ជាតិ
កម្ពុជា​បានកំណត់​ត្រា​ពិភពលោក ចំពោះ​សិក្ខាសាលា​ធុរកិច្ច​ដែលមាន​អ្នកចូលរួម​ច្រើន​
30, Oct 2017 , 5:30 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កម្ពុជា​បំបែក​កំណត់ត្រា​ពិភពលោក (Guinness World Records) លើ​សិក្ខាសាលា​ស្ដីពី​ធុរកិច្ច​ដែលមាន​លក្ខណៈ​អនុវត្ត​ជាក់ស្ដែង​ធំ​បំផុត​ក្នុង​ពិភពលោក (New World Record for The Largest Practical Business Seminar)​។ នេះ​បើតាម​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ដោយ​គេហទំព័រ​របស់​ហ្គី​ណេ​ស​។​



​កាលពី​ថ្ងៃទី​២៤​ខែសីហា​ឆ្នាំនេះ នៅ​រាជធានី​ភ្នំពេញ ក្រសួង​អប់រំ យុវជន និង​កីឡា បានរៀបចំ​សិក្ខាសាលា​មួយ​ដើម្បី​បំបែ​កំណត់ត្រា​ពិភពលោក​។ សិក្ខាសាលា​នោះ គឺ​ស្ដីពី​សហគ្រិនភាព​សម្រាប់​យុវជន​កម្ពុជា ដែលមាន​អ្នកចូលរួម ២៣០៤​នាក់ ដែលមាន​អាយុ​ចាប់ពី ១៥​ឆ្នាំ ដល់ ២៩​ឆ្នាំ​មកពី​ទូទាំងប្រទេស​។ បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ ហ្គី​ណេ​សបាន​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​កំណត់ត្រា​ថ្មី​សម្រាប់​សិក្ខាសាលា​នេះ នៅ​ថ្ងៃទី​៥​ខែតុលា ដែល​កំណត់ត្រា​នេះ​ត្រូវបាន​ផ្ដល់ជូន​ក្រសួង​អប់រំ​។

​កំណត់ត្រា​ដែល​កម្ពុជា​ទទួលបាន​នេះ បាន​បំបែក​កំណត់ត្រា​ចាស់ ដែល​រៀបចំឡើង​ក្នុងប្រទេស​ឥណ្ឌូនេស៊ី កាលពី​ឆ្នាំ​២០១៦ ដែលមាន​អ្នកចូលរួម​ចំនួន ១២៣១​នាក់ ចំពោះ​សិក្ខាសាលា​ប្រភេទ​ដូចគ្នានេះ​។​

​គួរ​បញ្ជាក់ថា សិក្ខាសាលា​ស្ដីពី​សហគ្រិនភាព​សម្រាប់​យុវជន​កម្ពុជា ដែល​ចូលក្នុង​កំណត់ត្រា​ពិភពលោក​នេះ ត្រូវបាន​រៀបចំឡើង ដើម្បី​លើកកម្ពស់​ការយល់ដឹង​របស់​យុវជន​ពី​សហគ្រិនភាព ដែលជា​ផ្លូវ​ឆ្ពោះទៅរក​ការងារ​សមរម្យ និង​ជំរុញ​អ្នក​ចាប់អារម្មណ៍​ក្នុង​ផ្នែក​នេះ ឲ្យ​ស្វែងយល់​ពី​សក្ដានុពល​រប​ស់​ខ្លួន និង​ចេះ​ត្រៀមខ្លួន​៕

Tag:
 Guinness World Records
© រក្សាសិទ្ធិដោយ thmeythmey.com