កីឡាអន្តរជាតិ
អន្តរជាតិ
ប្តូរ​ឈ្មោះ Nou Camp ទៅ Nou Camp Grifols វិញ Barca អាច​ទទួលបាន ៧០៨​លាន​ដុល្លារ​
26, Oct 2017 , 10:59 pm        
រូបភាព
Barcelona អាច​នឹង​ប្តូរ​ឈ្មោះ​កីឡដ្ឋាន Nou Camp ទៅជា Nou Camp Grifols វិញ​ចាប់ពី​ដើមឆ្នាំ​ក្រោយ​តទៅ​ដោយ​ទទួលបាន​ប្រាក់ ៧០៨​លាន​ដុល្លារ ស្រប​ពេលដែល​ក្លិប​នេះ​កំពុង​ខិតជិត​លើ​កិច្ចព្រមព្រៀង​បន្ត​កិច្ចសន្យា​ជាមួយ Lionel Messi ដែលមាន​តម្លៃ ៣០៤​លាន​ផោន ប្រហែល​ជាង ៤០២​លាន​ដុល្លារ​។​



​វិទ្យុ Catalunya បានប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២៦ ខែតុលា​នេះ ថា​ក្លិប​ដែលមាន​មូលដ្ឋាន​ក្នុង​រដ្ឋ​ស្វយ័ត Catalonia មួយ​នេះ​កំពុង​ចរចា​ជាមួយ​ក្រុមហ៊ុន​ឱសថ​យក្ស Grifols លើ​កិច្ចព្រមព្រៀង​មួយ​ដែលមាន​តម្លៃ ៥៣៥​លាន​ផោន ប្រមាណ​៧០៨​លាន​ដុល្លារ ដើម្បី​យកមក​ជួសជុល​នៅ​ជុំវិញ​បរិវេន​កីឡដ្ឋាន និង​ចំណាយ​លើ​កិច្ចសន្យា​ថ្មី​ជាមួយ Messi​។​



​ក្រុមហ៊ុន Grifols មាន​មូលដ្ឋាន​នៅ​ទីក្រុង Barcelona និង​ស្ថិតក្នុង​ផ្សារ​ហ៊ុន​អេ​ស្ប៉ា​ញ​កំពូលៗ​ទាំង​៣៥​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​រួច​។ ក្រុម​រហស្សនាម​អ្នកមាន​បុណ្យ សង្ឃឹមថានឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​នៅក្នុង​ឆ្នាំ​ថ្មី​នេះ​បន្ទាប់ពី​បានដាក់​សំណើ​ទៅ​អ្នកគាំទ្រ​រួចមក​។​

​បើតាម DailyMail ទោះបីជា​ការជួសជុល​កីឡដ្ឋាន​មិនទាន់រួច​តាម​ការគ្រោងទុក​ក្នុង​ឆ្នាំ​២០១៩​ក្តី ប៉ុន្តែ​ឈ្មោះ​ថ្មី [Nou Camp Grifols] នឹងត្រូវ​ផ្តាស់​ប្តូរ​ចាប់ពី​ឆ្នាំក្រោយ​តទៅ​។​





​មួយវិញទៀត Barcelona ក៏​សង្ឃឹម​ផងដែរ​ថា នឹង​ប្រកាស​ពី​កិច្ចព្រមព្រៀង​ថ្មី​ជាមួយ​ក្រុមហ៊ុន​បរិក្ខា​កីឡា Nike នៅ​ឆ្នាំក្រោយ ហើយក៏​កំពុង​ស្វែងរក​អ្នក​ឧបត្ថម្ភ​លើ​ឯកសណ្ឋាន​ហ្វឹកហាត់​របស់​ពួកគេ​ដែរ​៕


Tag:
 បាល់ទាត់ Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com