ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការ​កង្វះ​វីតាមីន D ប្រឈម​ខ្ពស់​នឹង​ជំងឺ​ក្រិន​ច្រើន​កន្លែង (Multiple Sclerosis)
24, Oct 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​ពី Guardian បាន​ឲ្យ​ដឹងថា កាលណា​ក្នុង​ខ្លួន​កង្វះ​វីតាមីន D វា​ប្រហែលជា​ធ្វើ​ឲ្យ​កើតជា​ជំងឺ​ក្រិន​ច្រើន​កន្លែង (Multiple Sclerosis) បាន​។ រឿងនេះ​បានមកពី​ការសិក្សា​ដ៏​ធំ​មួយ​ដែល​បាន​រកឃើញថា អ្នក​ដែលមាន​ហ្សែ​នក​ង្វះ​វីតាមីន D ក្នុង​ខ្លួន​មានការ​ប្រឈម​ខ្ពស់​នឹង​ជំងឺ​ក្រិន​ច្រើន​កន្លែង (Multiple Sclerosis)​។​



​ជំងឺ​ក្រិន​ច្រើន​កន្លែង Multiple Sclerosis (MS) គឺជា​ជំងឺ​មួយ​ប្រភេទ​ដែល​កើតឡើង​ដោយសារតែ​ប្រព័ន្ធ​ភាពស៊ាំ​ធ្វើការ​ខុស​ប្រក្រតី ដោយ​វា​ទៅ​វាយប្រហារ​ទៅលើ​ស្រោម​សរសៃប្រសាទ​ក្នុង​ខួរក្បាល និង​ខួរឆ្អឹងខ្នង ដែលជា​ហេតុ​នាំ​ឲ្យ​មាន​អាកា​រៈ​ដូចជា ខ្វាក់ភ្នែក អស់កម្លាំង និង​ពិបាក​រក្សា​តុល្យភាព​រាងកាយ និង​ធ្វើ​ចលនា​មិនត្រូវ​គ្នា​។​

​រាងកាយ​របស់​យើង​បង្កើត​វីតាមីន D នៅក្រោម​ស្បែក​តាមរយៈ​ការធ្វើ​ប្រតិកម្ម​ជាមួយ​ពន្លឺព្រះអាទិត្យ​។ យើង​ក៏​អាច​ទទួលបាន​វីតាមីន​នេះ​តិចតួច​ដែរ​តាមរយៈ​របប​អាហារ​ដូចជា ស៊ុត និង​ត្រី​សម្បូរ​ខ្លាញ់​។​

​ទំនាក់ទំនង​រវាង​ការ​កង្វះ​វីតាមីន D និង ការកើនឡើង​នៃ​ការ​ប្រឈម​នឹង​ជំងឺ MS ត្រូវបាន​គេ​សង្ស័យ​យូរណាស់​មកហើយ ព្រោះថា​ជំងឺ​នេះ​ទំនងជា​កើតឡើង​ច្រើន​លើ​តំបន់​ដែល​មិនសូវមាន​ពន្លឺព្រះអាទិត្យ​ដូចជា​ប្រទេស​ស្គុ​ត​ឡេ​ន​ខាងជើង​តែម្តង​។ ប៉ុន្តែ​វា​ពិបាក​ណាស់​ក្នុងការ​អះអាង​ទៅលើ​មូលហេតុ និង​ឥទ្ធិពល​របស់​វា​ដោយសារតែ​កត្តា​ផ្សេងៗ​ទៀត​ចូលរួម​ច្រើន​។​

​អ្នក​ច្រើនតែ​អាច​ទទួលបាន​វិ​តា​មីន D គ្រប់គ្រាន់​តាមរយៈ​ការប៉ះពាល់​ពន្លឺព្រះអាទិត្យ​មកលើ​ស្បែក និង​របប​អាហារ​។ ប៉ុន្តែ​មាន​មនុស្ស​ខ្លះ​ប្រហែលជា​ត្រូវការ​លេបថ្នាំ​វីតាមីន D បន្ថែមទៀត​ជាពិសេស មនុស្ស​អាយុ​ចាប់ពី ៦៥​ឆ្នាំ​ឡើងទៅ ឬ​អ្នក​ដែល​មិនសូវ​ប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ​តែម្តង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com