ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហុង សុខហួរ ទទួលបានព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ
25, Oct 2017 , 3:30 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ លោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាពីគណបក្សសម រង្ស៊ី ត្រូវបានមហាក្សត្រ ចេញព្រះរាជក្រឹត្យលើកលែងទោស នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២0១៧នេះ។ ព្រះរាជក្រឹត្យ ត្រូវបានចុះផ្សាយដោយ Fresh News។



លោកស្រី គុណ លំអង ភរិយារបស់លោក ហុង សុខហួរ អះអាងថាលោកស្រី នៅមិនទាន់ទទួលព័ត៌មាននេះច្បាស់នៅឡើយទេ។ ប៉ុន្តែ លោកស្រី ប្រាប់ថា បានដឹងព័ត៌មាននេះ ពីការចុះផ្សាយរបស់ Fresh News។

មុននឹង​ទទួលបាន​ព្រះរាជទាន​លើកលែងទោស លោក ហុង សុខ​ហួរ បាន​សរសេរ​លិខិត​មួយច្បាប់ ទៅកាន់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​សារភាព​កំហុស​របស់ខ្លួន​។ លិខិត​របស់លោកអតីតសមាជិកព្រឹទ្ធសភារូបនេះ ធ្វើឡើង​តាំងពី​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២0១៧ មកម្ល៉េះ ប៉ុន្តែ​ទើបនឹង​ត្រូវ Fresh News យកមក​ចុះ​ផ្សព្វផ្សាយ ដោយ​អម​ជាមួយ​ព្រះរាជក្រឹត្យ នៅ​ថ្ងៃពុធ​នេះ​។

​ក្នុង​លិខិត​ ដែលផ្ញើទៅកាន់សម្តេច ហ៊ុន សែន  លោក ហុង សុខហួរ បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ មានការ​សោកស្តាយ ដោយបាន​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ​ចំពោះ​នយោបាយ​របស់​សម្តេច ក្នុង​ដំណើរការ​បោះបង្គោល​ព្រំដែន ដូចជា​យក​ឯកសារ មកប្រើប្រាស់​ក្នុង​បញ្ហា​ព្រំដែន ជាហេតុ​នាំ​ឲ្យ​មានការ​ភ័ន្តច្រឡំ​ក្នុង​មតិសាធារណៈ លើ​គោលនយោបាយ និង​ការអនុវត្ត​កន្លងមក​របស់​រដ្ឋាភិបាល​។ ចាប់ពី​ថ្ងៃនេះ តទៅ ខ្ញុំ​នឹង​ប្រុងប្រយ័ត្ន មិន​ឲ្យ​បញ្ហា​បែបនេះ កើតឡើង​ទៀតឡើយ​»​។

​បន្ទាប់ពី​រៀបរាប់​បែបនេះហើយ លោក ហុង សុខ​ហួរ ក៏​សុំ​សម្តេច ហ៊ុន សែន ឲ្យ​ជួយ​ស្នើ​ទៅ​ព្រះមហាក្សត្រ ដើម្បី​សុំ​ព្រះអង្គ​ប្រោស​ព្រះរាជទាន លើកលែងទោស​។ ក្នុង​លិខិត​នោះ លោក ហុង សុខ​ហួរ ក៏បាន​សរសេរ​ពី​ការដឹកនាំ​របស់​សម្តេច ហ៊ុន សែន ផងដែរ​។​

សូម​រម្លឹកថា លោក ហុង សុខ​ហួរ ត្រូវបាន​ចាប់ខ្លួន កាលពី​ខែសីហា ឆ្នាំ​២០១៥​។ ក្រោយមក តុលាការ ក៏​បញ្ជូន​សមាជិក​ព្រឹទ្ធសភា​រូបនេះ ទៅ​ឃុំ​បណ្តោះអាសន្ន ដោយ​ចោទ​ពីបទ «​ក្លែង​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​»៕

© រក្សាសិទ្ធិដោយ thmeythmey.com