អន្តរជាតិ
លោក ត្រាំ នឹង​ជំរុញ​តុល្យភាព​ពាណិជ្ជកម្ម និង​រំសាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ពេល​ទស្សន​កិច្ច​នៅ​ចិន​
31, Oct 2017 , 2:31 pm        
រូបភាព
រូបភាព៖ Xinhua
រូបភាព៖ Xinhua
​មន្ត្រីជាន់ខ្ពស់​ក្រុង​វ៉ាស៊ីនតោន​បានបញ្ជាក់ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នឹង​ជជែក​ពិភាក្សា​ពី​ទំនាក់​ទំនាក់​សេដ្ឋកិច្ច​រវាង​ចិន​និង​អាមេរិក​ពេលដែល​លោក​ជួប​ជាមួយ​សម​ភាគី​ចិន​លោក ស៊ី ជិន​ភីង នៅក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ចិន​ថ្ងៃទី ៨​ខែវិច្ឆិកា​ខាងមុខ​។ ប្រធានាធិបតី នឹង​ប្រឹងប្រែង​ដើម្បី​ធានា​ឲ្យ​មាន​តុល្យភាព​ពាណិជ្ជកម្ម​ទ្វេភាគី និង​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង​ផង​។



​ឧបការី​រង​ប្រធានាធិបតី និង​ជា​នាយករង​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ Everett Eissenstat បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​តាម​ទូរ​សព្ទ​ថ្ងៃ​ចន្ទ​ទី ៣០ ខែវិច្ឆិកា​ថា លោក ដូ​ណា​ល់ ត្រាំ លើកយក​បញ្ហា​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ទៅ​ពិភាក្សា​ជាមួយ​សម​ភាគី​ចិន​លោក ស៊ី ជិន​ភីង​។

«​ស្ថិតក្នុង​ប្រទេស​ចិន ប្រធានាធិបតី​ត្រាំ នឹង ស្វះស្វែង​ធ្វើយ៉ាងណា​លើកស្ទួយ និង​ធ្វើ​ឲ្យ​មាន​តុល្យភាព​ក្នុង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ចិន​។ ដើម្បី​រក្សាបាន​នូវ​ពាណិជ្ជកម្ម​ទ្វេភាគី​យូរអង្វែង ចិន​ត្រូវ​រក្សាបាន​នូវ​អនុវត្ត​ច្បាប់​ត្រឹមត្រូវ យុត្តិធម៌ និង​ផ្តល់​ប្រយោជន៍​គ្នា​ទៅវិញទៅមក​ដល់​ក្រុមហ៊ុន​អាមេរិក និង​បញ្ឈប់​ការអនុវត្ត​ពាណិជ្ជកម្ម និង​ការវិនិយោគ​មិន​ត្រឹមត្រូវ​។  រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ យើង​ឃើញ​មានការ​លំបាក និង​ការយឺតយ៉ាវ​របស់​ចិន​ក្នុង​ការដើរ​ឆ្ពោះទៅរក​សេដ្ឋកិច្ច​ទីផ្សារ​សេដ្ឋកិច្ច​»​។ លោក Everett Eissenstat បាន​ថ្លែង​ដូច្នេះ​។​

​លោក​បាន​បន្ថែមថា ក្នុងពេលនោះ​លោក ត្រាំ នឹង​ឆ្លៀតឱកាស​ស្នើ​ឲ្យ​ចិន​បន្ត​គោរព​តាម​គោលការណ៍​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​ធានា​ឲ្យ​បាន​នូវ​តុល្យភាព​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​ផង​។​

​ពាក់ព័ន្ធ​បញ្ហា​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ចិន និង​អាមេរិក ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ក្រុង​វ៉ាស៊ីនតោន​លោក Cui Tiankai យល់ឃើញថា វត្តមាន​លោក ត្រាំ នៅ​ចិន​នឹង​នាំមក​នូវ​លទ្ធផល​គាប់ប្រសើរ​ច្រើន​ជាពិសេស​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ធ្វើ​ឲ្យ​ចំណង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​កាន់តែ​ស៊ីជម្រៅ​ផង​។​

​បើតាម​សារព័ត៌មាន​ចិន South China Morning Post លោក Cui Tiankai បាន​ថ្លែង​ដូច្នេះ​៖ «​ខ្ញុំ​មាន​ទំនុកចិត្ត​ថា វា​នឹងមាន​លទ្ធផល​ល្អ​លើ​បញ្ហា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​។ ពាណិជ្ជកម្ម​ដែ​លើស​ក្នុង​រយៈពេល​វែង​មិន​ជួយ​សេដ្ឋកិច្ច​ចិន​ឡើយ ហើយ​វា​ប្រហែល​ធ្វើ​ឲ្យ​ប៉ះពាល់​សេដ្ឋកិច្ច​ចិន​ទៀត​។ យើង​ចង់​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ដែលមាន​តុល្យភាព​ដែរ​»​។ 
 ក្រៅពី​បញ្ហា​ពាណិជ្ជកម្ម លោក Cui រំពឹងថា លោក ស៊ី ជិន​ភីង និង​លោក ដូ​ណា​ល់ ត្រាំ នឹងមាន​លទ្ធភាព​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​ច្រើន​ជាពិសេស​គឺ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ និង​កំណត់​ផ្លូវ​ដែល​អនុញ្ញាត​ឲ្យ​ភាគី​ទាំងពីរ​អាច​ដោះស្រាយ​បញ្ហា​នេះ​រួមគ្នា​បាន​។ 

​ក្នុង​ដំណើរ​ទស្សនកិច្ច​មកកាន់​អាស៊ី​លើក​នេះ បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ជា​ប្រធានបទ​សំខាន់​ស្ថិតក្នុង​ចិត្ត​ប្រធានាធិបតី​។ លោក​ត្រៀម​យក​បញ្ហា​នេះ​ទៅ​ជជែក​ជាមួយ​លោក ស៊ីន​ហ្សូ អា​បេ នាយករដ្ឋមន្ត្រី​ជប៉ុន ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូ​ន ចេ​អ៊ី​ន និង​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ភីង ផងដែរ​។

​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​ស្ថានការណ៍​ជារួម​នៅ​ឧបទ្វីប​កូរ៉េ​កាន់តែ​តានតឹង​ខ្លាំង ដោយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន និង​លោក ត្រាំ បន្ត​សង្គ្រាមពាក្យសម្តី​ទៅវិញទៅមក​។ មេដឹកនាំ​អាមេរិក​បាន​គំរាម​ប្រើប្រាស់​កម្លាំង​ទ័ព​ដើម្បី​កម្ទេច​របប​ដឹកនាំ​កូរ៉េខាងជើង ខណៈដែល​កូរ៉េខាងជើង​អួតអាង​ថា​ខ្លួន​មាន​មី​ស៊ី​ល​ដែល​បាញ់​ដល់​ទឹកដី​អាមេរិក​ថែមទៀត​ផង​។

​បើតាម​សម្តី​ឧបការី​រង​ប្រធានាធិបតី​អាមេរិក និង​ជា​នាយក​ទទួលបន្ទុក​កិច្ចការងារ​អាស៊ី​បូព៌ា​លោក Matt Pottinger ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃ​ចន្ទ​ដដែល លោក ដូ​ណា​ល់ ត្រាំ ក៏​នឹង​យក​ឱកាស​នោះ​ជំរុញ​ឲ្យ​ចិន​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង​ផងដែរ​។ ក្រុង​វ៉ាស៊ីនតោន​ជឿជាក់ថា មហា​យក្ស​ចិន​មាន​ឥទ្ធិពល​ខ្លាំង​លើ​កូរ៉េខាងជើង និង​ជា​ខ្នងបង្អែក​ដ៏​ធំ​មួយ​របស់​កូរ៉េខាងជើង​ដែរ​។ ចិន​ចង់​ឲ្យ​ចិន​ដាក់​ចំណាត់ការ​តឹងរ៉ឹង​ដើម្បី​ដាក់​គំ​នាម​កូរ៉េខាងជើង​ផង និង​កាត់ផ្តាច់​លំហូរ​ហិរញ្ញវត្ថុ​ដែលជា​ខ្យល់​ដង្ហើម​របប​ដឹកនាំ គីម ជុង​អ៊ុន​ផង​នោះ​។​

​សូមបញ្ជាក់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នឹង​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​មកកាន់​តំបន់​អាស៊ី​ជា​លើកដំបូង​នៅ​ថ្ងៃ ៣ វិច្ឆិកា​ខាងមុខ​។ ដំណើរ​ទស្សនកិច្ច​រប​ស់លោក ត្រាំ ផ្តើម​នៅ​ប្រទេស​ជប៉ុន មុន​បន្តទៅ​កូរ៉េខាងត្បូង ចិន វៀតណាម និង​ហ្វីលីពីន​។ រដ្ឋ​ហា​វ៉ៃ​ជា​គោលដៅ​ចុងក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក ត្រាំ​៕


Tag:
 ដូ​ណា​ល់ ត្រាំ​
  ស៊ី ជិន​ភីង​
  Everett Eissenstat
  Matt Pottinger
© រក្សាសិទ្ធិដោយ thmeythmey.com