ជាតិ
និស្សិត​ខ្មែរ​ពីររូប​កំពុង​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​ដល់​សិស្ស​ជប៉ុន​
31, Oct 2017 , 3:41 pm        
រូបភាព
​យុវតី ច​ន គីម​ហ័ង និង​យុវជន សុខ​ហ៊ួ ហ៊ី​ហ្វុ​ង ទើបបាន​ទៅដល់​ប្រទេស​ជប៉ុន​ជា​លើកដំបូង​កាលពី​ថ្ងៃទី​២៩​ខែតុលា ក្នុង​បេសកកម្ម​១០​ថ្ងៃ​នៃ​ការផ្សព្វផ្សាយ​វប្បធម៌ និង​អរិយធម៌​កម្ពុជា​ដល់​សិស្សានុសិស្ស​ជប៉ុន​។ ក្នុង​ក្របខណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​សាកលវិទ្យាល័យ ជូ​អូ (Chuo University) និង​សាកល​វិទ្យា​ភូមិន្ទ​ភ្នំពេញ និស្សិត​ដេ​ប៉ា​តឺ​ម៉​ង់​ភាសា​ជប៉ុន​ទាំង​ពីររូប​ត្រូវបាន​ជ្រើសរើស​ឲ្យ​បំពេញបេសកកម្ម​នេះ​នៅ​ប្រទេស​ជប៉ុន​ពីថ្ងៃ​ទី​២៩​ខែតុលា​ដល់​ថ្ងៃទី​៩​ខែវិច្ឆិកា​។​



​សំលៀកបំពាក់​ជា​ក្រមា​ខ្មែរ មួក​ស្លឹកត្នោត របាំ​រាំវង់ និង​របៀប​សំពះ​របស់​ខ្មែរ​ជាដើម​បាន​ទៅដល់​ខេត្ត ស៊ី​ហ្សឹះ​អូ​កា (Shizuoka) នៃ​ប្រទេស​ជប៉ុន​តាមរយៈ​ប្រតិភូ​ខ្មែរ​តូច​មួយ​។ ច​ន គីម​ហ័ង និង សុខ​ហ៊ួ ហ៊ី​ហ្វុ​ង និស្សិត​នៃ​ដេ​ប៉ា​តឺ​ម៉​ង់​ភាសា​ជប៉ុន​ឆ្នាំ​ទី​៣ ដែល​ដឹកនាំ​ដោយ​លោក គឹម នី​ពិសិដ្ឋ ដែលជា​អ្នកសម្របសម្រួល កំពុង​ធ្វើ​ទស្សនកិច្ច​នៅតាម​សាលាបឋមសិក្សា​ចំនួន​៥​នៅក្នុង​ខេត្ត​ភាគ​កណ្តាល​នៃ​ប្រទេស​ជប៉ុន​។ គោលដៅ​បន្ត​គឺ​សាលាបឋមសិក្សា សាកលវិទ្យាល័យ និង​ស្ថាប័ន​មួយចំនួនទៀត​នៅក្នុង​ទីក្រុង​តូ​ក្យូ​។​



​មុននឹង​ចាកចេញ​ពី​ប្រទេស​កម្ពុជា លោក គឹម នី​ពិសិដ្ឋ អ្នកដឹកនាំ​និស្សិត​ខ្មែរ​ទាំងពីរ​រូប​បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​អំពី​សារប្រយោជន៍​នៃ​ទស្សនកិច្ច​បែប​វប្បធម៌​របស់​និស្សិត​នៃ​ដេ​ប៉ា​តឺ​ម៉​ង់​ភាសា​ជប៉ុន​នៅ​ប្រទេស​ជប៉ុន ក្នុង​គោលដៅ​បង្ហាញ​វប្បធម៌​ខ្មែរ​ដល់​ប្រជាជន​ជប៉ុន​។ អ្នកសម្របសម្រួល​ដដែល​នេះ​បញ្ជាក់​យ៉ាង​ដូច្នេះ​៖«​និស្សិត​ខ្មែរ​ទាំងពីរ​នាក់ នឹងមិន​ត្រឹមតែ​នាំ​ប្រពៃណី វប្បធម៌ និង​អរិយធម៌​ខ្មែរ​ទៅ​បង្ហាញ​ដល់​សិស្ស​និស្សិត​ជប៉ុន​ប៉ុណ្ណោះ​ទេ ទស្សនកិច្ច​នេះ​ក៏​នឹង​បង្រៀន​និស្សិត​ទាំងពីរ​នាក់​ឲ្យ​ស្គា​ល់ពី​ប្រទេស​ជប៉ុន​ដូចគ្នា​ដែរ​។ ទាំងនេះ គឺជា​ការពង្រឹង​មិត្តភាព​កម្ពុជា​ជប៉ុន​តាមរយៈ​វប្បធម៌​»​។​

​ក្នុង​រយៈពេល​១០​ថ្ងៃ​នៃ​បេសកកម្ម​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ គីម​ហ័ង និង​ហ៊ី​ហ្វុ​ង ក៏​នាំយក​ពិធី​សងគុណ​ឪពុកម្តាយ ពិធីបុណ្យ​ភ្ជុំ ប្រវត្តិ​នៃ​ប្រាសាទអង្គរវត្ត បាយ័ន តា​ព្រហ្ម ភ្នំ​បាក់​ខែង​ទៅ​បង្ហាញ​ប្រជាជន​ជប៉ុន​ផងដែរ​។​



​នៅក្នុង​បន្ទប់​ការិយាល័យ​មួយ​នៃ​អគារ​ដេ​ប៉ា​តឺ​ម៉​ង់​ភាសា​ជប៉ុន​ក្នុង​វិទ្យាស្ថាន​ភាសាបរទេស (IFL) ហ៊ី​ហ្វុ​ង និយាយប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​ថា គាត់​ពិតជា​សប្បាយចិត្ត និង​មាន​មោទនភាព​ដែល​ត្រូវបាន​ជ្រើសរើស​ឲ្យ​ធ្វើជា​អ្នក​ផ្សព្វផ្សាយ​កម្ពុជា​នៅ​ប្រទេស​ជប៉ុន​។ ហ៊ី​ហ្វុ​ង បន្តថា មាន​ប្រជាជន​ជប៉ុន​មួយចំនួន​មិនបាន​ស្គាល់​កម្ពុជា ហើយ​អ្នក​មួយចំនួនទៀត​ស្គាល់​កម្ពុជា​ក្នុង​រូបភាព​មិនល្អ ដូចជា​ថា កម្ពុជា​ជា​ប្រទេស​ក្រីក្រ សម្បូរ​អ្នកសុំទាន​ជាដើម​។ «​ខ្ញុំ​ចង់បង្ហាញ​ពីអ្វី​ដែល​ល្អៗ​របស់​កម្ពុជា​។ ដូច្នេះហើយ​បានជា​យើង​នាំយក​ពិធី​ជា​ប្រពៃណី​ដូចជា​ភ្ជុំបិណ្ឌ​ដែល​ស្រដៀង​គ្នា​នឹង​បុណ្យ​ដឹងគុណ​មនុស្ស​ចាស់​របស់​ជប៉ុន​ដែរ យើង​នាំយក​វត្ថុ​វប្បធម៌ មួក​ស្លឹកត្នោត ក្រមា របាំ​ប្រពៃណី ទៅ​បង្ហាញ​កុមារ និង​ប្រជាជន​ជប៉ុន​»​។​

​បើទោះជា​ប្រទេស​អភិវឌ្ឍ​ដូចជា​ជប៉ុន​មាន​អ្វីៗ​ច្រើន​ដែល​កម្ពុជា​អាច​មិនទាន់មាន ប៉ុន្តែ​ទស្សនកិច្ច​របស់​និស្សិត​ខ្មែរ​ទាំងពីរ​នាក់​ក៏មាន​បំណង​បង្ហាញ​ជប៉ុន​វិញ​ថា កម្ពុជា​ក៏មាន​អ្វីដែល​ជប៉ុន​មិនមាន​ដែរ ឬក៏​ថាបើ​ទោះជា​កម្ពុជា​នៅ​ជា​ប្រទេស​កំពុងអភិវឌ្ឍន៍​ក្នុង​ក្របខណ្ឌ​សេដ្ឋកិច្ច​មែន ប៉ុន្តែ​កម្ពុ​ជាមាន​វប្បធម៌​សម្បូរបែប​យ៉ាងខ្លាំង​។​



​យុវតី គីម​ហ័ង ដែល​អង្គុយ​ក្បែរ​គ្នា​មិត្ត​រួម​ថ្នាក់​នោះ បាន​ជួយ​ឆ្លើយ​មិត្តភក្តិ​បន្ថែម​ដូច្នេះ​៖«​យើង​ចង់​ប្រាប់​ប្រជាជន​ជប៉ុន​ថា ជនជាតិខ្មែរ​ចេះ​ជួយ​យកអាសារ​គ្នា​នៅពេល​មាន​រវល់​។ ប្រទេស​ជប៉ុន​កំពុង​ជ្រើស​រើសយក​ជនជាតិខ្មែរ​ទៅធ្វើ​ការងារ​នៅ​មជ្ឈមណ្ឌល​ថែទាំ​មនុស្ស​ចាស់ ដោយ​ជប៉ុន​យល់ថា ជនជាតិខ្មែរ​យើង​ធ្វើ​ការងារ​បានល្អ​»​។​

​ក្នុង​រយៈពេល​១០​ថ្ងៃនេះ ច​ន គីម​ហ័ង និង សុខ​ហ៊ួ ហ៊ី​ហ្វុ​ង ដែលមាន​តួនាទី​ដូច​ទូត​សុច្ឆន្ទៈ​សម្រាប់​ការផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ កំពុងតែ​ផ្ទិ​ត​ផ្ចង់​និង​ប្រឹងប្រែង​បំពេញបេសកកម្ម​នេះ​ឲ្យ​បាន​ជោគជ័យ​ដើម្បី​ទង់ជាតិ​ខ្មែរ​។ យុវ​និស្សិត​ទាំងពីរ​នាក់​បាន​យល់​ដូចគ្នា​ថា ពួកគេ​កំពុង​ធ្វើជា​តំណាង​របស់​កម្ពុជា​នៅក្នុង​ប្រទេស​ជប៉ុន ដូច្នេះ​ការប្រព្រឹត្ត​របស់​ពួកគេ ក៏​កំពុង​ឆ្លុះបញ្ចាំង​ពី​កម្ពុជា​ដែរ​៕




Tag:
 Chuo University
  URPP
  ជប៉ុន​
  Shizuoka
 
© រក្សាសិទ្ធិដោយ thmeythmey.com