សង្គមជាតិ
តើ​កំពង់ផែ​សំពៅ​ណាខ្លះ​ដែល​មកកាន់​ដែនដី​សុវណ្ណ​ភូមិ​ខ្មែរ​មុនគេ​?
23, Oct 2017 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សុវណ្ណ​ភូមិ ដែល​មកពី​ពាក្យ​ពីរ​ម៉ាត់ គឺ សុវណ្ណ (​មាស​) និង ភូមិ (​ទី​ដី ផែនដី​) មានន័យ​ផែនដី​មាស​។ ហើយ​ពាក្យ​នេះ​ត្រូវបាន ប្រើ​ក្នុង​រជ្ជកាល​របស់​ព្រះបាទ​អសោក ក្នុងអំឡុង ស​.​វ​ទី ៣ នៃ​ព​.​ស​ម្ល៉េះ ដោយ​សំដៅលើ​ប្រទេស​មន នគរ​ចម្ប៉ា នគរ​ភ្នំ (​ខ្មែរ​) ជ្រោយ ម៉ាឡាយូ និង​ឥណ្ឌូ នេ​ស៊ី​ដែល​ស្ថិតក្នុង​ទ្វីបអាស៊ី​ភាគ​អាគ្នេយ៍ ។



​ក្នុង​ស​.​វ​ទី ៣-១ មុន​គ​.​ស អាស៊ីអាគ្នេយ៍​ដែលជា​រួមមាន​នគរ​ម​ន បច្ចុប្បន្ន​ភូមា​, ស៊ូ​មាត្រា ឬ​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​តំបន់​ទាំងឡាយ ដែល​ក្រោយមក​បន្ដិច ពោលគឺ​នា​ដើម​សម័យ​
​ប្រវត្តិសាស្ដ្រ​បាន ក្លាយទៅជា​ដែនដី​នៃ អាណាចក្រ​ដំបូងបង្អស់​របស់​ជន​ជាតិខ្មែរ គឺ​នគរ​ភ្នំ និង ចម្ប៉ា បាន​មាន​ទំនាក់ទំនង ពាណិជ្ជកម្ម​ជាមួយ​ឥណ្ឌា​។ ជនជាតិ​ឥណ្ឌា​ដែល​មក​ប្រាស្រ័យ​ទាក់ទង​នឹង​ជនជាតិ​អាយ បានធ្វើ​ឡើង​ដោយ​ផ្លូវ​សមុទ្រ​តាមរយៈ កំពង់ផែ​ធំៗ​និង​តាម​ផ្លូវគោក​។ នេះ​ជាដើម​ហេតុនាំឱ្យ​មានការ​បង្កើត​រដ្ឋ​តូចធំ​នៅ​អាស៊ីអាគ្នេយ៍ ក៏​ដូច​នៅ​ឥណ្ឌូនេស៊ី គឺ​ការអនុវត្ត​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ឥណ្ឌា ។​

​ភូមិសាស្ដ្រ​នៃ​អាស៊ីអាគ្នេយ៍​ខាងលើនេះ ត្រូវបាន​ជនជាតិ​ឥណ្ឌា​បុរាណ​កំណត់​យ៉ាងច្បាស់​លាស់​ដោយ​ឱ្យ​ឈ្មោះថា សុវណ្ណ​ភូមិ (​ដែនដី​មាស​)​។ ក្នុងអំឡុង​ស​.​វ​ទី ៣ នៃ​គ​.​ស តែ​នៅ​សម័យ​នោះ​ពុំទាន់​មាន​ប្រទេស​ថៃ លាវ​និង​វៀតណាម ខាងត្បូង​ទេ​។ ប្រទេស ថ្មី​បី​ទាំងនោះ​មុន ស​.​វ​ទី ១៣ និង​១៧ គឺជា​ភាគ​មួយ​នៃ​ចក្រភព​កម្ពុជទេស និង​នគរ​ចម្ប៉ា ។ តាមពិតទៅ មិនមែន​មានតែ​ជនជាតិ​ឥណ្ឌា តែប៉ុណ្ណោះ​ទេ ដែល​បាន​ស្គាល់​សុវណ្ណ​ភូមិ សូម្បីតែ​ជនជាតិ​ក្រិច ដូចជា​ភូមិសាស្ដ្រ​វិទូ ប្ដ៉ូ​ឡេ​មេ នា​ស​.​វ​ទី ២ និង​អគ្គរាជទូត​ចិន កាំ​ង​ថៃ នៅ​ស​.​វ​ទី ៣ ក៏បាន​ស្គាល់​យ៉ាង​ជាក់ច្បាស់​ដែរ ។ សម្រាប់​ជនជាតិ​ក្រិច គេ​ប្រើពាក្យ​ក្រិច Chersonèse រីឯ​ពាក្យ​ចិន​វិញ​គិ​ន​លិ​ន​ពាក្យ ទាំងពីរ​នេះ សុទ្ធសឹងតែ​មានន័យ​ដូច​ពាក្យ សុវណ្ណ​ភូមិ ជា​ភាសាសំស្ក្រឹត​របស់​ឥណ្ឌា​ដែរ ។​

​តើ​ជនជាតិ​ឥណ្ឌា និង​ក្រិច​មកកាន់​សុវណ្ណ​ភូមិ​តាម​វិធី​ណា ?

​តាម​គម្ពីរ​និទ្ទេស និង​មិ​លិ​ន្ទ​បញ្ហា ជា​ភាសាបាលី កំណត់ហេតុ​ចិន ឬ​ផែនទី​របស់ ប្ដ៉ូ​ឡេ​មេ យើង​ដឹងថា នៅ​អតីត ដែនដី​មន មាន​កំពង់ផែ​សមុទ្រ ៣ គឺ​ត​ក្កោ​លៈ តេន​សរិម និង​វេ​សុ​ង្គ ហើយ​នៅ​ជ្រោយ​ម៉ាឡាយូ មាន​កំពង់ផែ​តាំ​ព្រ​លិង្គ (​តាន់​ម៉ី​លៀ នៅ​លី​គោ​)​នៅ​​ជ្រោយ​ក្រា​មាន​តា​កូ​ប៉ា (​តៀ​គី​វលី​) នៅ​កោះ​ស៊ូ​ម៉ា​ត្រា មាន​កំពង់ផែ​បង្កា​, នៅ​នគរ​ភ្នំ​មាន​អូរ​កែវ ដែល​សព្វថ្ងៃ​នៅ​វៀត ណា​ម​ខាងត្បូង តែ​នា​សម័យបុរាណ​បាន​លាតសន្ធឹង​រហូតដល់​ដង​ទន្លេ​ចៅ​ផា​យ៉ា និង​ជ្រោយ ម៉ាឡាយូ​។ ជនជាតិ​ឥណ្ឌា​ធ្វើដំណើរ ចេញពី​ប្រទេស​ខ្លួន​ដោយ​សំពៅ​ទៅកាន់​សុវណ្ណ​ភូមិ​។ យើង​ដឹងថា ពួកគេ​ចេញពី​កំពង់ផែ​កមរៈ ប៉ូ​ឌូ​កេ សោ​ប​ត្មៈ និង​ត​ម្រ​សិ​ប្ដិ ឬ​តាម លុក នៅ​ទន្លេ​គង្គា​៕

(​អត្ថបទ​ទាំងស្រុង​របស់លោក​សាស្ត្រាចារ្យ​បណ្ឌិត មី​លែស ត្រា​ណេ ពី​គេហទំព័រ http://www.khemaravidya.com/)



Tag:
 វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com