ជាតិ
សង្គមជាតិ
ខេត្ត​កំពង់ស្ពឺ មាន​​ពិធី​ប្រណាំងទូក រយៈពេល ២ ថ្ងៃ នៅ​សួនច្បារ​សម្ដេចព្រះសង្ឃរាជ ជួន ណាត​
26, Oct 2017 , 8:50 pm        
រូបភាព
រូបពីហ្វេសប៊ុករដ្ឋបាលខេត្តកំពង់ស្ពឺ
រូបពីហ្វេសប៊ុករដ្ឋបាលខេត្តកំពង់ស្ពឺ
​រដ្ឋបាលខេត្ត​កំពង់ស្ពឺ នឹង​រៀបចំ​ពិធី​ប្រណាំងទូក រយៈពេល ២​ថ្ងៃ ពីថ្ងៃ​ទី​២៧ ដល់ទី​២៨ ខែតុលា ឆ្នាំ​២០១៧ ដើម្បី​អបអរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ​។ ព្រឹត្តិការណ៍​នេះ  នឹង​រៀបចំឡើង នៅ​វិមាន​សម្ដេចព្រះសង្ឃរាជ ជួន ណាត និង​តាម​បណ្ដោយ​ដងស្ទឹង​ព្រែក​ត្នោត នា​ខេត្តកំពង់ស្ពឺ​។​



​លោក សរ សុ​ពុ​ត្រា អភិបាលរង​ខេត្ត​កំពង់​ស្ដឺ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា ការរៀបចំ​ពិធី​ប្រណាំងទូក​នេះ ដើម្បី​អបអរ និង​ផ្ដល់​ភាពសប្បាយ​រីករាយ​ដល់​ពលរដ្ឋ​ក្នុង​ខេត្តកំពង់ស្ពឺ ជាពិសេស ឲ្យ​ប្រជាពលរដ្ឋ បាន​យល់ដឹង​ពី​ទំនៀមទម្លាប់ ប្រពៃណី និង​មរតក​របស់​ខ្មែរ​។ លោក សរ សុ​ពុ​ត្រា បន្ថែមថា ក្នុង​ព្រឹត្តិការណ៍​នេះ ក៏មាន​ផ្សព្វផ្សាយ​ពី​គ្រោះថ្នាក់​ចរាចរណ៍ និង​ផលប៉ះពាល់​របស់​គ្រឿងញៀន ដល់​យុវជន និង​ពលរដ្ឋ ឲ្យ​បាន​យល់ដឹង​ផងដែរ​។​
 
​អភិបាលរង​ខេត្ត​រូបនេះ បន្តថា ក្នុង​ព្រឹត្តិការណ៍​នេះ នឹងមាន​ការប្រគុំ​តន្ត្រី​កម្សាន្ត ការតាំងពិព័រណ៍ ការប្រណាំង​ទូក និង​ការបាញ់​កាំជ្រួច​។ លោក សរ សុ​ពុ​ត្រា បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការប្រណាំង​ទូក​នេះ មានការ​ចូលរួម​ពី​មន្ទីរ ស្ថាប័ន និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​នេះ​ផ្ទាល់​។ ជាមួយគ្នានេះ ក្នុង​ព្រឹត្តិការណ៍​នេះ មាន​ទូក​ចូលរួម​ប្រណាំង​ចំនួន ៣៣​ទូក ដោយ​ទូក​ខ្នាត​អន្តរជាតិ មាន​ចំនួន ៤​ទូក​ផងដែរ​។​
 
​នេះ​ជា​ព្រឹត្តិការណ៍​ទី​៤​ហើយ ដែល​រដ្ឋបាល​ខេត្តកំពង់ស្ពឺ សហការ​ជាមួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ដើម្បី​រៀបចំ​កម្មវិធី​នេះ​។ បន្ថែម​លើ​នេះ កាលពី​ឆ្នាំ​២០១៦​កន្លងទៅ ព្រឹត្តិការណ៍​នេះ មាន​ប្រជាពលរដ្ឋ​ចូលរួម​កម្សាន្ត​ជាង ១​លាន​នាក់​។ លោក សរ សុ​ពុ​ត្រា សង្ឃឹមថា ពិធី​ប្រណាំងទូក​ក្នុងឆ្នាំនេះ នឹងមាន​អ្នកចូលរួម​ច្រើនជាង​ឆ្នាំមុន ព្រោះ​ឆ្នាំនេះ មាន​កម្មវិធី​កម្សាន្ត​សប្បាយ​ប្លែកៗ និង​កាន់តែ​ធំ​ជាង​ឆ្នាំមុន​។​
 
​សូមបញ្ជាក់ថា នា​ថ្ងៃទី​០២-០៤ ខែវិច្ឆិកា ជា​ថ្ងៃ​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ រដ្ឋបាលខេត្ត​កំពង់ស្ពឺ នឹង​រៀបចំ​ការប្រគំ​តន្ត្រី និង​ការបាញ់​កាំ​ជ្រួញ រយៈពេល​៣​ថ្ងៃ បន្ថែមទៀត​ផងដែរ​៕ 

Tag:
 កំពង់ស្ពឺ​
  អុំទូក​
  សរ សុ​ពុ​ត្រា
© រក្សាសិទ្ធិដោយ thmeythmey.com