ជាតិ
លោក ពុង ឃាវ​សែ ចាប់ដៃ​ជាមួយ​ចិន​វិនិយោគ «​អាណាចក្រ​អង្គរ​» ក្នុង​ទឹកប្រាក់ ១៥​លាន​ដុល្លារ​
26, Oct 2017 , 10:21 am        
រូបភាព
​សៀមរាប​៖ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ធនាគារ​កាណាឌីយ៉ា លោក ពុង ឃាវ​សែ បាន​ចាប់ដៃ​ជាមួយ​ក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់​ចិន វិនិយោគ​មណ្ឌល​កម្សាន្ត​អាណាចក្រ​អង្គរ ក្នុង​រង្វង់​ទឹកប្រាក់ ១០០​លាន​យន់ ឬ​ស្មើនឹង ១៥​លាន​ដុល្លារ​អាមេរិក​។ នេះ​ជា​សមិទ្ធផល​ថ្មី​មួយ នៅ​ខេត្តសៀមរាប ហើយ​ក្រុមហ៊ុន​វិនិយោគ​រំពឹងថា វា​នឹង​កាន់តែ​ទាក់ទាញ​ភ្ញៀវទេសចរ​ចិន ឱ្យមក​កម្សាន្ត​ខេត្ត​ទេសចរណ៍​នេះ ថែម​មួយកម្រិត​ទៀត​។​



​ក្រុមហ៊ុន​វិនិយោគ​ទេសចរណ៍ វប្បធម៌​អន្តរជាតិ កា​ហេង របស់​ចិន បាន​បោះទុន​វិនិយោគ កសាង​មណ្ឌល​កម្សាន្ត​អាណាចក្រ​អង្គរ ក្នុង​រង្វង់​ទឹកប្រាក់ ១៥​លាន​ដុល្លារ ។ មណ្ឌល​កម្សាន្ត​អាណាចក្រ​អង្គរ មាន​ទីតាំង​នៅក្នុង​បុរី​ប្រិមប្រិយ ឬ​នៅជាប់​របង​ខាងជើង​សណ្ឋាគារ ឡឺ​មេ​រឺ​ឌេ​ន​។ មណ្ឌល​កម្សាន្ត​ចម្រុះ​ដោយមាន​ការសម្តែង​ល្ខោន  រោង​មហោស្រព​ដ៏​ធំ​លើ​ផ្ទៃដី ៦​ពាន់​ម៉ែត្រក្រឡា​អាច​ផ្ទុក​មនុស្ស​បាន​ជាង ១២០០​នាក់  តំបន់​ពាណិជ្ជកម្ម  តំបន់​កម្សាន្ត (​មាន​តំបន់​ទឹក អាង​ហែល​ទឹក​ដ៏​ធំ​) និង​តំបន់​ភោជនីយដ្ឋាន​។​ល​។​



​សម្រាប់​រោង​មហោស្រព​សង់​ឡើង​បែប​ទំនើប មាន​មុខងារ​សព្វគ្រប់ ដូចគ្នា​ទៅនឹង​តំបន់​អាស៊ីអាគ្នេយ៍​យ៉ាង​ដូច្នេះ​ដែរ​។ ល្ខោន​សម្តែង​ប្រមូលផ្តុំ​ដោយ​វប្បធម៌ សិល្បៈ សៀក របាំ តន្ត្រី សម្លៀកបំពាក់ និង​ភាព​ច្នៃប្រឌិត​នៃ​សិល្បករ​ចិន និង​កម្ពុជា​។ អ្នក​សម្តែង​ជាង ២០០​នាក់ ជា​ជនជាតិខ្មែរ ការសម្តែង​បង្ហាញ​ពី​សម័យអង្គរ ធម្មជាតិ​ស្រស់ស្អាត​នៃ​ព្រៃ​ត្រូពិច ក្តី​ស្រឡាញ់​នៃ​ការចិញ្ចឹម​បីបាច់​ពី​បឹង​ទន្លេសាប ភាពក្លាហាន និង​សោកនាដកម្ម​នៃ​សង្គ្រាម​ជាមួយ​ប្រទេសជិតខាង និង​ការខិតខំ​ប្រឹងប្រែង​ស្ថាបនា​ប្រទេស​ឡើងវិញ​។ ក្នុងការ​សម្តែង​នេះដែរ ក៏​បង្ហាញ​ឱ្យដឹងពី​ប្រវត្តិសាស្ត្រ​បុរាណ វប្បធម៌​ដ៏​អស្ចារ្យ និង​ទិដ្ឋភាព​ស្រស់ស្អាត​នៃ​ប្រទេស​កម្ពុជា​ផង​។​



​លោក ពុង ឃាវ​សែ បានឱ្យដឹង​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​រសៀល​ថ្ងៃទី​២៥ តុលា ថា ការវិនិយោគ​នេះ គឺ​ស្របទៅតាម​យុទ្ធសាស្ត្រ ខ្សែក្រវ៉ាត់​មួយ​ផ្លូវ​មួយ របស់​ចិន ដែល​កាលពី​៣​ឆ្នាំមុន ក្រុមហ៊ុន កា​ហេង បាន​មកដល់​កម្ពុជា និង​បានធ្វើ​ការសិក្សា​គម្រោង​វិនិយោគ​នៅ​តំបន់​អង្គរ​សៀមរាប​។ លោក ពុង ឃាវ​សែ បន្ថែមថា​៖« គម្រោង​កម្សាន្ត​អាណាចក្រ​អង្គរ បាន​ទាញ​ចំណុច​ល្អៗ​ពី​គម្រោង​កម្សាន្ត​អន្តរជាតិ គួបផ្សំ​លក្ខណៈពិសេស​នៃ​វិស័យ​ទេសចរណ៍​សៀមរាប និង​លក្ខណៈ​ជា​មណ្ឌល​ពាណិជ្ជកម្ម​នា​សម័យ​ទំនើប​។ គម្រោង​នេះ​នឹង​លើកស្ទួយ​រូបភាព​ទីក្រុង​សៀមរាប កែលម្អ​ជីវភាព​កម្សាន្ត​របស់​ប្រជាពលរដ្ឋ និង​ក្លាយជា​មជ្ឈមណ្ឌល​វប្បធម៌​សៀមរាប មណ្ឌល​កម្សាន្ត ជា​និមិត្តរូប​ថ្មី​មួយទៀត​របស់​កម្ពុជា​»៕










Tag:
 ពុង ឃាវ​សែ​
  អាណាចក្រ​អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com