កីឡាអន្តរជាតិ
អន្តរជាតិ
Leicester តែងតាំង​អតីត​អ្នកចាត់ការ Southampton ជំនួស Shakespeare
26, Oct 2017 , 2:17 pm        
រូបភាព
Leicester City បានតែងតាំង​អតីត​អ្នកចាត់ការ​ទូទៅ Southampton លោក Claude Puel ដើម្បី​ជំនួស​លោក Craig Shakespeare ដែល​ទើប​បញ្ឈប់​ពី​តំណែង​កាលពី​សប្តាហ៍​មុន​។​



​បើតាម BBC លោក Claude Puel នឹង​ឡើងកាន់តំណែង​អ្នកចាត់ការ​ទូទៅ​ថ្មី​ដោយ​ចុះកិច្ចសន្យា​រយៈពេល​៣​ឆ្នាំ​ឲ្យ Leicister និង​ក្លាយជា​អ្នកចាត់ការ​ទី​៣​នៅ​ឆ្នាំ​២០១៧​នេះ​ផង ក្រោយ​ក្លិប​បណ្តេញ​អ្នកចាត់ការ​២​រូប​រួចមក រួម​លោក Craig Shakespeare និង Claudio Ranieri ដែលជា​អ្នក​ជួយ​ក្រុម​រហស្សនាម​គ​ញ្ជ្រោ​ង​ឈ្នះ​ពាន Premier League លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​កាលពី​រដូវ​កាល ២០១៥-២០១៦​។​

​ប្រវត្តិ​ដឹកនាំ​កន្លងមក អ្នកចាត់ការ​សញ្ជាតិ​បារាំង វ័យ​៥៦​ឆ្នាំនេះ និង​ជា​អតីត​អ្នកចាត់ការ AS Monaco ធ្លាប់ជួយ Southampton បាន​ចំណាត់ថ្នាក់​លេខ​៨ ក្នុង​ក្របខណ្ឌ​កំពូល​អង់គ្លេស និង​ជួយ​ក្រុម​នេះ​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន EFL Cup ទៀតផង​នៅ​រដូវ​កាល​មុន ប៉ុន្តែ​ត្រូវ​ក្លិប​បញ្ចប់​តំណែង​កាលពី​ខែមិថុនា​កន្លងទៅ​។​
​ជុំវិញ​ការតែងតាំង​នេះ អនុប្រធាន​ក្លិប Leicester លោក Aiyawatt Srivaddhanaprabha បាន​សរសើរ Puel ថា​ជា​អ្នកចាត់ការ​ល្អឥតខ្ចោះ​។​

​លោក​ថា​៖«​នៅពេល​ជួប Claude ការយកចិត្តទុកដាក់​របស់គាត់​ក្នុងការ​បង្ហាញ​ពី​ចំណេះដឹង​មកលើ​ក្រុម​យើង រួមទាំង ការយល់ដឹង​ពី​សក្តានុពល​របស់​យើង និង​ចក្ខុវិស័យ​របស់គាត់​ដើម្បី​ជួយ​យើង បានធ្វើ​ឲ្យ​យើង​មានការ​ចាប់អារម្មណ៍​គាត់​យ៉ាងខ្លាំង​។ គាត់​បាន​ក្លាយជា​បេក្ខជន​ឆ្នើម​ម្នាក់ ហើយ​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល​យើង​នឹងមាន​ឱកាស​ពង្រឹង​ទស្សនវិស័យ​រយៈពេល​វែង​របស់​យើង​ដោយសារ​ជំនាញ​របស់គាត់​»៕


Tag:
 បាល់ទាត់​
  Leicester City
  Claude Puel
© រក្សាសិទ្ធិដោយ thmeythmey.com