ និង​អន្តរជាតិ ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​អាមេរិក​-​ចិន ។ លោក​បាន​និយាយ​ពី​បញ្ហា សមុទ្រ​ចិន​ខាងត្បូង គម្រូ​សេដ្ឋកិច្ច​របស់​ចិន​ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ដទៃ និង​សណ្តាប់ធ្នាប់​អន្តរជាតិ ។​

 សារព័ត៌មាន People’s Daily ផ្សាយ​ថា ក្នុង​សុន្ទរកថា​នោះ ប្រមុខ​ការទូត​អាមេរិក បានបញ្ជាក់​ឈ្មោះ «​ចិន​»​ម្តង​ហើយ​ម្តងទៀត​រហូតដល់​១៣​ដង ពេល​និយាយ​ដល់​អនាគត​ទំនាក់ទំនង​អាមេរិក​ជាមួយ​ឥណ្ឌា​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​លោក​ថែមទាំង​ចោទថា ចិន​បាន​បំពាន​សណ្តាប់ធ្នាប់​អន្តរជាតិ បង្កហេតុ​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​បង្កើត​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ក្រីក្រ ដោយ​ភ្ជាប់​ជាមួយ​បំណុល​ច្រើន​ថែមទៀត​។

​ការ​ថ្លែងការណ៍​បែបនេះ ប្រាកដ​ណាស់ ថា បានធ្វើ​ឲ្យ​ចិន មិន​សុខ​ស្រួល​ឡើយ ។ តាមរយៈ​ក្រសួងការបរទេស​ខ្លួន រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​អះអាងថា ខ្លួន តែងតែ​គោរព​តាម​សណ្តាប់ធ្នាប់​អន្តរជាតិ  ដែលជា​គោលការណ៍​ស្របតាម​បទបញ្ញត្តិ​របស់​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ។

​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ នៅ​ថ្ងៃ​១៩ តុលា អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក លូ កាំ​ង (Lu Kang) បាន​សង្កត់ធ្ងន់ថា ចិន គ្មាន​ផ្លូវ អនុវត្ត​គោលនយោបាយ​អភិវឌ្ឍរ​បស់​ខ្លួន​ដោយ​បំពាន​ផលប្រយោជន៍​ប្រទេស​ដទៃ​ឡើយ ។

​អ្នកនាំពាក្យ​ដដែល​នោះ បាន​អះអាង​ទៀតថា ចិន ពិតជា​ប្តេជ្ញា​អភិវឌ្ឍ​ទំនាក់ទំនង​ចិន​-​អាមេរិក ក៏ប៉ុន្តែ ក៏​សុំ​ចិត្ត​អាមេរិក បោះបង់​ទស្សនៈ​លម្អៀង​លើ​ការអភិវឌ្ឍ​របស់​ចិន នៅក្នុង​ឆាក​អន្តរជាតិ ក៏ដូចជា​ទំនាក់ទំនង​សេដ្ឋកិច្ច​របស់​ចិន​ជាមួយនឹង​បណ្តា​ប្រទេស​ផ្សេងទៀត​ផងដែរ ៕


© រក្សាសិទ្ធិដោយ thmeythmey.com