កីឡាអន្តរជាតិ
អន្តរជាតិ
Kane ជឿថា Maradona ជា​កម្លាំងចិត្ត​ដែល​នាំ​ឲ្យ​ក្លាយជា​កីឡាករ​ល្អ​បំផុត​លើ​លោក​
24, Oct 2017 , 4:46 pm        
រូបភាព
Harry Kane សារភាពថា អតីត​វីរបុរស​បាល់ទាត់​អា​ហ្ស​ង់​ទីន Diego Maradona បាន​ជំរុញ​ឲ្យ​រូបគេ​ព្យាយាម​បន្ថែមទៀត​ដើម្បី​ក្លាយជា​កីឡាករ​ល្អ​បំផុត​លើ​លោក​។​



​សារព័ត៌មាន​អង់គ្លេស The Sun ផ្សាយ​ថា ខ្សែប្រយុទ្ធ Kane បាន​ជួប​ជាមួយ​លោក Diego Maradona មុនពេល​ការប្រកួត​ដែល Tottenham Hotspur ទទួល​ជ័យជម្នះ ៤-១ លើ​ក្រុម Liverpool នៅឯ​កីឡដ្ឋាន Wembley កាលពី​ថ្ងៃអាទិត្យ​។​

​ក្នុង​វ័យ​២៤​ឆ្នាំ ខ្សែប្រយុទ្ធ​អន្តរជាតិ​អង់គ្លេស​រូបនេះ មិនបាន​លាក់បាំង​ពី​បំណងប្រាថ្នា​របស់គេ​ក្នុងការ​ក្លាយខ្លួនជា​កីឡាករ​កំពូល​លើក​លោក​ដូច Maradona កាលពី​ទសវត្សរ៍ ៨០ នោះទេ​។​



​ក្នុងជំនួប​ជាមួយ Maradona ម្ចាស់​ស្បែកជើង​មាស Premier League ២​សម័យ​និយាយថា «​គាត់ [Maradona] និយាយ​ភាសា​អង់គ្លេស​មិនសូវ​ល្អ​ទេ ភាសា​អេ​ស្ប៉ា​ញ​ក៏​អ៊ីចឹង ដូច្នេះ​ខ្ញុំ​ពិតជា​មិន​យល់​ពីអ្វី​ដែល​គាត់​និយាយ​ទេ​។ ប៉ុន្តែ​គាត់​ពិត​ជាមាន​ភាពស្វាហាប់​ណាស់ ហើយ​គាត់​បាន​និយាយ​សរសើរ​ខ្ញុំ និង​ក្រុម រួមទាំង​អ្នកចាត់ការ​ទូទៅ​ដែរ​។ វា​អស្ចារ្យ​ណាស់​នៅពេល​បាន​ជួប​ជាមួយ​មនុស្ស​ដូចជា​គាត់​»​។

​នៅពេល​គេ​សួរថា​តើ​វា​ជាការ​បំផុសគំនិត​មួយ​មែន​ទេ នៅពេល​បាន​ជួប​ជាមួយ​អតីត​សមាជិក​ជ័យលាភី​ពានរង្វាន់​បាល់ទាត់​ពិភពលោក World Cup ឆ្នាំ ១៩៨៦?  Kane បាន​ឆ្លើយថា​៖«​វា​ពិតជា​អ៊ីចឹង​»​។ នេះ​ជា​អ្វីដែល​អ្នក​ទាំងអស់គ្នា​តែងតែ​ចង់​ជួប​បុគ្គល​ល្បីៗ​ដើម្បី​បង្កើន​ឲ្យ​មាន​អារម្មណ៍​វិជ្ជមាន និង​យក​វា​មក​ប្រើ​ក្នុង​ការលេង​របស់ខ្ញុំ​។ ខ្ញុំ​សង្ឃឹមថា​ខ្ញុំ​អាចយ​កវា​ទៅលេង​លើ​ទីលាន​ដោយ​រីករាយ​នា​កា​ប្រកួត​ក្រោយៗ​ទៀត​»​។​



Kane រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន ៤៥​គ្រាប់​ហើយ ក្នុងការ​បង្ហាញខ្លួន​៣៨​ប្រកួត​សម្រាប់​ក្លិប និង​ក្រុម​ជម្រើសជាតិ​ក្នុង​ឆ្នាំ​២០១៧​នេះ​។ លើសពីនេះ រូបគេ​ក៏​កំពុង​នាំមុខ​គ្រាប់​បាល់ នៅ​ក្របខណ្ឌ​កំពូល​អង់​គេ្ល​ស​ដែរ និង​រំពឹងថា​អាច​បន្ត​ឈ្នះ​ស្បែកជើង​មាស​៣​ដូ​វ​កាល​ជាប់​គ្នា​ផង​៕



Tag:
 បាល់ទាត់​
  Harry Kane
  Diego Maradona
© រក្សាសិទ្ធិដោយ thmeythmey.com