អន្តរជាតិ
លោក ពូ​ទីន សើច​ហួសចិត្ត​ដែល​រដ្ឋមន្ត្រី​កសិកម្ម​ចង់​នាំ​សាច់ជ្រូក​ទៅ​លក់​នៅ​ឥណ្ឌូណេស៊ី​
21, Oct 2017 , 9:19 pm        
រូបភាព
​រដ្ឋមន្ត្រី​កសិកម្ម​រុស្ស៊ី​បានធ្វើ​ឲ្យ​ប្រធានាធិបតី​រុស្ស៊ី​ហួសចិត្ត និង​ផ្ទុះសំណើច​ក្នុងពេល​ប្រជុំ ដោយសារ​លោក​លើកយក​គំនិត​នាំ​សាច់ជ្រូក​ចេញទៅ​ប្រទេស​ឥណ្ឌូណេស៊ី​ជា​ប្រទេស​ម៉ូ​ស្លី​ម​ធំជាងគេ​។ រឿងនេះ​កើតឡើង​នៅក្នុង​កិច្ចប្រជុំ​ស្តីពី​ការអភិវឌ្ឍ​កសិកម្ម​រុស្ស៊ី​នៅក្នុង​ក្រុង​ម៉ូស្គូ​។



​ពេល​រៀបរាប់​ពី​គោលនយោបាយ​នាំចេញ​សាច់ជ្រូក​ទៅ​ក្រៅប្រទេស​ប្រាប់​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន រដ្ឋមន្ត្រី​កសិកម្ម​រុស្ស៊ី Alexander Tkachyov បានផ្តល់​យោបល់​ថា រុស្ស៊ី​គួរ​ពង្រឹង​ការនាំចេញ​សាច់ជ្រូក​ទៅកាន់​ទីផ្សារ​នៅ​អាស៊ី ដូច​អាល្លឺម៉ង់​បានធ្វើ​កន្លងមក​។ ទំនងជា​មិនបាន​គិត រដ្ឋមន្ត្រី​រូបនេះ​លើក​ឈ្មោះ​ប្រទេស​ឥណ្ឌូណេស៊ី​ដែល​កាន់សាសនា​ឥស្លាម​មិន​បរិភោគ​សាច់ជ្រូក​នោះ​ជា​គោលដៅ​ការនាំចេញ​ទៅវិញ​។ 

​ក្នុង​វីដេអូ​របស់​សារព័ត៌មាន​អ៊ីស្រាអែល Harretz ដែល​ត្រូវបាន​គេ​ចែកចាយ​ពាសពេញ​បណ្តាញ​អ៊ិន​ធឺ​ណិ​ត​នោះ លោក Tkachyov បានលើកឡើង​ដូច្នេះ​៖« ដូច​អាល្លឺម៉ង់​គេ​ផលិត​បាន​សាច់ជ្រូក ៥,៥ លាន​តោន​ក្នុង​មួយឆ្នាំ ហើយ​គេ​នាំចេញ ៣​លាន​តោន​ឯណោះ​ទៅ​បរទេស​។ ក្នុងនោះ​មាន​ចិន ឥណ្ឌូណេស៊ី ជប៉ុន កូរ៉េ និង​ប្រទេស​ផ្សេងទៀត​»​។

​បន្ទាប់ពី​លើក​ឈ្មោះ​ឥណ្ឌូណេស៊ី រដ្ឋមន្ត្រី​រូបនេះ​បន្ត​រៀបរាប់​ឥតមាន​ចាប់អារម្មណ៍​សម្តី​របស់​ខ្លួន​ឡើយ​។ ប៉ុន្តែ​ក្រោយមក​លោក​ឈប់​និយាយ​ពេល​ឃើញ​មុខ​ប្រធានាធិបតី​ហាក់​ងឿងឆ្ងល់​នឹង​សម្តី​ខ្លី​។​

​ពេលនោះ​លោក ពូ​ទីន បាន​ប្រាប់​រដ្ឋមន្ត្រី​របស់ខ្លួន​ដែល​កំពុង​អាន​គោលនយោបាយ​ថា ៖« ឥណ្ឌូណេស៊ី​ជា​ប្រទេស​ម៉ូ​ស្លី​ម គេ​មិន​ហូប​សាច់ជ្រូក​ទេ​»​។ បន្ទាប់ពី​ប្រាប់​រដ្ឋមន្ត្រី​ខ្លួន​ហើយ លោក ពូ​ទីន ក៏​ផ្ទុះសំណើច​កក្អឹក ហើយ​គ្រប់គ្នា​ក្នុង​បន្ទប់​នាំគ្នា​សើច​ដូចគ្នា​រួមទាំង​រដ្ឋមន្ត្រី​កសិកម្ម Tkachyov ផងដែរ​។




© រក្សាសិទ្ធិដោយ thmeythmey.com