ក្រសួងការពារជាតិអាមេរិកបានបញ្ជូនយន្តហោះទម្លាក់គ្រាប់នុយក្លេអ៊ែរ B-2 មកកាន់តំបន់អាស៊ីនៅមុនដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ដូណាល់ ត្រាំមកកាន់តំបន់អាស៊ី ពោលគឺមកកាន់ប្រទេសចិន កូរ៉េខាងត្បូង និងជប៉ុននោះ។ ការបញ្ជូនយន្តហោះយុទ្ធសាស្ត្រ និងបំបាំងកាយមកកាន់តំបន់អាស៊ីនេះគឺដើម្បីបង្អួតសាច់ដុំយោធារបស់អាមេរិក ឆ្លើយតបនឹងកូរ៉េខាងជើងដែលបន្តគំរាមវាយប្រហារអាមេរិកនោះ។ ម្យ៉ាងវាក៏បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុងវ៉ាស៊ីនតោនក្នុងការការពារសម្ព័ន្ធមិត្តតំបន់មានកូរ៉េខាងត្បូង និងជប៉ុនផង ក្នុងកាលៈទេសៈបច្ចុប្បន្ននោះ។
យន្តហោះទម្លាក់គ្រាប់នុយក្លេអ៊ែរ B-2 ត្រូវបានគេបញ្ជូនមកកាន់តំបន់អាស៊ីនៅសប្តាហ៍នេះ។ បើតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Japan Times យន្តហោះយុទ្ធសាស្ត្រគីឡូធ្ងន់នេះចាកចេញពីមូលដ្ឋានទ័ពអាកាសអាមេរិក Whiteman នៅរដ្ឋ Missouri ដើម្បីមកចូលរួមប្រតិបត្តិការហ្វឹកហ្វឺនយោធាមួយនៅអាស៊ី។
យ៉ាងណាក៏ដោយមកដល់ពេលនេះគេមិនទាន់បានទទួលការបំភ្លឺពីទីបញ្ជាការយុទ្ធសាស្ត្រយោធាអាមេរិក ឬសេតវិមានអាមេរិកនៅឡើយទេពាក់ព័ន្ធការបញ្ជូនយន្តហោះប្រភេទនេះមកកាន់តំបន់អាស៊ី ហើយគេមិនទាន់ដឹងថាយន្តហោះនេះហោះហើរទៅកាន់ប្រទេសណាមួយឡើយក្នុងចំណោមជប៉ុន និងកូរ៉េខាងត្បូងនោះ។
វត្តមានយន្តហោះយុទ្ធសាស្ត្រគីឡូធ្ងន់ B-2 នេះកម្រឃើញមានវត្តមានណាស់។ គេឃើញយន្តហោះនេះហោះហើរនៅពីលើឧបទ្វីបកូរ៉េលើកចុងក្រោយបំផុតនៅក្នុង ២០១៣ នៅពេលដែលស្ថានកាណ៍តំបន់តានតឹងខ្លាំងនោះ។
ការសម្រេចបញ្ជូនយន្តហោះយុទ្ធសាស្ត្រទៅកាន់តំបន់ប៉ាស៊ីហ្វិកនេះកើតឡើងក្រោយដំណើរទស្សនកិច្ចរបស់ប្រមុខការពារជាតិអាមេរិក។ សប្តាហ៍មុនលោក ជេម ម៉ាទីស បានមកបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង ហើយលោកបានអញ្ជើញទៅកាន់តំបន់គ្មានកងទ័ព (DMC) ដែលខណ្ឌចែកកូរ៉េទាំងពីរផង។ នៅទីនោះលោក បានអះអាងថាអាមេរិកគ្មានគោលដៅធ្វើសង្គ្រាមជាមួយកូរ៉េខាងជើងឡើយ ហើយអាមេរិកនៅបន្តប្រើប្រាស់វិធានការការទូតដើម្បីបន្ថយភាពតានតឹង និងដោះស្រាយវិបត្តិ។ ប៉ុន្តែទោះជាបែបណាក៏ដោយ ប្រមុខការទូតអាមេរិករូបនេះបានព្រមានថា បើមានការវាយប្រហារពីសំណាក់កូរ៉េខាងជើងមែន អាមេរិកនឹងប្រើប្រាស់កម្លាំងយោធាទ្រង់ទ្រាយធំមិនខាន។
ទីភ្នាក់ងារកូរ៉េខាងត្បូង Yonhap បានផ្សាយថា ក្រុងសេអ៊ូលបានបង្ហាញឆន្ទៈរបស់ខ្លួនក្នុងការទទួលឲ្យអាមេរិកពង្រាយអាវុធយុទ្ធសាស្ត្រក្នុងទឹកដីខ្លួនដែរ ក្នុងពេលលោក ម៉ាទីស ទស្សនកិច្ចនៅកូរ៉េខាងត្បូងនោះ។ ការពង្រាយអាវុធនេះអាចធ្វើឡើងបានក្នុងពេលចាំបាច់ផងដែរ។
-យន្តហោះទម្លាក់គ្រាប់ហោះមកអាស៊ីមុនដំណើរទស្សនកិច្ចលោក ដូណាល់ ត្រាំ
គេកត់សម្គាល់ឃើញថា ការពង្រាយសព្វាវុធយុទ្ធសាស្ត្រមកក្នុងតំបន់នេះកើតឡើង ដំណើរទស្សនកិច្ចរបស់លោក ដូណាល់ ត្រាំ មកកាន់តំបន់អាស៊ីជាលើកដំបូងនៅសប្តាហ៍នេះ។
តាមពិតទៅ ការបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកនេះមកកាន់តំបន់អាស៊ីនៅមុនទស្សនកិច្ចរបស់ប្រធានាធិបតី ជាការបង្ហាញពីការប្តេជ្ញាចិត្តមួយរបស់ក្រុងវ៉ាស៊ីនតោនក្នុងការការពារសម្ព័ន្ធមិត្តក្នុងតំបន់មានកូរ៉េខាងត្បូង និងជប៉ុនជាដើមផង។
ការបញ្ជូនសព្វាវុធយុទ្ធសាស្ត្រប្រភេទនេះជាចេតនារបស់ក្រុងវ៉ាស៊ីនតោនក្នុងការកំញើញក្រុងព្យុងយ៉ាងដែលបន្តបង្ករឿងដោយបាញ់សាកល្បងមីស៊ីលឥតឈប់ឈរនោះ។ មិនត្រឹមតែប៉ុណ្ណោះរបបដឹកនាំកូរ៉េខាងជើងក៏គំរាមវាយប្រហារមូលដ្ឋានទ័ពអាមេរិកនៅប៉ាស៊ីហ្វិក និងអួតអាងថា ខ្លួនមានមីស៊ីលដែលអាចបាញ់ដល់ដីអាមេរិកថែមទៀត។
ត្រឡប់មកវិញលោក ត្រាំ នឹងផ្តើមទស្សនកិច្ចនេះដោយអញ្ជើញទៅប្រទេសជប៉ុន មុនបន្តទៅចិន និងកូរ៉េខាងត្បូង ហើយប្រធានបទជាច្រើនដែលនឹងត្រូវយកមកពិភាក្សាជាពិសេសបញ្ហាសន្តិសុខតំបន់តែម្តង។ លោកនឹងជួបជាមួយលោក ស៊ីនហ្សូអាបេ ដោយមេដឹកនាំទាំងពីរនឹងចំណាយពេលពិភាក្សាពីបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើងផងដែរ។
នៅចិន លោក ត្រាំនឹងជួបជាមួយប្រធានាធិបតី ស៊ី ជិនភីង ដើម្បីពិភាក្សាពីទំនាក់ទំនងទ្វេភាគី និងបញ្ហាសន្តិសុខតំបន់ដូចគ្នាដែរ។ មេដឹកនាំអាមេរិកនឹងលើកយកបញ្ហានុយក្លេអ៊ែរកូរ៉េដាក់លើតុពិភាក្សា និងជំរុញឲ្យចិនដាក់សម្ពាធលើរបបដឹកនាំនេះបន្ថែមទៀតផង។
ពេលបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង លោក ត្រាំ នឹងជួបពិភាក្សាទ្វេភាគីជាមួយសមភាគីលោក មូន ចេអ៊ីន ហើយកិច្ចពិភាក្សានេះក៏សុទ្ធតែផ្តោតលើបញ្ហាសន្តិសុខតំបន់ដូចគ្នា។ ប៉ុន្តែអ្វីដែលសំខាន់ លោក ត្រាំ មិនអញ្ជើញទៅតំបន់គ្មានយោធានៅព្រំដែនកូរ៉េទាំងពីរឡើយ។ ជំនួសមកវិញលោក ត្រាំ ទៅទស្សនកិច្ចនៅមូលដ្ឋានទ័ពអាមេរិកនៅក្រុងសេអ៊ូលវិញ៕