អន្តរជាតិ
សមាសភាព​ក្បាលម៉ាស៊ីន​ដឹកនាំ​ចិន​បង្ហាញខ្លួន ដោយ​លោក ស៊ី ធ្វើ​លេខា​បក្ស​៥​ឆ្នាំ​ទៀត​
25, Oct 2017 , 2:28 pm        
រូបភាព
​ប៉េកាំង​៖​សមាសភាព​ក្បាលម៉ាស៊ីន​ដឹកនាំ​ថ្មី​នៃ​បក្ស​កុម្មុយនីស្ត​បានបង្ហាញ​ខ្លួន​ចំពោះមុខ​អ្នកសារព័ត៌មាន​ជាច្រើន​រយ​នាក់​។ ដូច​ការគ្រោងទុក លោក ស៊ី ជិន​ភីង និង​លោក លី ខឺ​ឈាំ​ង​បាន​ជាប់ឆ្នោត​ជា​សមាជិក​ការិយាល័យ​នយោបាយ​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ ខណៈ​លោក ស៊ី ជិន​ភីង​បន្ត​ជា​អគ្គលេខាធិការ​បក្ស​សម្រាប់​រយៈពេល​៥​ឆ្នាំ​ទៀត​។ ថ្នាក់ដឹកនាំ​សំខាន់​៥​រូប​ទៀត​ដែល​ភាគច្រើន​ជា​មនុស្ស​ស្និទ្ធ​លោក ស៊ី ក៏​ជាប់​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​ដែរ​។​



​ក្នុង​កិច្ចប្រជុំ​លើក​ទី​១ នៅ​ថ្ងៃទី​២៦ ខែតុលា គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន​បានជ្រើសរើស​ថ្នាក់ដឹកនាំ​សំខាន់​សម្រាប់​ដឹកនាំ​មហា​យក្ស​ចិន​រយៈពេល​៥​ឆ្នាំ​ទៅមុខ​។​
​គណៈកម្មាធិការ​មជ្ឈិម​បក្ស​បានជ្រើសរើស​សមាជិក​ការិយាល័យ​នយោបាយ​ចំនួន​២៥​នាក់​​និង​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​ដែលជា​ស្ថាប័ន​ដ៏​មានអំណាច​ចំនួន​៧​នាក់​ដែល​៥​នាក់​ជា​សមាជិក​ថ្មី​។​

​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ គឺ​សមាជិក​ថ្មី​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​​ដែលជា​អ្នកសម្រេចចិត្ត​ខ្ពស់បំផុត​។ លោក ស៊ី ជិន​ភីង និង​លោក លី ខឺ​ឈាំ​ង​ជា​សមាជិក​ចាស់​ពីររូប​ដែល​បន្ត​ជាប់ឆ្នោត​ជា​សមាជិក​គណៈកម្មាធិកា​រ​នេះ​ក្នុង​អាណត្តិ​ថ្មី​។ លោក ស៊ី ជិន​ភីង​​ត្រូវបាន​គណៈកម្មាធិកា​រ​មជ្ឈិម​គាំទ្រ​ឲ្យ​កាន់តំណែង​អគ្គលេខាធិការ​បក្ស​បន្តទៀត​ក៏ដូចជា​តំណែង​ប្រធាន​គណៈកម្មការ​យោធា​មជ្ឈិម​ដែល​បញ្ជា​កងទ័ព​រំដោះប្រជាជន​ចិន​ទាំងមូល​។​

​សមាជិក​ថ្មី​ចំនួន​៥​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​មានដូចជា​លោក Li Zhanshu, លោក​Wang Yang, លោក Wang Huning, លោក Zhao Leji, និង​លោក Han Zheng ។ អ្នក​ទាំង​៥​រូប​ចូល​ជំនួស​សមាជិក​ចាស់​ដែល​ចូលនិវត្តន៍​មាន​លោក ចាង តេ​ជាំ​ង​, លោក យូ ជឹ​ង​សឹង​, លោក លីវ យុន​សាន​,​លោក វ៉ាង ជី​សាន និង​លោក ចាង កាវ​លី ។ ដោយឡែក លោក Zhao Leji ក៏​ជាប់ឆ្នោត​ជា​ប្រធាន​គណៈកម្មការ​វិន័យ​បក្ស​ជំនួស​លោក វ៉ាង ជី​សាន ផងដែរ​។​

​រឿង​គួរ​ឲ្យ​កត់សម្គាល់​មួយទៀត​គេ​មិនឃើញ​មាន​សមាជិក​វ័យក្មេង​ជាប់ឆ្នោត​ក្នុង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​ឡើយ​។ សមាជិក​ទាំង​៧ ខាងលើ សុទ្ធ​តែមាន​អាយុ​ច្រើន​ហើយ​ដែល​ទំនងជា​ត្រូវ​ចូលនិវត្តន៍​នៅ​មហាសន្និបាត​បក្ស​លើក​ទី​២០ ឆ្នាំ​២០២២ ។ ការណ៍​នេះ​ជា​សញ្ញា​បង្ហាញថា​បក្ស​កុម្មុយនីស្ត​ចិន​មិនទាន់​រៀបចំ​អនាគត​ថ្នាក់ដឹកនាំ​សម្រាប់​ស្នង​តំណែង​លោក ស៊ី ជិន​ភីង នៅឡើយ​ទេ​។​

​ចំពោះមុខ​អ្នកសារព័ត៌មាន លោក ស៊ី ជិន​ភីង បាន​អរគុណ​គណៈកម្មាធិការ​មជ្ឈិមបក្ស​ដែល​គាំទ្រ​លោក​និង​សមាជិក​ទាំង​៦​ផ្សេងទៀត​សម្រាប់​តំណែង​ដ៏​សំខាន់​នេះ​។ លោក​ចាត់ទុក​គាំទ្រ​នេះ​ជាការ​យល់ស្រប​លើ​នយោបាយ​ដឹកនាំ​របស់លោក​ក៏ដូចជា​ការលើក​ចិត្ត​សម្រាប់​រយៈពេល​ខាងមុខ​ផងដែរ​៕


Tag:
 19thCPC
  ចិន​
  ស៊ី ជិន​ភីង
© រក្សាសិទ្ធិដោយ thmeythmey.com