ជាតិ
មហាផ្ទៃ សម្រេច​ផ្អាក​សកម្ម​អង្គការ​សហព័ន្ធ​និស្សិត​បញ្ញវ័ន្ត​កម្ពុជា​
31, Oct 2017 , 8:39 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ បានសម្រេច​ផ្អាក​សកម្មភាព អង្គការ​សហព័ន្ធ​និស្សិត​បញ្ញវ័ន្ត​កម្ពុជា ដែល​បានធ្វើ​សកម្មភាព​បំពាន​នឹង​ច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​លក្ខន្តិកៈ​របស់​អង្គ​ការដែល​តម្កល់ទុក​នៅ​ក្រសួងមហាផ្ទៃ​។​



​តាមរយៈ​លិខិត​ដែល​ចុះហត្ថលេខា​ដោយ​សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ពន្យល់​ហេតុផល​ដូច្នេះ​៖«​ផ្អែក​តាម​បទ​ប្បញ្ញត្តិ មាត្រា​៣០ នៃ​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​អំពើ​បំពាន​ខាងលើនេះ ក្រសួងមហាផ្ទៃ​សម្រេច​ផ្អាក​សកម្មភាព អង្គការ​សហព័ន្ធ​និស្សិត​បញ្ញវ័ន្ត​កម្ពុជា ជា​បណ្ដោះអាសន្ន ក្នុង​រយៈពេល​៦០​ថ្ងៃ គិត​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ​»​។​



​បន្ថែម​ពីនេះ​ក្រសួងមហាផ្ទៃ បាន​បង្គាប់​ឲ្យ​អង្គការ​មួយ​នេះ ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​អំពី​លេខ​គណនី​សម្រាប់​ប្រតិបត្តិការ និង​ត្រូវ​ផ្ដល់​របាយការណ៍​បូកសរុប​សកម្មភាព​ការងារ និង​ហិរញ្ញវត្ថុ​ដល់​ក្រសួងមហាផ្ទៃ​ផងដែរ​។ ជាមួយគ្នានេះ​ក្រសួងមហាផ្ទៃ បាន​ប្រាប់​ឲ្យ​អង្គការ​សហព័ន្ធ​និស្សិត​បញ្ញវ័ន្ត​កម្ពុជា ធ្វើ​សកម្មភាព​ឲ្យ​បាន​អ​ព្យា​ក្រឹត្យ​ចំពោះ​គ្រប់​គណបក្សនយោបាយ ឲ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខន្តិកៈ​របស់​អង្គការ និង​ស្របតាម​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ក្នុងអំឡុង​ដែល​ផ្អាក​សកម្មភាព​បណ្ដោះអាសន្ន​នេះ​។

​ការផ្អាក​សកម្មភាពរ​បស់​អង្គការ​សហព័ន្ធ​និស្សិត​បញ្ញវ័ន្ត​កម្ពុជា ធ្វើឡើង​ក្រោយ​ពេលដែល​លោក ឡេង សេងហុង ប្រធាន​អង្គការ​មួយ​នេះ ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ បានចេញ​ដីការ​បង្ហាញខ្លួន នៅ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ឲ្យ​បាន​មុខ​ថ្ងៃទី​៣០ វិច្ឆិកា​ខាងមុខនេះ ដើម្បី​សាកសួរ​បំភ្លឺ​លើ​ករណី​«​ញុះញុង​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​»​។ ការចេញ​ដីកា​ឲ្យ​លោក ឡេង សេងហុង បង្ហាញខ្លួន ដោយសារតែ​ប្រធាន​អង្គការ​រូបនេះ បាន​អំពាវ​ឲ្យ​ក្រុមនិស្សិត ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ត្រៀម​ធ្វើបាតុកម្ម​អហិង្សា ប្រសិនជា​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​រំលាយ​៕


Tag:
 ស ខេង​
  NGO
© រក្សាសិទ្ធិដោយ thmeythmey.com